ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ផ្តល់នូវ​រថយន្ត​សម្រាប់​ដឹក​វ៉ាក់សាំង​ចំនួន​ ១០ ​គ្រឿង ជូន​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​នឹងធ្វើ​ពិធី​ប្រគល់​ទទួល​នា​ព្រឹក​ថ្ងៃទី​ ១២ ខែមីនា នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង ក្រៀល ស្ថិតនៅក្នុង​ខេត្ត​ស្ទឹងត្រែង​ជាប់​ព្រំដែន​ខេត្ត​ចំប៉ាសាក់​នៃ​ប្រទេស​ឡាវ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក-១៩)​ និង​ក្នុងនាម​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់លោក​នាយករដ្ឋមន្ត្រី​នឹង​នាំយក​ជំនួយ​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ​១០ ​គ្រឿង ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ប្រគល់ជូន​រដ្ឋាភិបាល​ និង​ប្រជាជន​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​ ៩ ខែមីនា បានឱ្យ​ដឹងថា៖ «​ការសម្រេច​ផ្តល់​រថយន្ត​ដឹក​​វ៉ាក់សាំង​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត​របស់​នាយក​រដ្ឋមន្ត្រី ចំពោះ​សុខភាព​ និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ​ក្នុង​នាម​ជា​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយគ្នា​»​។

ក្រសួង​បានបញ្ជាក់​ទៀតថា វា​ក៏​ជាការ​បង្ហាញ​ពី​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ និង​ជា​កាយវិការ​មនុស្សធម៌​ប្រកប​ដោយ​បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ន័យ​ថា​ «​កម្ពុជា​ជា​ប្រទេស​តូចតាច​តែមាន​បេះដូង​ធំ​ទូលាយ​»​។ កម្ពុជា​តែងតែ​បាននិងកំពុង​ធ្វើ​ដោយ​ឈរលើ​ស្មារតី​មិត្តភាព​សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​ល្អ ប្រកប​ដោយ​ការគិតគូរ​ខ្ពស់​រួមគ្នា​ដោះស្រាយ​វិបត្តិ​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា​៖ «​អំណោយ​មនុស្សធម៌​ដ៏ថ្លៃថ្លា​របស់​កម្ពុជា​នាពេល​នេះ​នឹង​រួមចំណែក​បន្ថែមទៀត​ជូន​ដល់​ប្រទេស​ឡាវ​នៅក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ជាពិសេស​លើ​កិច្ចការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ដល់​ប្រជាជន​ឡាវ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​»​។

គួរ​បញ្ជាក់ថា កាលពី​ចុងឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​ ៣​ គ្រឿង​រួចមកហើយ អម​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩​ ចំនួន​ ៥០ ​ម៉ឺនដូស​ផងដែរ​ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

កាលពី​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានផ្តល់​ជំនួយ​មនុស្សធម៌​ជា​ម៉ាស់​ ២ ​លាន​ម៉ាស់ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ចំនួន​ ១១ ​មុខ​ផ្សេងទៀត​ជូន​រដ្ឋាភិបាល​ឡាវ និង​កាលពី​ចុងខែ​កញ្ញា ឆ្នាំ​ ២០២១ ​កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ ២០​ ម៉ឺនដូស​ដល់​ឡាវ​ផងដែរ​។

ដោយឡែក​ទាក់ទង​នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ កម្ពុជា​ដែលមាន​ក្រសួង​សុខាភិបាល​និង​ក្រសួង​ការពារជាតិ​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជិត​ ៩២%​ ហើយ ឬ​ដែលមាន​ប្រជាពលរដ្ឋ​ជិត​ ១៥ ​លាន​នាក់​ធៀប​នឹង​ចំនួន​សរុប​ចំនួន​ ១៦​ លាន​នាក់​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ការពារជាតិ​បានឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ចំនួន ១៤ ៧១៣ ៦៨៥ នាក់ ស្មើនឹង​ ៩១,៩៦% បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រួច​នៅ​ទូទាំង​ប្រទេស ដែល​ក្នុងនោះ​មាន​ចាប់ពី​កុមារ​អាយុ​ ៣ ​ឆ្នាំ​រហូតដល់​បុគ្គល​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៧ ខែមីនា​ថា កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូវីដ​ ១៩ ដោយសារ​តែ​កម្ពុជា​មាន​វ៉ាក់សាំង​នៅក្នុង​ដៃ​គ្រប់គ្រាន់ ដែល​រហូតមក​ដល់ពេលនេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ទាំង​ជា​វ៉ាក់សាំង​ជំនួយ​ និង​ការបញ្ជាទិញ សរុប​ជាង​ ៤៣ ​លានដូស​។

លោកស្រី​មានប្រសាសន៍​ថា៖ «​វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​បញ្ចេញ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ទាំង​កុមារ ជន​ចាស់ជរា រួម​នឹង​ជនបរទេស​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ យើង​នៅមាន​វ៉ាក់សាំង​ជិត​ ១០​ លានដូស​ទៀត​ដែល​កំពុង​រក្សាទុក​ក្នុង​ឃ្លាំង​ និង​កំពុង​ធ្វើ​ចលនា​ចាក់​ក្នុង​ខេត្ត​នីមួយៗ​ផងដែរ​»​។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ ៧ ខែមីនា​ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ហួស​កាលបរិច្ឆេទ​ដល់​ប្រជាពលរដ្ឋ​ឡើយ បើទោះបីជា​កម្ពុជា​មិនមាន​​វ៉ាក់សាំង​កូវីដ​ ១៩​ ចាក់ឱ្យ​ប្រជាពលរដ្ឋ​ក៏ដោយ​៕

វីដេអូ៖