ភ្នំពេញៈ គិតមកទល់ថ្ងៃបិទបញ្ចប់មានបេក្ខជនកើនដល់ ៨៤ ២០៨ រូប ក្នុងនោះស្ត្រីមានចំនួន ២៦ ៥៨៤ រូប មកពីគណបក្សចំនួន ១៧ បានដាក់ពាក្យសុំចុះបញ្ជីសម្រាប់ចូលរួមប្រកួតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំនេះ បន្ទាប់ពីគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបបិទបញ្ចប់កាលពីថ្ងៃ ៦ មីនា ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) នៅថ្ងៃទី ៨ ខែមីនា ឱ្យដឹងថា គណបក្សទាំង ១៧ រូមមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ បានធ្វើក្នុងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២២ ដែលទើបតែបញ្ចប់។
បើតាម គ.ជ.ប បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេល ១ ថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។
គ.ជ.ប បញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់មតិយោបល់ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានបិទផ្សាយខាងលើមក គឃ.សប ដើម្បីជាព័ត៌មានសម្រាប់ជាមូលដ្ឋានពិចារណាមុនពេលសម្រេចយល់ព្រម ឬបដិសេធ ការសុំចុះបញ្ជីបេក្ខជន។ គឃ.សប ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំនោះ ក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។
លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែកុម្ភៈនេះថា តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ មានគណបក្សចំនួន ១៧ បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ ក្នុងនោះគណបក្សដែលចុះបញ្ជីបេក្ខជនច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមជាតិ។
លោកបន្តថា ក្នុងអំឡុងទទួលពាក្យចុះបញ្ជី៣ថ្ងៃកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់សន្តិសុខ និងសុវត្ថិភាព ល្អប្រសើរ ដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ ។
លោកថ្លែងថា « ដំណើការនេះ គឺមិនមានការភ័យខ្លាច គំរាមកំហែងនោះទេ ប៉ុន្តែមានការកត់សម្គាល់ឃើញនៅក្នុងដំណើការនេះ មានការប្តឹងតវ៉ាពីប្រជាពលរដ្ឋនៅខេត្តកំពត ដែលបានប្តឹងចំពោះគណបក្សនយោបាយមួយយកឈ្មោះគាត់ទៅចុះឈរឈ្មោះបេក្ខជន ដោយមិនបានដឹងខ្លួន »។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា មិនមែនមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលដាក់បេក្ខជនប្រកួប្រជែងច្រើនក្នុងអាណត្តិទី៥ នេះ គណបក្សផ្សេងទៀត ក៏បានដាក់ច្រើន និងងមានក្តីសង្ឃឹមខ្ពស់ដែរ។ បើគ្មានក្តីសង្ឃឹម គឺមិនដាក់បេក្ខជននោះទេ។សម្រាប់គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនគ្រប់ចំនួន ១ ៦៥២ ឃុំសង្កាត់ នៅទូទាំងប្រទេស ។
លោកថ្លែងថា៖ «ការដែលមានគណបក្សចំនួនច្រើនចូលរួមនេះទោះគណបក្សខ្លះដាក់បានចំនួនឃុំសង្កាតតិច ឬច្រើនយ៉ាងណាក៏ដោយ ក៏វាឆ្លុះបញ្ចាំងអំពីទីលាន និងលំហប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈទូលំទូលាយ មានសេរីភាពពេញលេញ ខាងនយោបាយដែលធ្វើឱ្យគណបក្សនយោបាយអត់មានញញើត ក្នុងការដាក់បេក្ខភាពសម្រាប់ប្រកួតប្រជែងនោះទេ»៕