ភ្នំពេញៈ សហរដ្ឋអាមេរិកតាមរយៈអង្គការ Norwegian People’s Aids (NPA) នៅថ្ងៃទី ៩ មីនា បានចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦ ៣៥៥ ៧២០ ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីគាំទ្រដល់ការបោសសម្អាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរយៈពេល ៤៥ ខែចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំនេះ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥។
បើតាមអង្គភាពស៊ីម៉ាក់បានឱ្យដឹងថា ពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះធ្វើឡើងក្រោមអធិបតីភាពលោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជាដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងអង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
លោក ហេង រតនា បានថ្លែងថា ជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិកចំនួន ៦ ៣៥៥ ៧២០ ដុល្លារតាមរយៈអង្គការ NPA នេះគឺគាំទ្រអង្គភាពស៊ីម៉ាក់ ដើម្បីបោសសម្អាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម សម្រាប់រយៈពេល ៤៥ ខែ ចាប់ពីថ្ងៃទី ១ មីនា ឆ្នាំ ២០២២ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។
លោកបានឱ្យដឹងថា បរិមាណជំនួយនេះ មានដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះមានរយៈពេលវែង ៤៥ ខែ ដែលខុសពីកន្លងមកផ្តល់ក្នុងរយៈពេល ១ ឆ្នាំម្តងប៉ុណ្ណោះ។
លោក រតនា បានឱ្យដឹងថា ជំនួយនេះផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់អាចពង្រាយកម្លាំងប្រតិបត្តិការចំនួនជាង ២០០ នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមជាង ១៣ ២០០ ហិកតា។
ដោយឡែកក្រសួងការបរទេសន័រវែស (Norway) ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួន ៨៩ ០៧៧ ដុល្លារ សម្រាប់ប្រើលើគម្រោងចំនួន ២ ផងដែរគឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីនដែលកំពុងប្រតិបត្តិការ និងគម្រោងបោសសម្អាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំង ២ នេះមានរយ:ពេល ៣ ខែ។ នេះបើតាមលោក ហេង រតនា។
លោក ហេង រតនា បានឱ្យដឹងថា ចាប់ពីឆ្នាំនេះតទៅ អង្គភាពស៊ីម៉ាក់បានបង្កើនប្រសិទ្ធភាព និងបង្កើនល្បឿននៃការបោសសម្អាតរំដោះផ្ទៃដីតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិឱ្យបានឆាប់រហ័សបំផុត។ ការបង្កើនល្បឿននេះដើម្បីធានាសុខសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការសម្រេចអាណត្តិកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិអូតាវ៉ាដែលប្រែក្លាយកម្ពុជាគ្មានគ្រាប់មីនប្រឆាំងមនុស្សនៅត្រឹមចុងឆ្នាំ ២០២៥។
លោកបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ អង្គភាពស៊ីម៉ាក់បានធ្វើកំណែទម្រង់ស៊ីជម្រៅលើកម្លាំងប្រតិបត្តិការរបស់ខ្លួន ដោយបានធ្វើសមាហរណកម្មជំនាញបោសសម្អាតគ្រាប់មីន រួមមាន អ្នកជំនាញបច្ចេកទេស គ្រឿងចក្រ សុនខ និងកណ្តុរហិតមីន ក៏ដូចជា កែលម្អនីតិវិធីប្រតិបត្តិ និងការបំពាក់សម្ភារបច្ចេកទេសមួយចំនួនបន្ថែមទៀត ព្រមទាំងប្រមូលផ្ដុំបច្ចេកទេសសរុប ធនធានសរុបក្នុងការបោសសម្អាតពហុកោណចម្ការមីនប្រមាណពី ១៥០ ទៅ ១៧០ គីឡូម៉ែត្រការ៉េក្នុង ១ ឆ្នាំៗចាប់ពីឆ្នាំ ២០២២ តទៅ។
បើតាមអង្គភាពស៊ីម៉ាក់នៅក្នុងឆ្នាំនេះ អង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បែកចង្កោមចំនួន ២១០ គីឡូម៉ែត្រការ៉េក្នុងនោះ សមត្ថភាពបោសសម្អាតពហុកោណចម្ការមីនចំនួន ១៥០ គីឡូម៉ែត្រការ៉េ ចម្ការគ្រាប់បែកចង្កោមជាង ៦០ គីឡូម៉ែត្រការ៉េ។
ជាមួយនេះដែរ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ ៤ ឆ្នាំ (២០២២-២០២៥ ដើម្បីរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង ៧០០ គីឡូម៉ែត្រការ៉េលើចំនួននៅសល់ប្រមាណ ៨០០ គីឡូម៉ែត្រការ៉េ។
លោក រតនា បានឱ្យដឹងថា នៅចំពោះមុខនេះ អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រប្រភពធនធានពីរដ្ឋាភិបាល និងភ្នាក់ងារផ្តល់ជំនួយមួយចំនួនរហូតដល់ចុងឆ្នាំ ២០២៥ មានដូចជា រដ្ឋាភិបាលជប៉ុន ចិន-អាមេរិក អង្គការ JMAS អង្គការ NPA និងអង្គការ APOPO ជាដើម ព្រមទាំងបន្តសហការជាមួយអាជ្ញាធរមីនក្នុងការទទួលការគាំទ្រពី UNDP សម្រាប់គម្រោង Cleaning for Result។
លោកថា អង្គភាពស៊ីម៉ាក់ក៏មានផែនការពង្រឹងកម្លាំងអន្តរាគមន៍ និងបន្តបោសសម្អាត តំបន់គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្តទៀតក្រោយឆ្នាំ ២០២៥ ដែលក្នុងនោះនឹងបន្តខិតខំបោសសម្អាតគ្រាប់បែកចង្កោមឱ្យអស់ត្រឹមឆ្នាំ ២០៣០៕