​ភ្នំពេញៈ ទិវា​ជាតិ​អំ​ណាន​លើក​ទី​៧ ឆ្នាំ ​២០២២ នេះ​នឹងត្រូវ​រៀប​​ចំ​ឡើង ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​ ១១ ខែមីនា ក្រោម​ប្រ​ធាប​បទ «​អំ​ណាន​ជួយ​លើកកម្ពស់​គុណភាព​ជីវិត​ក្នុងសម័យ​ឌីជីថល​» ក្នុង​គោល​​បំណង​ធ្វើការ​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ​ផងដែរ​។​

​ទិវា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​តាម​​រយៈ​ប្រព័ន្ធ​អន​ឡាញ Zoom ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផងដែរ​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៦ ខែមីនាថា គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន គឺ​ការបណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើក​​កម្ពស់​សមត្ថភាព​អាន ស្មូត ​​កំណាព្យ និង​ការ​តែង​និពន្ធ សំដៅ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌​អរិយធម៌​ខ្មែរ​ដល់​សិស្ស និស្សិត​មន្ត្រីរាជការ ប្រជា​ជន​គ្រប់រូប ក្នុងប្រទេស​កម្ពុជា ព្រមទាំង​លើកកម្ពស់​រក្សា​គុណ​​តម្លៃ កេរដំណែល​របស់​មនុស្ស​​ជាតិ​។ លោក​បាន​បញ្ជាក់ថា៖ «​គោលបំណង​សំខាន់​ទៀត​គឺ សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរភាព​ដែល​ធានា​គុណ​​ភាព​អប់រំ​ប្រកបដោយ​សមធម៌ បរិ​យាប​ន្ន និង​លើកកម្ពស់​ការ​សិក្សា​ពេញ​ ១​ ជីវិត​សម្រាប់​ទាំងអស់គ្នា​»​។

​ជាមួយគ្នា​នោះដែរ ក្នុង​ទិវា​​ជាតិ​អំ​ណាន​នោះដែរ ក៏មាន​រៀបចំ​នូវ​សកម្មភាព​នានា​ដែលមាន​ដូចជា ការប្រឡងប្រណាំង​អាន ស្មូត​កំណាព្យ និង​តែង​​និពន្ធ​ «​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​» បាឋកថា​ស្រាវជ្រាវ​ស្តីពី​ «​ការអភិវឌ្ឍ​ភាសា និង​ទ្រឹស្តី​នៃ​ការអភិវឌ្ឍ​កុមារ​» ។

​ក្រសួង​បញ្ជាក់ថា ក្នុងនោះ​ក៏មាន​កិច្ចពិភាក្សា​លើ​ប្រធានបទ​ «​អំ​ណាន​ជួយ​លើ​កម្ពស់​គុណ​​ភាព​នៃ​ការអប់រំ​» ទៅលើ​វិធី​​សាស្ត្រ​ដឹកនាំ​សកម្មភាព​អំ​ណាន​ក្នុង​បណ្ណាល័យ​បឋមសិក្សា​, អំ​​ណាន​ដើម្បី​លើកកម្ពស់​គុណ​​ភាព​អប់រំ​នៅ​កម្ពុជា ​និង​អំ​ណាន​ដើម្បី​លើកកម្ពស់​ស្តង់ដា​វិជ្ជា​​ជីវៈ​គ្រូបង្រៀន​។​

​ថ្ងៃទី​ ១១ ខែមីនា ត្រូវបាន​កំណត់​យក​ជា​ថ្ងៃ​ទិវា​ជាតិ​អំ​​ណាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថ​​ភាព​អាន​ និង​ការ​តែង​និពន្ធ​ដើម្បី​រួមចំណែក​ពង្រឹង​ការងារ​និង​ពង្រឹង​វប្បធម៌​ខ្មែរ​៕

វីដេអូ៖