ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ទៅ​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ត្រូវ​ចាត់វិធានការ​ចំពោះ​មន្ត្រីរាជការ​ដែលមាន​វិសមិតភាព​ក្នុងការ​បំពេញ​មុខងារ​សាធារណៈ និង​ការប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ឱ្យប្រញាប់​រួសរាន់​សម្រេច​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែមួយ​ដោយ​ទុក​រយៈពេល​ ៣ ​ខែ​គិតពី​ថ្ងៃ​ចេញ​សេចក្តី​ណែនាំ​នេះ​រួច​រាយការណ៍​មក​ក្រសួង​ ដើម្បី​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​បើ​មិន​អនុវត្ដ​តាម​។

យោងតាម​សេចក្ដី​ណែនាំ​របស់លោក ស ខេង ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ បាន​បញ្ជាក់ថា កន្លងមក​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដី​ណែនាំ​លេខ ០២៧ សណន ចុះ​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ​ ២០២០ ស្ដីពី​វិសមិតភាព​ក្នុង​ការបំពេញ​មុខងារ​សាធារណៈ និង​ការប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​របស់​មន្ដ្រីរាជការ​ក្រសួងមហាផ្ទៃ​ដល់​មន្ត្រីរាជការ​ចំណុះ​ក្រសួង​មហាផ្ទៃ​ឱ្យ​ជ្រើសរើស​យក​ការបំពេញ​មុខងារ​ជា​អ្នករាជការ​សាធារណៈ​ ឬ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី និង​តម្រូវឱ្យ​សាមីខ្លួន​ធ្វើការ​ជ្រើស​រើសយក​វិជ្ជាជីវៈ​តែមួយ​ដោយ​ត្រូវ​រៀបចំ​នីតិវិធី​ដើម្បី​ស្ថិតក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ណាមួយ​ ឬ​សុំ​នៅក្រៅ​បញ្ជី​នៃ​គណៈមេធាវី​។

ក្នុងន័យនេះ ដើម្បីឱ្យ​ការអនុវត្ត​សេចក្ដី​ណែនាំ​ខាងលើ​មាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់ ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​មន្ត្រីក្រោមឱវាទ​ក្រសួង​មហាផ្ទៃ និង​ចៀសវាង​មន្ដ្រីរាជការ​មាន​វិសមិតភាព​ក្នុងការ​បំពេញ​មុខងារ​សាធារណៈ និង​ការប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​បន្ថែម​ និង​មាន​វិធានការ​ចំពោះ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ឱ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​មេធាវី​ដែល​ស្ថិតក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ ឬ​សុំ​នៅក្រៅ​បញ្ជី​នៃ​គណៈមេធាវី​ជូន​គ្រប់​អង្គភាព​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ចំណុះ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​មន្ត្រី​​រាជការ​ដែល​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ខណៈពេល​កំពុង​បំពេញ​មុខងារសាធារណៈ​។ នេះ​បើតាម​សេចក្ដី​ណែនាំ​។

លោក ស ខេង បញ្ជាក់ថា​៖ «​ក្នុងករណី​ដែល​មន្ត្រីរាជការ​ចំណុះ​អង្គភាព​របស់ខ្លួន​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី និង​ពុំមាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​មេធាវី​ដែល​ស្ថិតក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ ឬ​សុំ​នៅក្រៅ​បញ្ជី​នៃ​គណៈមេធាវី ប្រធាន​អង្គភាព​ត្រូវ​ណែនាំ​សាមីខ្លួន​ឱ្យប្រញាប់​រួសរាន់​សម្រេច​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែមួយ​ដោយ​ទុក​រយៈពេល​ ៣ ​ខែ គិតពី​ថ្ងៃ​ចេញ​សេចក្តី​ណែនាំ​នេះ​»​។

លោក​រដ្ឋមន្ត្រី​បន្តថា​៖ «​បើ​សាមីខ្លួន​នៅតែ​ពុំ​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែមួយ​នោះទេ​ប្រធាន​អង្គភាព​ត្រូវ​រាយការណ៍​ជា​លាយលក្ខណ៍អក្សរ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ក្រសួង​ចាត់វិធានការ​ដោយ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​»​។

លោក ស ខេង បាន​ណែនាំ​ដល់​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង​ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត អភិបាល​នៃ​គណៈអភិបាល រាជធានី ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អភិបាល​នៃ​គណៈអភិបាលក្រុង ស្រុក ខណ្ឌ និង​អង្គភាព ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។

លោក លីវ សុវណ្ណា អគ្គលេខាធិការ គណៈមេធាវី​បាន​ថ្លែង​ដោយ​បញ្ជាក់​ជំហរ​គណៈមេធាវី ដោយ​គាំទ្រ សេចក្ដី​ណែនាំ​នេះ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​នេះ​ជា​ការពញ្ញាក់​ស្មារតី​ដល់​មន្ដ្រី ដែលជា​អ្នកមាន​តួនាទី​ជា​មេធាវី​ផង និង​ជា​មន្ដ្រី​សាធារណៈ​ក្រោម​ឱវាទ​ក្រសួង​ផង​។

លោក​បាន​ថ្លែងថា​៖ «​សេចក្ដី​ណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង នេះ គឺ​ស្របទៅនឹង​លក្ខន្តិកៈ​ជាមួយ​គ្នា​មេធាវី​យើង ក្នុងការ​ជំរុញ​ឱ្យមាន​ការអនុវត្ដ​ច្បាប់​។ គណៈមេធាវី​សូម​គាំទ្រ និង​សូម​ថ្លែង​អំណរគុណ សម្ដេច​ក្រឡាហោម ដែល​បានបញ្ជាក់​នូវ​ជំហរ​ច្បាស់លាស់​ទាក់ទង​នឹង​វិសមិតភាព​ក្នុងការ​បំពេញ​មុខងារ​សាធារណៈ​ និង​ការប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​នេះ​»​។ លោក​ ថា សិទ្ធិ ​របស់​មេធាវី​ម្នាក់ បើសិន​ជាមាន​ករណី​វិសមិតភាព ដើម្បីឱ្យ​ត្រូវ​ច្បាប់​មេធាវី​រូបនេះ​អាច​ស្នើសុំ​ព្យួរ នៅ​ស្ថាប័ន​ដែលមាន​លក្ខណៈ​ជា​វិសមិតភាព​នោះ ឬក៏​ស្នើសុំ​ព្យួរ​វិជ្ជាជីវៈ​មេធាវី​ដែល​អាច​ព្យួរ​ម្ដង​បាន​រយៈពេល ២ ឆ្នាំ ហើយ​អាច​ទៅ​បំពេញ​មុខងារ​ក្នុង​មុខងារសាធារណៈ​។ លោក​ថា​៖ «​គណៈមេធាវី ក៏​លើក​ទឹកចិត្ដ​ដល់​សាធារណជន និង​ក្រសួង ស្ថាប័ន​ផ្សេងៗ​បើ​បានដឹងថា មេធាវី​រូប​ណា​ដែលមាន​វិសមិតភាព ខុស​វិជ្ជាជីវៈ គឺអាច​ជួយផ្ដល់​ព័ត៌មាន​មក​គណៈមេធាវី​ក្នុង​ការចាត់​វិធានការ​វិន័យ​»៕

វីដេអូ៖