ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹងទៅដល់សាធារណជន ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ពលការិនី ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ី ឱ្យដឹងថាប្រទេសនេះបានបើកប្រទេសឡើងវិញហើយ។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានលើកឡើងថា៖ «ដោយពិចារណាផ្អែកលើវិទ្យាសាស្ត្រ និងភាពពិតជាក់ស្តែងពាក់ព័ន្ធនឹងកូវីដ ១៩ ក៏ដូចជាការបើកព្រំដែនឡើងវិញរបស់ប្រទេសដទៃទៀត និងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសឧស្សាហកម្មទេសចរណ៍ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ តទៅ»។
ជាមួយគ្នានេះដែរ ការបើកទទួលអ្នកដំណើរអន្តរជាតិឡើងវិញនេះដែរ អាជ្ញាធរនៃប្រទេសម៉ាឡេស៊ីបានកំណត់ផងដែរទៅលើការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់និងមិនបានចាក់វ៉ាក់សាំងកូវីដ ១៩។
សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ចំនួន គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែត្រូវធ្វើ RT-PCR test ២ ថ្ងៃមុនធ្វើដំណើរចូលក្នុងប្រទេសម៉ាឡេស៊ី ធ្វើតេស្តរហ័ស ពេលមកដល់ប្រទេសម៉ាឡេស៊ី និងត្រូវបំពេញទម្រង់បែបបទមុនពេលចេញដំណើរ (Pre-Departure Form) ក្នុង MySejahtera app។ រីឯអ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ និងចាក់មិនទាន់គ្រប់ចំនួន ប្រទេសម៉ាឡេស៊ី ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ និងត្រូវធ្វើ RT-PCR test ២ ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី រួមនឹងធ្វើតេស្តរហ័ស ពេលមកដល់ប្រទេសម៉ាឡេស៊ី ហើយក៏តម្រូវឱ្យមានការបំពេញទម្រង់បែបបទមុនពេលចេញដំណើរក្នុង MySejahtera app ផងដែរ។
ដោយស្ថានភាពនៃការឆ្លងកូវីដ ១៩ នៅប្រទេសម៉ាឡេស៊ីចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២ បានកើនឡើងជាង ៣ ម៉ឺននាក់ក្នុង ១ ថ្ងៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្លួន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល៕