សៀមរាបៈ ដើមឈើជាង ១០០ ដើមនៅក្នុងទីតាំងប្រាសាទសំខាន់ៗចំនួន ៣ និងក្នុងទីតាំងផ្សេងទៀតក្នុងស្រុកប្រាសាទបាងគង និងក្រុងសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរាកាត់ដកហូតដើម និងកាត់ក្រីមែកឈើទាំងនោះ ដោយសារវាមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។
ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើទាំងនេះ ត្រូវបានអាជ្ញាធរជាតិអប្សរាជូនដំណឹងដល់មន្ទីរស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ ផងដែរ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖ «នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមទីតាំងនានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា»។
ប្រភពដដែលបានបន្តថាក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចាប់អនុវត្តការងារខាងលើពីថ្ងៃទី ៧ ខែមីនា តទៅរហូតដល់ចប់ភារកិច្ចទាំងស្រុង។
ដើមឈើ និងមែកឈើដែលត្រូវដកហូត និងកាត់ក្រីមែកទាំងនោះមានឈើទាលចំនួន ៤ដើម ដែលមានហានិភ័យ និងត្រូវកាត់ក្រីមែកស្ថិតនៅតាមរបងសាលាបឋមសិក្សាបាគងក្នុងភូមិថ្នល់ត្រង់ ឃុំបាគង និងកាត់ដកហូតដើមឈើទាលងាប់ ១ដើមផងដែរ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។
ចំណែកដើមស្នាយចំនួន ៥ គុម្ព និងដើមស្ពង់ងាប់ ១ ដើមត្រូវកាត់ដកហូតតែម្តងហើយដើមឈើចំនួន ៣៣ ដើមទៀតស្ថិតក្នុងបរិវេណប្រាសាទបាយ័នត្រូវកាត់ក្រីមែកចេញ ដែលដើមទាំងនោះមាន ដើមត្នោត ២៥ ដើម ឈើទាល ៥ ដើម អម្ពិលបារាំង ២ ដើម និងស្ពង់ ១ ដើម។
រីឯដើមឈើមួយចំនួនទៀតដែលត្រូវបានដកហូតផងដែរនោះមាននៅតាមដងផ្លូវខាងលិចខ្លោងទ្វារតាកែវ, ប្រាសាទមេបុណ្យខាងកើត និងភូមិខ្លះក្នុងក្រុងសៀមរាប។
អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិ-អប្សរាលោក ជូ រ៉ាឌីណា បានថ្លែងថា ដើមឈើមានសារៈសំខាន់ណាស់សម្រាប់ទប់ខ្យល់មិនឱ្យប៉ះពាល់ទៅលើប្រាសាទទប់កម្ដៅពីបរិយាកាសខាងក្រៅទៅលើប្រាសាទជាដើម។
លោកបានបន្តថា ក្រៅពីគុណសម្បត្តិទាំងនេះដើមឈើក៏មានគុណវិបត្តិ និងហានិភ័យទៅលើប្រាសាទផងដែរ។
លោក ជូ រ៉ាឌីណា បានបញ្ជាក់ថា៖ «ដើមឈើប្រៀបដូចជាមនុស្សយើងដែរ កាន់តែចាស់ សុខភាពកាន់តែខ្សោយដែលវាធ្វើឱ្យមានការរំខានទៅលើប្រាសាទដោយសារដើមខ្លះវាមានប្រហោងអាចដួលរលំប៉ះពាល់ដល់ប្រាសាទផងដែរ ដែលត្រូវធ្វើការកាត់ដកហូតចេញ ប៉ុន្តែមុននឹងកាត់ចេញក៏យើងបានធ្វើការព្យាបាលឱ្យអស់លទ្ធភាពសិន មុននឹងសម្រេចដកហូតដែលជាជម្រើសចុងក្រោយរបស់យើង»។
ក្រៅពីការដកហូតដើមឈើ លោក ជូ រ៉ាឌីណា ក៏បានបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាក៏មានស្ថានីយសម្រាប់បណ្តុះកូនឈើ ហើយក្នុង ១ ឆ្នាំៗបានដាំ និងចែកកូនឈើប្រមាណជាង ១០ ម៉ឺនដើមផងដែរ៕