​ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​លើកឡើងថា ដោយសារ​កម្ពុជា​មិន​ព្រងើយកន្តើយ​នឹង​ប្រតិបត្តិ​​ការ​យោធា​ទ្រង់ទ្រាយ​ធំ​ពី​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ទើប​កម្ពុជា​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហ​​ប្រជាជាតិ ដែល​ថ្កោលទោស​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​​ក្រែ​ន ខណៈ​លោក​នៅតែ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់ ហើយ​នាំគ្នា​ចូល​តុ​ចរចា ដើម្បី​បញ្ចប់សង្គ្រាម​។​

​កម្ពុជា​កាលពី​ថ្ងៃទី​ ២ ខែមីនា បាន​បោះឆ្នោត​គាំទ្រ​​សេចក្តីសម្រេច​របស់​ម​ហាស​ន្និបាត​អង្គការសហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ជាបន្ទាន់ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ចិន ​បាន​បោះឆ្នោត​អនុបវាទ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ​ នៅ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី ​៧ ខែមីនា ​លោក ​ហ៊ុន សែន​ ថ្លែងថា ដោយសារ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ចេះតែ​បន្ត​រុលទៅមុខ ទើប​កម្ពុជា​សម្រេចចិត្ត​ចូលរួម​ធ្វើជា​សហ​ស្ថាបនិក​នៃ​សេចក្តីសម្រេច​នេះ ហើយ​ម្យ៉ាងទៀត​កម្ពុជា មិនអាច​ព្រងើយ​​កន្តើយ​នឹង​ការវាយលុក​ទ្រង់​​ទ្រាយ​ធំ ពី​ប្រទេសមួយ ចូលទៅ​ប្រទេស​មួយទៀត​បានទេ​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​បានជា​កម្ពុជា​ត្រូវប្រកាន់យក​ឥរិយាបថ​ជាក់លាក់​មួយ ព្រោះ​រឿងនេះ វា​មិនមែន​ស្ថិតនៅលើ​ថា អ្នកនេះ​មក​ចលនា អ្នក​នោះមក​ចលនា​ទេ​។ វា​ស្ថិតនៅ​បញ្ហា​ជា​គោល​​ការណ៍​របស់​រដ្ឋ​អធិបតេយ្យ​មួយ​ទាក់ទិន​នឹង​ការធ្វើ​សេចក្តីសម្រេច​ចិត្ត ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​គាំទ្រ ឬ​មិន​គាំទ្រ​។ ឥឡូវនេះ សង្គ្រាម​បន្ត​កាន់តែ​សាហាវ​ទៅ​»​។​

​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ចំនួន​ ១៩៣ ប្រទេស​មាន​ ១៨១ ប្រទេស​បាន​ចូលរួម​បោះឆ្នោត​។ ប្រទេស​ចំនួន​ ១៤១​ បាន​បោះ​​ឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ ដែល​ក្នុងនោះ ក៏មាន​កម្ពុជា​ផង​ដែរ​។ ចំណែក​ប្រទេស​ចំនួន ​៥ ​បាន​បោះឆ្នោត​ប្រឆាំង​សេចក្តី​​សម្រេច​នេះ​។ ប្រទេស​ចំនួន​ ៣៥ បាន​បោះឆ្នោត​អនុបវាទ ដែល​ក្នុងនោះ​ក៏មាន​ចិន វៀតណាម​ឡាវ គុយបា ឥណ្ឌា​ផងដែរ​។​

​កាលពី​ថ្ងៃទី ​៣ ខែមីនា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​អំពាវ​​នាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់ និង​បន្ត​ការសន្ទនា​នយោបាយ ដែល​នឹង​នាំទៅរក​សន្តិភាព​ប្រកបដោយ​និរន្តរភាព​នៅ​អ៊ុយ​​ក្រែ​ន​។​

​លោក ហ៊ុន សែន ថ្លែង​ដោយ​មិន​ជឿថា រុស្ស៊ី​អាច​យកឈ្នះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​នោះ​​ទេ ហើយ​អ៊ុយ​ក្រែ​ន​ក៏​មិនអាច​សម្លាប់​កងទ័ព​រុស្ស៊ី​ទាំងអស់​នៅលើ​ទឹកដី​ប្រទេស​អ៊ុយ​ក្រែ​ន ​បានដែរ​។ ជម្រើស​ដែល​ល្អ​ជាងគេ​គឺ​ការចរចា​ដែល​ធ្វើឱ្យ​ពិភព​​លោក​អាច​ធូរស្រាល ហើយ​ដើម្បី​អាច​ដំណើរ​ការចរចា​បាន គឺ​ត្រូវ​ចាប់ផ្តើម​ពីបទ​ឈប់​បាញ់​។​

​លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ជាការ​បន្ទរ​តាម​ក្រោយ​នៃ​សេចក្តី​​ថ្លែងការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​​បរទេស​អាស៊ាន យើង​អំពាវនាវ​ឱ្យមាន​ការឈប់​បាញ់ ហើយ​បើ​ហោចណាស់​មិនទាន់​ធ្វើ​អ្វី​បាន ឈប់​បាញ់​នៅនឹងកន្លែង​។ អ្នក​កម្លាំង​ណា​នៅ​កន្លែង​ណា​គឺ​នៅ​កន្លែង​ហ្នឹង ប៉ុន្តែ​ផ្អាក​បាញ់ ដើម្បី​កាត់បន្ថយ​នូវ​មហន្តរាយ​សម្រាប់​ប្រជាពលរដ្ឋ រួចហើយ​ចាប់ផ្តើម​ចរចា​»​។​

​ចំពោះ​ការចរចា​នោះ គឺ​លោកនាយក​រដ្ឋមន្ត្រី​បាន​យល់ស្រប​ជាមួយ​ទស្សនៈ​របស់លោក​វ៉ាង​វិ​ន​ធាន ​(Wang Wentian) ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ដែល​លើកឡើងថា ម្ខាង​ត្រូវ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ​ដើម្បី​ដោះស្រាយ​ជម្លោះ​ទ្វេភាគី តែ​ម្ខាង​ទៀត​គឺ​ត្រូវ​ចរចា​រវាង​អង្គ​​ការ​ណា​តូ​ (NATO) និង​អឺរ៉ុប ជាមួយនឹង​រុស្ស៊ី​ទាក់ទង​នឹង​ការ​​ព្រួយបារម្ភ និង​កង្វល់​សមស្របរបស់​រុស្ស៊ី​ពាក់ព័ន្ធ​ទៅលើ​សន្តិ​​សុខ​របស់ខ្លួន​។​

​ទោះយ៉ាងណា លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា កុំឱ្យ​ស្ម័គ្រចិត្ត​ចូលធ្វើ​ទាហាន​ជួយ​អ៊ុយ​ក្រែ​ន​ដូច​ប្រទេស​មួយចំនួន ដើម្បី​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ី​។ លោក​មិន​អនុ​​ញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​ក្នុង​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ហាម​​ឃាត់​មិនឱ្យ​យក​កម្លាំង​កងទ័ព​ចេញទៅ​ក្រៅប្រទេស និង​មាន​កម្លាំង​កងទ័ព​ពី​ក្រៅប្រទេស ចូលមក​បោះទីតាំង​នៅក្នុង​ប្រទេស​នោះទេ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការ​សហ​​ប្រជាជាតិ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ផ្តល់ឱកាស​ឱ្យទៅ​ទេ ព្រោះ​ទៅ​ហ្នឹង​ទី​១ អត់​មានអី​ដឹក​ទេ ហើយ​ទី​២ ​កុំ​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​។ ភ្លើង​វា​កំពុងតែ​ឆេះ​ហើយ​បើ​ឆេះ​ហើយ​នាំគ្នា​ពន្លត់ អំពាវនាវ​ឱ្យ​ពន្លត់ភ្លើង​ទៅ កុំ​បញ្ឆេះ​។​អានេះ​គ្រាន់តែ​ជាការ​​លើកទឹកចិត្ត​ចោល​ទេ​។ អ៊ុយ​​ក្រែ​ន គេ​មិន​ឱ្យចូល​ទ័ព​គេ​ទេ​។ កុំទៅ​ឆ្ងល់​ពេក ហើយ​យើង​គ្មាន​សមត្ថភាព​នឹងធ្វើ​បែប​ហ្នឹង​ទេ​»​។​

​លោក ហ៊ុន សែន បាន​ដក​​ស្រង់​សម្ដី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ពេលនេះ​អាទិភាព​កំពូល​របស់​អ៊ុយ​ក្រែ​ន គឺ​សន្តិភាព ហើយ​លោក​ក៏បាន​លើក​ពី​កម្ពុជា​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា ក៏បាន​យកចិត្តទុកដាក់​លើស​ន្តិ​ភាពជា​អាទិភាព​កំពូល​ ដើម្បី​ធានា​នូវ​សិទ្ធិ​រស់រានមានជីវិត​។ សិទ្ធិ​​បញ្ចេញមតិ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ត្រូវបាន​ធានា​បន្ទាប់ពី​ទទួលបាន​សិទ្ធិ​រស់រាន​មាន​ជីវិត​រួចហើយ​។

លោក​លើក​​ឡើង​ថា​៖ «​ឥឡូវ ដល់ពេល​ប្រទេស​កើតសង្គ្រាម​ស្រែក​រក​សន្តិភាព​។ អង្កាល់​ពីមុន អត់​ស្រែក​រក​សន្តិភាព​ទេ [​តែ​] ស្រែក​រក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​។ ដល់​ឥឡូវ អា​សិទ្ធិមនុស្ស​ក៏​បាត់ អា​ប្រជាធិបតេយ្យ​ក៏​អស់ អា​មនុស្ស​ក៏​ងាប់​»​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​៧ ខែមីនា​ថា សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​នេះ បាន​វិ​វត្ត​ទៅដល់​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ ដែល​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី និង​លោកខាងលិច​ដែល​រួមមាន អង្គការ​​ណា​តូ សហភាព​អឺរ៉ុប និង​សហ​​រដ្ឋ​អាមេរិក​។ ការស្នើ​ឱ្យមាន​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោយមាន​ការសម្របសម្រួល​ពី​ភាគី​ទី​៣ ​គឺអាច​ធ្វើទៅបាន​ដើម្បី​បញ្ចប់សង្គ្រាម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ចិន​គឺជា​ប្រទេស​សំខាន់​ដែល​អាច​សម្របសម្រួល​នៅក្នុង​ជម្លោះ​នេះ ដោយសារតែ​ចិន​មាន​ទឹកមាត់ប្រៃ​របស់ខ្លួន​ជាមួយ​រុស្ស៊ី​ហើយ​ក៏មាន​ទម្ងន់​នៅក្នុង​នយោបាយ​អន្តរជាតិ​ដែរ​។ ប្រសិនបើ​ចិន​ចេញមុខ​នៅក្នុង​ការសម្របសម្រួល ឬក៏​ជជែក​ជាមួយនឹង​លោក ពូ​ទីន [​ប្រធានាធិបតី​រុស្ស៊ី​]​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើឱ្យមាន​ដំណើរការ​នៃ​ការចរចា [​ស្វែង​​រក​] ​សន្តិភាព​រវាង​ប្រទេស​ទាំង​ ២ ជា​រឿង​ល្អ​ណាស់​»​។​

​លោក​វណ្ណៈ​បន្តថា ចិន​គឺជា​ប្រទេស​ដែល​ស្និទ្ធ​នឹង​រុស្ស៊ី នៅក្នុង​ការ​ទប់ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ ឬក៏​សហភាព​អឺរ៉ុប ខណៈ​សហភាព​អឺរ៉ុប ក៏ត្រូវ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ចិន​គួរតែ​ជា​តួអង្គ​សំខាន់ ដើម្បី​ជជែក​ឱ្យមាន​ការចរចា​រវាង​ភាគី​ខាង​រុស្ស៊ី ជាមួយ​សហភាព​អឺរ៉ុប ឬក៏​ជាមួយ​សហរដ្ឋអាមេរិក​៕

វីដេអូ៖