ភ្នំពេញៈ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឯកភាពឱ្យគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងប្រធានមន្ទីរពេទ្យជាតិ និងប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត ផ្តល់ឱសថ Molnupiravir 200mg ជូនដល់មន្ត្រីសុខាភិបាល និងមន្ត្រីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជួរមុខដែលបានឆ្លងវីរុសកូវីដ១៩ និងបានបញ្ជាក់ដោយតេស្ត PCR ហើយធ្វើការព្យាបាលនៅផ្ទះ។
នេះបើយោងតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូនទៅប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រធានមន្ទីរពេទ្យជាតិ និងប្រធានមណ្ឌលព្យាបាល ជំងឺកូវីដ១៩ រាជធានី ខេត្តទាំងអស់ កាលពីថ្ងៃទី៤ ខែមីនានេះ។
លោកបានថ្លែងថា៖ «ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ និងប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩ រាជធានី-ខេត្តទាំងអស់មេត្តាជ្រាបថា ក្នុងពេលបច្ចុប្បន្ន មានមន្ត្រីសុខាភិបាលជួរមុខ និងមន្ត្រីប្រយុទ្ធនឹងជំងឺកូវីដ១៩ មួយចំនួនបានឆ្លងវីរុសកូវីដ១៩ ហើយធ្វើការព្យាបាលនៅផ្ទះ។ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់មន្ត្រីទាំងនោះក្នុងការទិញឱសថព្យាបាលគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានទទួល ការយល់ព្រមជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តល់ឱសថ Molnupiravir 200mg ដោយមិនគិតថ្លៃជូនដល់មន្ត្រីសុខាភិបាលជួរមុខ និងមន្ត្រីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានឆ្លងវីរុសកូវីដ១៩ និងបានបញ្ជាក់ដោយតេស្ដ PCR ហើយធ្វើការព្យាបាលនៅផ្ទះ។ ឱសថ Molnupiravir 200mg នឹងត្រូវធ្វើការផ្តល់ជូនដោយអង្គភាពសាមី»។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ដើម្បីគ្រប់គ្រង និងអនុវត្តការផ្ដល់ជូនឱសថ Molnupiravir 200mg ចំនួន ៤០ គ្រាប់ (១ប្រអប់) ក្នុង ១ នាក់ ជូនបានទាន់ពេលវេលា ក្រសួងសុខាភិបាល បានណែនាំថា បន្ទាប់ពីបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ បានលទ្ធផលវិជ្ជមាន អង្គភាពសាមីត្រូវសម្របសម្រួលឱ្យអ្នកបច្ចេកទេសយកសំណាកបញ្ចូនមកមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាលដើម្បីធ្វើតេស្ត PCR។ ២ មន្ទីរពិសោធន៍ដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាល ធ្វើតេស្ត PCR ត្រូវសម្របសម្រួលធ្វើតេស្តជូនដោយមិនគិតថ្លៃ និងបញ្ជាក់តាមទម្រង់របាយការណ៍មន្ទីរពិសោធន៍ជូន។
ក្រសួងសុខាភិបាលបានបន្ថែមថា សាមីខ្លួនដែលត្រូវបានបញ្ជាក់លទ្ធផលវិជ្ជមានកូវីដ១៩ ដោយតេស្ត PCR ហើយគ្មានរោគសញ្ញាធ្ងន់ធ្ងរត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងត្រូវប្រើឱសថ Molnupiravir 200mg ឱ្យបានត្រឹមត្រូវតាមការណែនាំ។
អង្គភាពសាមីត្រូវស្នើសុំឱសថ Molnupiravir 200mg មកអនុគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ និងត្រូវធ្វើរបាយការណ៍ត្រឡប់មកអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល និងអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃ គ.អ.ក៕