ភ្នំពេញៈ កម្ពុជារំពឹងថា នឹងអាចរកចំណូលជាថវិកាបន្ថែមទៀតពីការលក់ឥណទានកាបូន នៅក្នុងទីផ្សារអន្តរជាតិ ខណៈគម្រោងរ៉េដបូករបស់កម្ពុជាដែលដឹកនាំដោយក្រសួងបរិស្ថាន នៅតំបន់ទេសភាពខ្ពង់រាបភាគខាងជើងភ្នំត្នោត និងព្រៃឡង់ នឹងចូលរួមក្នុងបញ្ជីនៃនិរន្តរភាពហិរញ្ញវត្ថុនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ មីនាថា នេះគឺជាលទ្ធផលវិជ្ជមានថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិរក្ស ដែលបានធ្វើឱ្យស្ថានភាពនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា មានភាពល្អប្រសើរឡើង និងទទួលជោគជ័យក្នុងការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ដើម្បីយកចំណូលមកពង្រឹងការងារអភិរក្ស និងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចមូលដ្ឋាន។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថានបានអនុញ្ញាត និងប្រគល់តួនាទីឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) រៀបចំសារពើភណ្ឌព្រៃឈើ សិក្សាលទ្ធភាព ដោយមានការជួយពី Everland ដើម្បីលក់ឥណទានកាបូន នៅភូមិភាគខាងជើងកម្ពុជា ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ក្នុងខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃឆែប គូលែនព្រហ្មទេព ព្រៃព្រះរកា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក»។
លោកបន្ថែមថា អង្គការ WCS គឺជាអ្នកអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ បានបញ្ចប់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ ពិនិត្យលើការកំណត់តំបន់ក្នុងការសិក្សាវាយតម្លៃលើកម្រិតបាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់នោះ ហើយបន្ទាប់ពីនេះ នឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យលើស្ថានភាព មុននឹងដាក់លក់ជាសាធារណៈហើយព័ត៌មានដែលពាក់ព័ន្ធ នឹងដាក់ជាសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង។
តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលបច្ចុប្បន្នមានការអនុវត្តគម្រោងឥណទានកាបូននៅភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយអង្គការ CI និងក្រុមហ៊ុនជប៉ុន Mitsui ក៏រំពឹងថា នឹងអាចពង្រីកការលក់ឥណទានកាបូនក្នុងភូមិសាស្ត្រខេត្ត ៣ ផ្សេងទៀត រួមមានខេត្តព្រះវិហារ កំពង់ធំ និងក្រចេះ។ នេះបើតាមលោក នេត្រ ភក្ត្រា។
លោកបានបន្តថា៖ «ក្រសួងបរិស្ថានសូមថ្លែងអំណរគុណ ចំពោះអង្គការដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងនោះមាន USAID ដែលផ្តល់ជំនួយបច្ចេកទេសដល់អង្គការដៃគូ ដើម្បីមានលទ្ធភាពចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា»។
តាមលោក នេត្រ ភក្ត្រា ទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ហើយការបោះជំហាននៅក្នុងទីផ្សារឥណទានកាបូនបានបញ្ជាក់យ៉ាងច្បាស់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់កម្ពុជា។ សម្រាប់កិច្ចការរៀបចំគម្រោងលក់ឥណទានកាបូននេះ ក្រុមការងារបច្ចេកទេសបានរៀបចំដោយដកស្រង់នូវបទពិសោធមួយចំនួនដែលបាននិងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំគម្រោងរ៉េដបូកនៅភាគខាងកើតប្រទេសកម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងខេត្តមណ្ឌលគិរី។ លោក ភក្ត្រា ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit, Shell និងក្រុមហ៊ុន Gucci។
សូមជម្រាបថា មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ រហូតដល់ប្រមាណ ៤១ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិដែនជម្រកសត្វព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះសរុបចំនួន ៧២ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២៦០ នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ មីនាថា ក្រោយទទួលបានជោគជ័យលើគម្រោងនេះ ដៃគូពាក់ព័ន្ធមានក្រសួងបរិស្ថាន ក្រោមការឧបត្តម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID នឹងមានការអនុវត្តគម្រោងនេះបន្តទៀត នៅក្នុងតំបន់មួយចំនួននៃភាគខាងជើង។ គម្រោងនៅភាគខាងជើងនេះ គឺដំបូងផ្តោតសំខាន់ទៅលើតំបន់មួយចំនួន នៅក្នុងខេត្តព្រះវិហារ ដែលមានដូចជា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែប ខណៈតំបន់ទាំងនោះ កំពុងស្ថិតក្នុងការសិក្សានៅឡើយដោយគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ ២០២២ នេះ។
លោកបានរៀបរាប់ថា៖ «ការដាក់បញ្ចូលតំបន់ថ្មីៗទាំងនេះចូលក្នុងបញ្ជីនៃនិរន្តរភាពហិរញ្ញវត្ថុគម្រោងរេ៉ដបូករបស់ប្រទេសកម្ពុជានេះ គឺដើម្បីការអនុវត្តឱ្យមានភាពងាយស្រួលជាមួយដៃគូពាក់ព័ន្ធ ដែលខាងអង្គការយើងកំពុងរៀបចំឯកសារ និងរៀបចំការអនុវត្តនៅទីវាល ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងនេះ អាចបង្កើតឥណទានកាបូនសម្រាប់លក់លើទីផ្សារបាន»។
កាលពីថ្ងៃទី ៤ មីនា ទំព័រហ្វេសប៊ុករបស់គម្រោងព្រៃឡង់បៃតងបានប្រកាសថា អង្គការ WCS និង Everland បានសហការគ្នាក្នុងការផ្តល់ជំនួយដល់ការបង្កើតការអភិវឌ្ឍ និងការអនុវត្តគម្រោងរេ៉ដបូកចំនួន ១៥ នៅទូទាំងពិភពលោក បន្ទាប់ពីមានភាពជោគជ័យលើគម្រោងរេ៉ដបូកកែវសីមាក្នុងប្រទេសកម្ពុជា។ គម្រោងរេ៉ដបូកចំនួន ១៥ នៅទូទាំងពិភពលោកនេះ ត្រូវបានធ្វើឡើងស្របក្នុងទិវាសត្វព្រៃពិភពលោកឆ្នាំ ២០២២ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ ២ ពាន់លានដុល្លារអាមេរិក ក្នុងការកាត់បន្ថយឧស្ម័នបំភាយ (VER) នារយៈពេល ១០ ឆ្នាំខាងមុខ៕