ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំបេសកជនពិសេសរបស់ជប៉ុន លោក Yohei Sasakawa បន្តធ្វើការជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ាដើម្បីនាំលទ្ធិប្រជាធិបតេយ្យជូនដល់មីយ៉ាន់ម៉ា ខណៈលោកបញ្ជាក់ជំហរជាថ្មីថា នឹងខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សានៅប្រទេសនេះ។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក និងលោក Yohei Sasakawa ជាប្រធានអង្គការ The Nippon Foundation នាថ្ងៃទី ៧ ខែមីនា នៅវិមានសន្តិភាព។
យោងតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រីនាថ្ងៃទី ៧ ខែមីនា បានឱ្យដឹងថា លោក Yohei Sasakawa បានគាំទ្រនូវដំណើរបំពេញទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែមករា ដែលដំណើរទស្សនកិច្ចនេះគឺបានបើកទ្វារ ដែលបានចាក់សោរួចទៅហើយ និងជាសកម្មភាពមួយផ្ដល់នូវក្តីសង្ឃឹមកាន់តែធំទៅដល់ប្រជាជនមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន ថ្លែងថាទិសដៅរបស់លោកចំពោះបញ្ហានៅមីយ៉ាន់ម៉ាគឺការបញ្ឈប់អំពើហិង្សានៅប្រទេសនេះនាំយកជំនួយមនុស្សធម៌ទៅកាន់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការ និងនាំលទ្ធិប្រជាធិបតេយ្យមកជូនដល់មីយ៉ាន់ម៉ា។ «ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន សម្ដេចនឹងខិតខំប្រឹងប្រែងបន្តការងារនេះ ហើយសម្ដេចក៏បានស្នើសុំ ឯកឧត្តម Yohei Sasakawa បន្តធ្វើការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសរបស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៨ ខែកុម្ភៈ ថា សំណើរបស់លោក ហ៊ុន សែន នេះគឺជាជម្រើសល្អ និងជាជម្រើសយុទ្ធសាស្ត្រផងដែរ ព្រោះជប៉ុនជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមជាប្រជាជាតិស្រឡាញ់សន្តិភាព និងជាប្រទេសដែលធ្លាប់ជួយកម្ពុជាក្នុងការកសាង និងស្តារសន្តិភាពនៅពេលដែលកម្ពុជាកំពុងជួបប្រទះការបែកបាក់នយោបាយផ្ទៃក្នុង និងសង្គ្រាមនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។
លោកថ្លែងថា ជប៉ុនមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ និងជាតួអង្គសម្របសម្រួលដ៏សំខាន់ក្នុងការជំរុញឱ្យមីយ៉ាន់ម៉ាទទួលយកការព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាន។
លោកថា៖ «លើសពីនេះទៅទៀត កម្ពុជាត្រូវការជំនួយបច្ចេកទេសជប៉ុនជាមួយនឹងបទពិសោធកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាប្រកបដោយចីរភាព សន្តិភាព និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ាក៏ដូចជាតំបន់អាស៊ានទាំងមូល»៕
វីដេអូ៖