ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវលុបបំបាត់បទល្មើសឧក្រិដ្ឋនៅក្នុងខេត្តព្រះសីហនុឱ្យបានមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីស្តារមុខមាត់ខេត្តនេះ និងទាក់ទាញវិនិយោគិនបរទេស។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ៩ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា លោកបានតាមដានដោយយកចិត្តទុកដាក់ទាក់ទងសណ្តាប់ធ្នាប់ សន្តិសុខនៅខេត្តព្រះសីហនុ និងបានសង្កេតឃើញថា មកទល់ពេលនេះ នៅមានបទល្មើសជាបន្តបន្ទាប់។ លោកទទួលស្គាល់ថា សមត្ថកិច្ចពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសបានល្អប្រសើរ ប៉ុន្តែបទល្មើសនៅតែបន្តវិវឌ្ឍកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។
លោកថា៖ «តាមរបាយការណ៍របស់ស្នងការខេត្តព្រះសីហនុ ឃើញថាយើងបង្ក្រាបបានជាច្រើនទាក់ទងបទឧក្រិដ្ឋ មានការចាប់ជំរិត ប្លន់សម្លាប់ ការធ្វើទារុណកម្មផ្សេងៗ រហូតដល់បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ថែមទៀតផង»។
លោកបានសង្កត់ធ្ងន់ថា បញ្ហាអសន្តិសុខ និងបទឧក្រិដ្ឋនៅខេត្តព្រះសីហនុ វាបានជះឥទ្ធិពលមិនល្អដល់កិត្យានុភាពរបស់ខេត្ត និងប្រទេសកម្ពុជា ដែលធ្វើឱ្យរាំងស្ទះដល់ការវិនិយោគមកពីក្រៅប្រទេសផងដែរ។
លោកថា៖ «ខ្ញុំមកទីនេះចង់បញ្ជាក់សង្កត់ធ្ងន់លើបញ្ហាដោះស្រាយបទឧក្រិដ្ឋ និងបទល្មើសផ្សេងៗក្នុងខេត្ត មុខមាត់ខេត្តព្រះសីហនុក្នុងពេលនេះត្រូវតែខិតខំកែលម្អឱ្យបានហ្មត់ចត់ព្រោះរារាំងការវិនិយោគពីបណ្តាប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េ អាមេរិក លោកខាងលិច ឬពីបណ្តាប្រទេសអាស៊ាន»។
លោកបានបន្តថា៖ «ដោយម្យ៉ាងការផ្សព្វផ្សាយព័ត៌មានបំផ្លើសព័ត៌មានមិនពិតទៅខាងក្រៅ ជាពិសេសក្នុងមជ្ឈដ្ឋានសាធារណជនចិន ព្រោះទោះបីពិត ឬមិនពិត បើកាលណាគ្មានការបកស្រាយជាក់លាក់ ព័ត៌មាននោះអាចក្លាយជាព័ត៌មានពិតដែលគេជឿ គឺត្រង់ថា អ្នកបម្រុងមកវិនិយោគនៅកម្ពុជាគេលែងមកឬស្ទាក់ស្ទើរ ដោយសារមានបញ្ហាអសន្តិសុខនៅទីនេះ នេះជាបញ្ហាធំនៃបច្ចុប្បន្នភាព»។
លោកបានគូសបញ្ជាក់ថា បញ្ហាសំខាន់ទាក់ទងបច្ចុប្បន្នភាពគឺត្រូវរួមគ្នាប្តេជ្ញាបញ្ចប់ឱ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្មដែលកើតមាននៅខេត្តព្រះសីហនុ។ លោកថា៖ «យើងត្រូវខិតខំធ្វើឱ្យបានមុនបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានជាមូលដ្ឋានវាមិនបាន ១០០ ភាគរយទេ ប៉ុន្តែបញ្ចប់បានភាគច្រើនបំផុត កុំឱ្យមានករណីនេះទៀត ព្រោះខ្ញុំមើលរូបភាពដែលផ្ញើមកខ្ញុំ សាហាវណាស់ ដល់អ៊ីចឹងគេយកទៅផ្សាយនៅពេញស្រុកចិន ពេញពិភពលោក ហើយគេគិតថា កម្ពុជាយ៉ាប់ម៉េស [ម្ល៉េះ] មានអ្នកប្លន់ អ្នកចាប់ជំរិត អ្នកគំរាមកំហែង អំពើហិង្សាពេញទឹកពេញដីនៅខេត្តព្រះសីហនុ»។
បន្ថែមពីនេះ លោកក៏ជំរុញឱ្យមានការបង្ក្រាបគ្រឿងញៀននៅខេត្តព្រះសីហនុ ព្រោះជាច្រកនាំចេញផង ហើយក៏អាចមានការចែកចាយដែលជាបញ្ហាមួយដ៏ស្មុគស្មាញមិនអាចមើលរំលងបានទេ ព្រោះក្នុងចំណោមអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ មានការពាក់ព័ន្ធគ្រឿងញៀន។
លោកបានកំណត់អាទិភាពទី ១ គឺការលុបបំបាត់រាល់បទល្មើសឧក្រិដ្ឋ ខណៈការគ្រប់គ្រងល្បែងស៊ីសងឱ្យមានសណ្តាប់ធ្នាប់ជាជំហានទី ២។ លោកថា៖ «ទាក់ទងល្បែងស៊ីសងខុសច្បាប់ នៅចំពោះមុខនេះ ខ្ញុំឯកភាពថា យើងត្រួតពិនិត្យរដ្ឋបាល ដើម្បីប្រមូលអាវុធ យុទ្ធភណ្ឌខុសច្បាប់នៅរាយប៉ាយ ដែលលួចទិញ ឬឧបករណ៍ ដែលមកធ្វើទារុណកម្ម សកម្មភាពឧក្រិដ្ឋ បន្ទាប់មកទៀតចាំយើងប្រមើលមើលល្បែងស៊ីសងខុសច្បាប់ នេះជាជំហានទី ២ ព្រោះនេះជាប្រភពមួយដែលនាំឱ្យមានបទឧក្រិដ្ឋដែរ»។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឱ្យដឹងថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំអំពីសន្តិសុខ និងសុវត្ថិភាពនៅខេត្តព្រះសីហនុ គឺផ្តោតលើបញ្ហាប្រឈមធំៗចំនួន ៣ រួមមាន ទី ១ បទល្មើសឧក្រិដ្ឋកើតឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃាតកម្ម ចាប់ជំរិត ការបង្ខាំងមនុស្សខុសច្បាប់ ការប្រើអំពើហិង្សាប្រដាប់អាវុធ។ ទី ២ ពាក់ព័ន្ធប្រព័ន្ធផ្សព្វផ្សាយរបស់ប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គមនានា ដែលមានការប្រឌិតបំប៉ោងព័ត៌មាន និងទី ៣ កម្លាំងអមិត្តកំពុងបន្តជាន់ពន្លិច ធ្វើឱ្យអាប់អួដល់កិត្តិយសកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ក៏ដូចជាខេត្តព្រះសីហនុ។
ទន្ទឹមនេះដែរ លោកអភិបាលខេត្តបានដាក់ចេញនូវវិធានការ និងទិសដៅមួយចំនួនសម្រាប់អនុវត្តក្នុងការរៀបចំផែនការ និងផែនទីសម្រាប់ប្រតិបត្តិការ។
លោកបន្តថា ទិសដៅបន្តគឺបង្កើនការគ្រប់គ្រងលើទីតាំង និងការស្នាក់នៅរបស់ជនបរទេស ដោយមានការចូលរួមពីក្រុមការងារនៃអគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់បទល្មើសរត់ពន្ធមនុស្ស និងការជួញដូរកម្លាំងពលកម្ម។
រដ្ឋបាលខេត្តត្រូវរៀបចំក្រុមការងារតាមដានបណ្តាញសារព័ត៌មានជាភាសាចិន ដើម្បីឆ្លើយតបបកស្រាយ និងផ្សព្វផ្សាយអំពីព័ត៌មានពិត និងរៀបចំកម្លាំងត្រួតពិនិត្យតាមដងផ្លូវ ដើម្បីឆែករកអាវុធជាតិផ្ទុះគ្រឿងញៀនការប្រើប្រាស់ស្លាកលេខ ន.ប និង ខ.ម ដែលធ្វើអាជីវកម្ម និងបើកបរដោយជនបរទេស៕