ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ថ្ងៃទី១ នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប បានទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះមកពី ១៦ គណបក្ស ក្នុងនោះមានបេក្ខជនសរុបចំនួន ៥១ ៩៥០ រូប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី៥ មីនានេះ បានឱ្យដឹងថា នៅថ្ងៃទី១ នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ គិតត្រឹមវេលាម៉ោង ៥:៣០ នាទី គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សរុបចំនួន ១៦ គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៥១ ៩៥០ រូប ក្នុងនោះស្រីសរុបចំនួន ១៤ ២២៩ រូប។
ក្នុងនោះ គណៈបក្សនយោបាយ និងបេក្ខជនឈរឈ្មោះនៃគណបក្សប្រជាជនកម្ពុជា មានចំនួន ២៥/២៥ រាជធានី ខេត្ត មានចំនួន ឃុំ សង្កាត់ ១ ៦២៧/១៦៥២ មានបេក្ខជនឈរឈ្មោះសរុប ២៦ ៩៦៧ រូប ស្រី ៦ ៩៤៩ រូប។
គណបក្សភ្លើងទៀន មានចំនួន ២៥ រាជធានី ខេត្ត មានចំនួន ឃុំ សង្កាត់ ៩៨៩/១ ៦៥២ មានបេក្ខជនឈរឈ្មោះសរុប ១៤ ២៧២ រូប ស្រី ៣ ០៩០ រូប។
គណបក្សខ្មែររួបរួមជាតិ មានចំនួន ២១/២៥ រាជធានី ខេត្ដ មានចំនួន ឃុំ សង្កាត់ ២០៤/១ ៦៥២ មានបេក្ខជនឈរឈ្មោះសរុប ២ ៩៧១ រូប ស្រី ១ ២១៨ រូប។
គណបក្សហ៊្វុនស៊ិនប៉ិច មានចំនួន ២០/២៥ រាជធានី ខេត្ត មានចំនួន ឃុំ សង្កាត់ ២១២/១ ៦៥២ មានបេក្ខជនឈរឈ្មោះសរុប ២ ៩៤២ រូប ស្រី ១០០០ រូប។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានចំនួន ១១/២៥ ជធានី ខេត្ត មានចំនួន ឃុំ សង្កាត់ ១៧/១៦៥២ មានបេក្ខជនឈរឈ្មោះសរុប ២៧៩ រូប ស្រី ៨៩ រូប។
បើតាម គ.ជ.ប បញ្ជាក់ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២៕