ភ្នំពេញៈ ក្រសួងយុត្តិធម៌នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីគម្រោងពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ក្រោមជាតិនាថ្ងៃទី ៧ ខែមីនា ជាមួយអង្គការអុកស្វាម ប្រចាំកម្ពុជា និងអង្គការនារី ដើម្បីសន្តិភាព ដើម្បីកាត់បន្ថយនូវការកកស្ទះសំណុំរឿងនៅតុលាការ និងបង្ខិតសេវាយុត្តិធម៌ឱ្យនៅកៀកពលរដ្ឋនៅមូលដ្ឋាន។
ក្រសួងយុត្តិធម៌បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៤ ខែមីនាថា ការចុះ MoU ជាមួយអង្គការអុកស្វាមប្រចាំកម្ពុជា គឺដើម្បីទទួលជំនួយផ្នែកហិរញ្ញវត្ថុក្នុងគម្រោងចំនួន ៣។
គម្រោងទី១ គឺគម្រោងរៀបចំ និងកសាងឯកសារគតិយុត្តចំនួន ៣ រួមមានស្តង់ដាអប្បរមាសម្រាប់ការទទួលស្គាល់វិជ្ជាជីវៈ សម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ, ក្រមសីលធម៌ សម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ, និងសៀវភៅប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួល វិវាទមូលដ្ឋាន។
គម្រោងទី២ គឺគម្រោងផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត និងការប្រតិបត្តិកិច្ចការរដ្ឋបាលសម្រាប់ខេត្តគោលដៅជាអតីតមណ្ឌលសេវាកម្មយុត្តិធម៌ ទាំង ១០ រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពត បាត់ដំបង បន្ទាយមានជ័យ ព្រៃវែងសៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី។
គម្រោងទី៣ គឺគម្រោងជំនួយផ្នែកហិរញ្ញវត្ថុក៏សម្រាប់គម្រោងបណ្តុះបណ្តាលបច្ចេកទេសសន្ធានកម្មដល់មន្ត្រីផ្តល់សេវាសន្ធានកម្មនៃការិយាល័យ នីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្នុងខេត្តកំពង់ធំ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សម្រាប់ការចុះ MoU ជាមួយអង្គការនារីដើម្បីសន្តិភាពវិញគឺដើម្បីទទួលជំនួយផ្នែកផ្តល់ការប្រឹក្សាទូទៅ និងការគាំទ្របច្ចេកទេស ក្នុងការពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគម្រោងចំនួន ៥។ គម្រោងទាំង ៥ នោះ រួមមានគម្រោងស្តង់ដារអប្បរមាសម្រាប់ការទទួលស្គាល់វិជ្ជាជីវៈ សម្រាប់សន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ, គម្រោងក្រមសីលធម៌ សម្រាប់សន្ធាន-ការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ, គម្រោងរៀបចំគោលនយោបាយជាតិស្តីពីសន្ធានកម្ម, គម្រោងធ្វើបច្ចុប្បន្នភាពសៀវភៅមេរៀនស្តីពីការណែនាំការសម្រុះសម្រួល ការចងក្រងសៀវភៅ ណែនាំការបណ្តុះបណ្តាល និងបង្វឹកក្រុមគ្រូបង្គោលសន្ធានកម្មថ្នាក់ជាតិ, និងគម្រោងកិច្ចខំប្រឹងប្រែងចាំបាច់ផ្សេងទៀត ក្នុងការពង្រឹងយន្តការសន្ធានកម្ម និងជំនាញសន្ធានការីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ជិនម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៦ មីនាថា ការចុះ Mou នៃគម្រោងនេះ គឺជួយដល់ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនៅថ្នាក់មូលដ្ឋាន ដែលជាទិសដៅអាទិភាពក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងការពង្រឹង ពង្រីកសេវាយុត្តិធម៌ ហើយបង្ខិតសេវាយុត្តិធម៌ឱ្យទៅដល់ថ្នាក់មូលដ្ឋាន។
លោកថ្លែងថា៖ «ទី ២ ទៀត វាបង្កើតនូវភាពសុខុដុមរមនា និងអាចជួយដល់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផង។ [កាលណា] ពលរដ្ឋមានជម្លោះទៅ គាត់ធ្វើការដោះស្រាយដោយសន្តិវិធីទៅ ហើយបញ្ចប់ទៅ គាត់ទទួលយក គាត់អាចរស់នៅជាមួយគ្នាដោយសុខុដុមរមនានៅមូលដ្ឋានហ្នឹង»។
អ្នកនាំពាក្យរូបនេះបន្តថា គោលដៅនៃគម្រោងនេះក៏នឹងចូលរួមដល់ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការផងដែរ ដោយសារវិវាទមួយចំនួនធំ ដែលជាវិវាទតូចៗផ្នែកស៊ីវិលត្រូវបានដោះស្រាយបញ្ចប់នៅមូលដ្ឋាន ដោយមិនចាំបាច់បញ្ជូនមកតុលាការនោះទេ ខណៈធនធាននៅតុលាការសម្រាប់គ្រប់វិវាទទាំងអស់នៅមានកម្រិតនៅឡើយ។
លោកបានថ្លែងថា៖ «អ៊ីចឹងវាជួយបង្កើនប្រសិទ្ធភាពការដោះស្រាយសំណុំរឿងនៅតុលាការ ហើយវាកាត់បន្ថយនូវការកកស្ទះសំណុំរឿងនៅតុលាការផងដែរ។ អ៊ីចឹងវាជាគោលដៅអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងការបង្កើនប្រសិទ្ធភាពសេវាយុត្តិធម៌ហើយនិងបង្ខិតសេវាយុត្តិធម៌ហ្នឹង ខិតទៅថ្នាក់មូលដ្ឋានទៅជិតប្រជាពលរដ្ឋហើយចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីថែរក្សានូវភាពសុខដុមរមនា ស្ថិរភាព និងសន្តិសុខនៅមូលដ្ឋានផងដែរ»៕