ភ្នំពេញៈ តាមរយៈយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា តួអង្គពាក់ព័ន្ធបានរំពឹងថា នឹងនាំឱ្យឈានទៅពិនិត្យឡើងវិញលើការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនានាទាក់ទងការដាក់ទោសចំពោះការកាន់កាប់អន្ទាក់ ការប្រើសត្វឆ្កែក្នុងតំបន់ការពារធម្មជាតិ និងបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់នៅថ្នាក់ខេត្តប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍នៅថ្ងៃទី ៧ មីនាថា តួអង្គសំខាន់នៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានប្តេជ្ញាចិត្តរួមគ្នាដោះស្រាយវិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា។
លោកថ្លែងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា តួអង្គពាក់ព័ន្ធទាំងអស់បានរំពឹងទុកថា នឹងនាំឱ្យឈានទៅដល់ការពិនិត្យឡើងវិញ និងវិសោធនកម្មច្បាប់ទាក់ទងនឹងការដាក់ទោសចំពោះការកាន់កាប់អន្ទាក់ និងការប្រើសត្វឆ្កែនៅក្នុងតំបន់ការពារធម្មជាតិ ការបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់ចម្រុះនៅថ្នាក់ខេត្តទទួលបន្ទុកការប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃ។
លោកថ្លែងថា៖ «នេះជាអ្វីដែលយើងរំពឹងទុកទៅមុខទៀត។ យើងនឹងធ្វើការបូកសរុបលើលទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជារបស់យើង ហើយយើងនឹងជជែកគ្នាបន្ថែមថាតើ វាមានភាពចាំបាច់ដែលយើងត្រូវធ្វើកិច្ចការទាំងអស់នេះហើយតើយើងត្រូវធ្វើយ៉ាងម៉េចជាដើម គឺនឹងមានសិក្ខាសាលាពិគ្រោះយោបល់បន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហានេះ»។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជា (WWF) បានលើកឡើងនៅថ្ងៃទី ៧ មីនាដែរថា មាត្រាមួយចំនួនមានមាត្រា ៥៦ មាត្រា ៥៧ មាត្រា ៥៨ មាត្រា ៥៩ និងមាត្រា ៦០ នៃច្បាប់តំបន់ការពារធម្មជាតិ គួរធ្វើវិសោធនកម្មដើម្បីបង្កើនការដាក់ទោសដល់បទល្មើសធនធានធម្មជាតិ។
លោកបន្តថា ពិសេសមាត្រា ៥៨ នៃច្បាប់តំបន់ការពារធម្មជាតិដែលពាក់ព័ន្ធ អន្ទាក់ដែលបច្ចុប្បន្នទោសពិន័យអន្តរកាលស្ថិតក្នុងថ្នាក់ទី ១ ដែលត្រឹមព្រមានធ្វើកិច្ចសន្យា និងពិន័យត្រឹមតែ ១០ ម៉ឺនរៀល ដល់ ១ លានរៀល ដល់ជនដែលដាក់អន្ទាក់ចាប់សត្វទូទៅទាំងអស់ លើកលែងតែប្រភេទសត្វកម្រដែលមានទោសស្ថិតក្នុងថ្នាក់ទី៣ ដែលមានកម្រិតធ្ងន់។
លោក សេង ទៀក បញ្ជាក់ថា៖ «ការមានអន្ទាក់ក្នុងដៃ គឺមិនមានបទល្មើសទេ ហើយការបណ្តើរឆ្កែចាប់សត្វព្រៃ ហាក់មិនមានទម្ងន់ទោសដែរ។ យើងដឹងហើយថា ការបណ្តើរឆ្កែក្នុងតំបន់ការពារធម្មជាតិ គឺមានផលប៉ះពាល់ខ្លាំងដល់សត្វព្រៃ»។
លោកបន្តថា៖ «យើងក៏ដឹងហើយថាអន្ទាក់គឺជាឃាតករសម្លាប់សត្វមិនរើសមុខ មិនថាសត្វព្រៃមានដោយកម្រ បង្គួរ ឬច្រើននោះទេ។ ដូច្នេះការមានអន្ទាក់ក្នុងដៃ ការដាក់អន្ទាក់ ការបណ្តើរឆ្កែក្នុងតំបន់ការពារធម្មជាតិ គួរមានកម្រិតទោសពិន័យអន្តរកាលស្ថិតក្នុងថ្នាក់ទី ៣ ដែលមានទោសជាប់ពន្ធនាគារពី ១-៥ ឆ្នាំ និងពិន័យប្រាក់ពី ១៥ ដល់ ១៥០ លានរៀល»។
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូក្នុងវិស័យបរិស្ថានកាលពីថ្ងៃទី ៣ ខែមីនា បានចេញសេចក្ដីប្រកាសរួមគ្នាដាក់ឱ្យអនុវត្ដ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដោយបានប្តេជ្ញារួមគ្នាបញ្ចប់វិបត្តិនេះ។ តាមរយៈការបើកយុទ្ធនាការនេះបង្ហាញថា ធនធានសត្វព្រៃរបស់កម្ពុជាកំពុងប្រឈមហានិភ័យខ្ពស់ដោយសារការបរបាញ់ និងការដាក់អន្ទាក់ បណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេ នោះកម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួនក្នុងពេលអនាគត។
ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិជាដៃគូបានមករួមគ្នា កាលពីថ្ងៃទី ៣ មីនាដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះគឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរួមដដែល។
លោក នុប សុធុនវិសុទ្ធ ប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌លើកឡើងពេលបើកយុទ្ធនាការនេះដែរថា អន្ទាក់ និងការជួញដូរសត្វព្រៃបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព បរិស្ថាន និងសេដ្ឋកិច្ច។ ការរួបរួមគ្នានេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបញ្ចៀសការបាត់បង់ជីវចម្រុះ និងទប់ស្កាត់ហានិភ័យចំពោះសុខភាពសាធារណៈកុំឱ្យកើតឡើងនៅថ្ងៃអនាគត។ លោកថា៖ «ថ្ងៃនេះយើងបានប្តេជ្ញាចិត្តរួមគ្នា ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា»។
បើតាមសេចក្ដីប្រកាសរួមក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការជាដៃគូបានដកអន្ទាក់សរុបចំនួន ៦១ ៦១១ អន្ទាក់ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។
ជាមធ្យមក្នុង ១ ឆ្នាំ មានអន្ទាក់ប្រមាណជាង ៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។
វិបត្តិអន្ទាក់មិនមែនកើតឡើងតែនៅកម្ពុជានោះទេ។ បើយោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់អង្គការ WWF ដែលមានចំណងជើងថា «ភាពស្ងប់ស្ងៀមនៃអន្ទាក់៖ វិបត្តិអន្ទាក់នៃអាស៊ីអាគ្នេយ៍» អន្ទាក់រាប់លានត្រូវបានគេប៉ាន់ប្រមាណថា មានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់ដូចជា នៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី៕