
លោក ស៊ុន ចាន់ថុល រួមប្រារព្ធទិវាអន្តរជាតិនារី នៅថ្ងៃទី ៧ មីនា។ រូបថត MPWT
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ស្នើឱ្យថ្នាក់ដឹកនាំក្រសួងសាមី សិក្សាលទ្ធភាពក្នុងការតែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការទូទាំងប្រទេស ដើម្បីលើកកម្ពស់សមភាពយេនឌ័របន្ថែមទៀតក្នុងការកសាងប្រទេសជាតិ។
ការជំរុញនេះធ្វើឡើងក្នុងឱកាសក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីរំឭកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» កាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២២។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្ត្រីដើរតួនាទីដ៏សំខាន់ក្នុងសង្គមក្នុងគ្រួសារ ដូចនេះក្នុងនាមក្រសួងសាធារណការ ត្រូវតែគោរពដឹងគុណ និងខិតខំធ្វើយ៉ាងណាឱ្យស្ត្រីមានតួនាទី បន្ថែមទៀត ក្នុងការចូលរួមកសាងប្រទេសជាតិ។
លោកថា៖ «ជឿជាក់ថា ស្រី្តគាត់ធ្វើបានគ្រប់ការងារទាំងអស់ ឱ្យតែយើងមានឆន្ទៈ និងផ្តល់ទំនុកចិត្តទៅលើស្ត្រី»។
ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានស្នើសុំទៅវិទ្យាស្ថានតេជោសែន ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលស្ត្រីជាថ្នាក់ដឹកនាំ និងកម្មវិធីបណ្តុះបណ្តាលខាងផ្នែក IT និងឌីជីថល ដើម្បីឱ្យស្ត្រីកាន់តែខ្លាំង។
លោកក៏បានស្នើដល់លោកស្រី មឹន មាណវី ដែលជាប្រធានសមាគមនារីក្រសួងជាមួយថ្នាក់ដឹកនាំក្រសួង សិក្សាអំពីលទ្ធភាពតែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការ គ្រប់ខេត្តក្រុងទាំងអស់។
លោកថា៖ «ដោយសារសម្តេច ហ៊ុន សែន លោកតែងតែខិតខំប្រឹងប្រែង ឱ្យតែងតាំងអភិបាលរងខេត្តជាស្ត្រី ដូចនេះក្រសួងអាចមានលទ្ធភាពដើម្បីតែងតាំងស្ត្រី ជាអនុប្រធានមន្ទីរសាធារណការ ព្រោះស្ត្រីចូលរួមធ្វើការបានក្នុងការសាងសង់ផ្លូវទាក់ទងការដឹកជញ្ជូនកំពង់ផែ។
ទន្ទឹមនឹងការលើកទឹកចិត្តនេះ លោកបានជំរុញដល់ស្ត្រីខ្លួនឯងត្រូវខិតខំរៀនសូត្រ កសាងសមត្ថភាពបន្ថែមទៀតដើម្បីទទួលបានតួនាទីខ្ពស់នៅក្នុងជួរមន្ត្រីរាជការ ខណៈលោកសង្ឃឹមថា ស្ត្រីនឹងក្លាយជាប្រធានមន្ទីរសាធារណការនៅថ្ងៃអនាគត។
លោកថា ស្រី្តដែលបម្រើការងារនៅក្រសួងសាធារណការ និងមានតួនាទីចាប់ពីឆ្នាំ ២០១៦ មាន ១៩ ភាគរយ បានកើនដល់ ៤៨ ភាគរយ ពោល ៦២ រូប ឡើង ១៣៧ រូបនៅឆ្នាំ ២០២២ ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់តួនាទីដល់ស្ត្រី។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែងថា ក្នុងសង្គមកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្លៃស្ត្រីពិតជាត្រូវបានលើកកម្ពស់យ៉ាងពិតប្រាកដ តាមរយៈការកំណត់នូវកម្មវិធីគោលនយោបាយជាក់លាក់ ហើយអនុវត្តបានយ៉ាងម៉ឺងម៉ាត់ជាប្រចាំតាមរយៈការតែងតាំងស្ត្រីដែលមានសមត្ថភាព និងមានសីលធម៌ តាំងពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់ក្រសួង ស្ថាប័ន។
លោកស្រីថា៖ «ដោយបច្ចុប្បន្នមាននារីជាមន្ត្រីរាជការ ជាច្រើនត្រូវដល់អាយុចូលនិវត្តន៍ នាងខ្ញុំសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការជំរុញការអនុវត្ត អនុសាសន៍របស់សម្តេចតេជោ ដែលស្នើគ្រប់ក្រសួងស្ថាប័នពិនិត្យដំឡើងកាំប្រាក់ និងឋានន្តរស័ក្ដិដល់ស្ត្រី»។ អនុប្រធានគណៈកម្មាធិការសមាគមនារី កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ លោកស្រី សាន្ត អរុណ បានថ្លែងគាំទ្រនូវការលើកយកមូលបទសមភាពយេនឌ័រ ដើម្បីចីរភាពនាពេលអនាគតសម្រាប់ឆ្នាំនេះ ដែលរំលេចឱ្យឃើញថា ស្ត្រី និងបុរសជាដៃគូស្មើភាព និងបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្ត្រីនិងបុរស សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ។
លោកស្រីថា៖ «វិបត្តិកូវីដ ១៩ បានបង្កផលប៉ះពាល់អវិជ្ជមានលើស្ត្រីច្រើនជាងបុរសទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដោយសារស្ត្រីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ UN ប្រចាំកម្ពុជាបានបង្ហាញនូវចំណុចសំខាន់ៗអាចគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការរួមបញ្ចូលសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី៕