ភ្នំពេញៈ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយមន្ត្រីជំនាញជលផលក្នុងបឹងទន្លេសាប បង្ក្រាបបទល្មើសនេសាទ និងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន និងកំពុងបន្តស្វែងរកជនសង្ស័យដែលកំពុងរត់គេចខ្លួន។
លោក មិត្រ សុខសុភ័ក្រ នាយអធិការនៃអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅថ្ងៃទី ៨ មីនានេះថា បច្ចុប្បន្នក្រុមការងារនៃអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កំពុងសហការជាមួយគណៈបញ្ជាការឯកភាពខេត្តជាប់បឹងទន្លេសាបចុះអង្កេត បង្ក្រាបបទល្មើសនេសាទជាក់ស្ដែងទាំងពេលយប់ និងពេលថ្ងៃ។
លោកថ្លែងថា៖ «យោងតាមអនុសាសន៍សម្ដេច [ហ៊ុន សែន] បច្ចុប្បន្ននេះយើងបានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ដក្នុងនោះមានស្នងការនគរបាលខេត្ដ និងស្ថាប័នពាក់ព័ន្ធថ្នាក់មូលដ្ឋាន ស្រុកក្រគរ ចុះទៅដល់ផ្ទះជនប្រព្រឹត្តបទល្មើស (ផ្ទះលើទឹក ស្ថិតនៅក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ) និងពិនិត្យជាក់ស្ដែងដើម្បីស្វែងរកឧបករណ៍ល្មើសច្បាប់»។
លោកបានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែមីនានេះ ក្រុមការងារ បានចុះទៅដល់ផ្ទះជនប្រព្រឹត្តបទល្មើស ដោយពិនិត្យជាក់ស្ដែងឃើញថា ម្ចាស់ផ្ទះកំពុងរត់គេច ហើយឧបករណ៍មួយចំនួនក៏មិនទាន់រកឃើញដែរ ដែលឧបករណ៍ល្មើសទាំងនោះជនសង្ស័យបានយកទៅលាក់ទុកនៅទីកន្លែងផ្សេង។
លោកបញ្ជាក់ថា៖ «រហូតដល់ព្រឹកថ្ងៃទី ៨ មីនានេះ ក្រុមការងារកំពុងបន្តស្រាវជ្រាវ រុករក ឧបករណ៍នេសាទល្មើសច្បាប់។ ក្នុងនោះដែរកន្លែងស្នាក់នៅរបស់ក្រុមការងារ គឺយកទីតាំងផែ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបធ្វើជាទីបញ្ជាការ ដើម្បីយើងសម្រាក និងឃ្លាំមើលសកម្មភាពជនល្មើស»។
លោក មិត្រ សុខសុភ័ក្រ កាលពីថ្ងៃទី ២ មីនា ក្រុមការងារ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដែលប្រចាំការនៅក្នុងខេត្ដកំពង់ឆ្នាំងបានចូលរួមសហការជាមួយលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចុះត្រួតពិនិត្យដល់កន្លែងជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទលាក់ខ្លួននៅក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ដោយបានរឹបអូសទូក និងឧបករណ៍ឆក់មួយចំនួនផងដែរ។
លោកបានឱ្យដឹងថា ក្នុងពេលចុះពិនិត្យនេះលោក សុខ ទូច បានបញ្ជាមកឱ្យសមត្ថកិច្ចចូលដល់ផ្ទះ ក៏បានឃើញវត្ថុល្មើសនេសាទ និងបានរឹបអូស វត្ថុតាង រួមមាន កាណូត អួន (យ៉ាំងកាវ)។ បច្ចុប្បន្នវត្ថុតាងដែលរឹបអូសបានត្រូវបានយកទៅរក្សាទុកនៅស្នាក់ការអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង។
លោកបញ្ជាក់ថា៖ «ការរក្សាទុកវត្ថុតាងនេះ គឺដើម្បីក្រុមការងាររៀបចំកំណត់ហេតុជាក់ស្ដែងដកហូតបទល្មើស។ យើងក៏កំពុងតែស្រាវជ្រាវសាវតារជនល្មើសក្នុងនោះផងដែរ។ ខ្ញុំក៏បានពិភាក្សាជាមួយលោកព្រះរាជអាជ្ញា ក៏ដូចជាតុលាការ ខេត្ដកំពង់ឆ្នាំង ដើម្បីយើងរកនីតិវិធីដាក់ពាក្យបណ្ដឹង»។
លោក សុខសុភ័ក្រ ថ្លែងថា លោកព្រះរាជអាជ្ញា នៅខេត្ដកំពង់ឆ្នាំងបានលើកឡើងថា បទល្មើសនេះ គឺប្រជាពលរដ្ឋរស់នៅក្នុងខេត្ដពោធិ៍សាត់ ដូច្នេះគួរទុកលទ្ធភាពឱ្យតុលាការខេត្តពោធិ៍សាត់ជាអ្នកស្រាវជ្រាវបន្តតាមនីតិវិធីនៃការអនុវត្ដច្បាប់។
លោក សុខ ទូច បានសរសេរលើហ្វេសប៊ុកថា ដោយមានការសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ពេញ ១ យប់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ លោកបានទៅតាមឃ្លាំមើលបានឃើញសកម្មភាពឆក់ត្រីខុសច្បាប់ដោយប្រើប្រាស់ឧបករណ៍អួន (យ៉ាំងកាវ) និងឆក់ត្រជាក់ ប៉ុន្ដែដោយសារកាណូតខាងជលផលមានល្បឿនយឺតពេកមិនអាចដេញតាមចាប់ជនល្មើសនេសាទទាន់ទេ។
លោកថា៖ «រហូតនៅរសៀលថ្ងៃទី ២ មីនា ឆ្នាំ ២០២២ យើងបានតាមមកដល់កន្លែងលាក់ខ្លួនរបស់ក្រុមឆក់ទាំងនេះនៅក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានរឹបអូសទូក និងឧបករណ៍ឆក់»។
លោកថា៖ «អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមាន ធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។ អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្តៅ ឈិបយន្ត ឆក់ទូកលឿនក្នុងដែន ៦០ ម៉ែត្រ ៤ ជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា។ ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែរជាយកទៅធ្វើជី។ តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?»។ លោក លីវ សេងហ៊ីម អធិការស្រុកក្រគរ បានថ្លែងតាមទូរស័ព្ទ សុំមិនធ្វើអត្ថាធិប្បាយព្រោះកំពុងជាប់រវល់នៅតំបន់ក្រៅសេវា៕
វីដេអូ៖