ភ្នំពេញៈ រដ្ឋបាលព្រៃឈើចុះអនុស្សរណៈ (MoU) នៃការយោគយល់គ្នាជាមួយនឹងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) នៅថ្ងៃទី ៧ ខែមីនា ដើម្បីចាប់ផ្តើមអនុវត្តគម្រោងស្តីពីការដាំស្តារប្រភេទឈើប្រើប្រាស់ច្រើនយ៉ាង តាមប្រព័ន្ធកសិរុក្ខកម្ម និងគ្រប់គ្រងព្រៃសហគមន៍ដោយនិរន្តរភាព។
លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ ថ្លែងនៅថ្ងៃទី ៨ មីនា ថានៅថ្ងៃទី ៧ មីនា ឆ្នាំ ២០២២ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើបានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នាតាមប្រព័ន្ធអនឡាញជាមួយនឹងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) ដើម្បីចាប់ផ្តើមអនុវត្តម្រោងស្តីពីការដាំស្តារប្រភេទឈើប្រើប្រាស់ច្រើនយ៉ាង តាមប្រព័ន្ធកសិរុក្ខកម្ម និងគ្រប់គ្រងព្រៃសហគមន៍ដោយនិរន្តរភាព។
គម្រោងនេះមានទឹកប្រាក់សរុប ៦៦៣ ៥១៥ ដុល្លារសហរដ្ឋអាមេរិកដែលជាជំនួយឥតសំណងរបស់អង្គការ AFoCO សម្រាប់អនុវត្តរយៈពេល ៥ ឆ្នាំ (២០២២-២០២៧) នៅកម្ពុជាក្នុងគោលដៅពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈការការស្តារធនធានព្រៃឈើឡើងវិញ និងបង្កើនជីវភាពរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
លោកថ្លែងថា៖ «គម្រោងនេះ មានគោលបំណងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន ពង្រឹងសមត្ថភាពគ្រប់គ្រងព្រៃឈើតាមរយៈការផលិតកូនឈើដែលជាប្រភេទឈើប្រើប្រាស់ច្រើនយ៉ាងមានតម្លៃពាណិជ្ជកម្មខ្ពស់សម្រាប់ដាំស្តារឡើងវិញនៅក្នុងតំបន់ដីព្រៃរេចរឹលរបស់សហគមន៍ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ កសិកម្ម និងព្រៃឈើ»។
លោក សួន សុវណ្ណ ថ្លែងថា បទពិសោធនៃការងារអនុវត្តគម្រោងនេះនឹងយកទៅផ្សព្វផ្សាយ សម្រាប់ការងារគ្រប់គ្រងព្រៃសហគមន៍នៅទូទាំងប្រទេស។ នេះមិនមែនជាគម្រោងទី ១ នោះទេ ដែលអង្គការនេះបានជួយដល់រដ្ឋបាលព្រៃឈើ។ គិតរហូតមកទល់ពេលនេះ កម្ពុជាទទួលបានគម្រោងជំនួយចំនួន ៧ រួចមកហើយដែលមានទឹកប្រាក់សរុប ៣ ៥១៣ ៤១០ ដុល្លារសហរដ្ឋអាមេរិក។
លោកបញ្ជាក់ទៀតថា AFo-CO គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានសមាជិកចំនួន ១៣ ប្រទេសមកពីតំបន់អាស៊ី ដែលភាគច្រើនជាសមាជិកអាស៊ានក្នុងនោះក៏មានកម្ពុជាផងដែរ និងមានការិយាល័យមេស្ថិតនៅទីក្រុងសេអ៊ូល សាធារណរដ្ឋ-កូរ៉េ។ ទស្សនវិស័យនៃអង្គការនេះ គឺរក្សាគម្របបៃតងក្នុងតំបន់អាស៊ី និងការគ្រប់គ្រងព្រៃឈើដោយចីរភាព។
លោក ហាច សាដាំ ប្រធានសហគមន៍ព្រៃឈើវាលអូរក្តី ខេត្តកំពង់ធំបានសម្តែងការគាំទ្រ និងសប្បាយរីករាយជាខ្លាំងនៅពេលដឹងថា រដ្ឋបាលព្រៃឈើ និងអង្គការ AFoCO នឹងអនុវត្តគម្រោង «ការគ្រប់គ្រងសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព តាមរយៈការស្តារព្រៃឈើ និងប្រព័ន្ធកសិរុក្ខកម្ម» នៅកម្ពុជា។ លោកថា គម្រោងនេះ មានប្រយោជន៍ច្រើន ព្រោះវានឹងជួយលើកស្ទួយជីវភាពសហគមន៍ ព្រមទាំងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើផងដែរ។
លោកបានបញ្ជាក់ថា៖ «ស្តារព្រៃឈើឡើងវិញវាមានប្រយោជន៍ទាំងអស់ទី ១ រក្សាព្រៃឈើសម្រាប់កូនចៅជំនាន់ក្រោយ ហើយមួយទៀតលើកតម្កើងជីវភាពសហគមន៍ដែលគាត់អាចអាស្រ័យផលដាំដុះដូចជាដំឡូងមី ពោត សណ្តែក ឪឡឹក តាមរងកូនឈើបាន ។ បើសិនជាមានគម្រោងអ៊ីចឹងមែន ទាំងខ្ញុំ ក៏ដូចជាសហគមន៍ផ្សេងៗសប្បាយចិត្តណាស់ ព្រោះឮសូររដ្ឋបាលព្រៃឈើមានគម្រោងរហូតខាងកសិរុក្ខកម្ម»៕