ក្រចេះ: ក្រុមអ្នកស្រាវជ្រាវអំពីចំនួនសត្វផ្សោតទន្លេមេគង្គបានប្រទះឃើញកូនផ្សោត ១ ក្បាល ដែលទើបកើតថ្មីនៅក្នុងស្រុកសំបូរខេត្តក្រចេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានអភិរក្សជលផលនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។
របាយការណ៍ព័ត៌មានរបស់នាយកដ្ឋាននេះបានគូសបញ្ជាក់ថា កូនផ្សោតដែលទើបកើតថ្មីនោះ ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលបានចុះសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យអំពីចំនួនសត្វផ្សោតទន្លេមេគង្គ ប្រទះឃើញ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ ខណៈវាកំពុងហែលទឹកលេងជាមួយហ្វូងផ្សោតពេញវ័យចំនួន ៨ ក្បាលនៅក្នុងអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា៖ «កូនផ្សោតនេះ ទើបតែកើតបាន ១ ថ្ងៃប៉ុណ្ណោះ ហើយវាគឺជាកូនផ្សោតទីមួយដែលបានកត់ត្រាក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២២ នេះ»។
ក្រុមអ្នកស្រាវជ្រាវបានសម្ដែងក្ដីរីករាយជាខ្លាំងនៅពេលបានពើបប្រទះវត្តមានរបស់កូនផ្សោតនេះ។ ទន្ទឹមនឹងនេះក៏បានសម្ដែងក្ដីព្រួយបារម្ភផងដែរអំពីសុវត្ថិភាពរបស់វា ខណៈបទល្មើសនេសាទនៅតែបន្តកើតមាននៅតាមដងទន្លេមេគង្គ។
ប្រធានកិច្ចការសាធារណៈ និងគ្រប់គ្រងព័ត៌មាននៃអង្គការ (WWF) លោក ទេព អស្នារិទ្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រាល់កំណើតរបស់កូនផ្សោតថ្មី ១ ក្បាលៗមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ ដែលមានចំនួននៅសេសសល់តិចតួច និងកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ។
លោកបានថ្លែងបន្តថា៖ «រីឯការការពារសត្វផ្សោតពេញវ័យឱ្យចៀសផុតពីកត្តាគំរាមកំហែងដោយសកម្មភាពមនុស្សរឹតតែមានភាពចាំបាច់ខ្លាំងថែមទៀត ដែលចាំបាច់ទាមទារឱ្យបង្កើនការល្បាតជាប្រចាំ និងការពង្រឹងការអនុវត្តច្បាប់ជលផលបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ថនិកសត្វទឹកសាបដ៏សំខាន់ជាសកល ១ ប្រភេទនេះ»។
ជុំវិញករណីនេះ រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ ដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនេសាទខុសច្បាប់នានា ពិសេសការនេសាទដោយប្រើឧបករណ៍មង និងឧបករណ៍ឆក់ ដើម្បីធានាបានកូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យ។
កាលពីឆ្នាំ ២០២១ កូនផ្សោតចំនួន ៦ ក្បាលត្រូវបានកត់ត្រា។ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល៕