សៀមរាបៈ យ៉ាងហោចណាស់មនុស្សជាង ២ ០០០ នាក់ រួមមាន ព្រះសង្ឃ ពុទ្ធបរិស័ទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាលព្រៃឈើបានចូលរួមពិធីបំបួសដើមឈើ និងបុណ្យផ្កាប្រាក់សាមគ្គីនៅព្រៃសហគមន៍អូរទឹកចេញស្ថិតនៅព្រំប្រទល់ភូមិពង្រ និងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី ៨ ខែមីនា។
ព្រះតេជព្រះគុណ តេជ ទេពវង្សា ព្រះគ្រូសូត្រស្តាំនៃវត្តចន្ទរង្សីពង្របានឱ្យដឹងនៅថ្ងៃទី ៩ ខែមីនាថា ពិធីបំបួសដើមឈើនេះធ្វើឡើង ដើម្បីឱ្យបងប្អូនប្រជាពុទ្ធបរិស័ទបានយល់តម្លៃនៃដើមឈើ ហើយចូលរួមថែរក្សាទាំងអស់គ្នាសម្រាប់អ្នកជំនាន់ក្រោយ។ ដើមឈើដែលត្រូវបានបំបួសគឺដើមឈើចម្រុះធំៗមានដូចជា ដើមពង្រ ដើមអម្ពិល ដើមច័ន ធ្នង់ ឪឡោក និងស្លែងជាដើម។ រួមជាមួយនឹងពិធីបំបួសដើមឈើ ក៏មានមានបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួយទៅដល់សហគមន៍ព្រៃអូរទឹកចេញផងដែរ។
ព្រះអង្គបន្តថា ក្នុងពិធីនោះមានមនុស្សចូលរួមប្រមាណជាង ២ ០០០ នាក់ ដែលមានទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កងកម្លាំង និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។ បច្ច័យដែលទទួលបានពីកម្មវិធីបំបួសដើមឈើ និងបុណ្យផ្កាប្រាក់មាន ៧ ៦៦៧ ២០០ លានរៀល ដោយព្រះគ្រូសូត្រស្តាំនៃវត្តចន្ទរង្សីពង្របានបន្ថែមបច្ច័យឱ្យបានគ្រប់ចំនួន ១០ លានរៀល សម្រាប់ជួយដល់គណៈកម្មការសហគមន៍។
ព្រះអង្គបញ្ជាក់ថា ព្រះពុទ្ធសាសនាគឺជាប់ពាក់ព័ន្ធជាមួយព្រៃឈើដោយសារតែព្រះពុទ្ធជាម្ចាស់ ជាស្តេចផែនដីហើយព្រះអង្គបានប្រសូតនៅក្នុងព្រៃ ការបួសក៏នៅក្នុងព្រៃ ការបដិបត្តិធម៌ ស្វែងរកធម៌ ដើម្បីត្រាស់ដឹងក៏នៅក្នុងព្រៃរហូតដល់ព្រះអង្គបរិនិព្វានក៏នៅក្នុងព្រៃ ហេតុនេះដើមឈើមានតម្លៃណាស់ក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គមានសង្ឃដីកាថា៖ «នៅក្នុងព្រៃតែងមានសត្វជាច្រើនប្រភេទអាស្រ័យនៅ អ៊ីចឹងបើមានដើមឈើច្រើនអាចជាម្លប់ និងទីជម្រកសម្រាប់សត្វរស់នៅ។ អាត្មាខ្លួនឯងស្រឡាញ់ដើមឈើ ហើយចង់ឱ្យបងប្អូនទាំងអស់គ្នាស្រឡាញ់ដើមឈើ កុំបំផ្លិចបំផ្លាញ ទើបយើងលើកធ្វើជាបុណ្យហ្នឹង ដើម្បីឱ្យបងប្អូនយល់ពីតម្លៃព្រៃឈើឱ្យបានកាន់តែច្រើន»។
លោក ឃុត ចូច ប្រធានសហគមន៍ព្រៃអូរទឹកចេញ ថ្លែងនៅថ្ងៃទី ៩ មីនាថា នេះជាលើកទី ១ ហើយដែលសហគមន៍រួមគ្នាប្រារព្ធពិធីបំបួសដើមឈើ។
ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលថវិកាទ្រទ្រង់ការការពារសហគមន៍ និងធ្វើប្រព័ន្ធការពារព្រៃឈើ ដោយការជីកប្រឡាយ ការពារភ្លើងឆេះនិងទុកជាព្រំព័ទ្ធជុំវិញព្រៃសហគមន៍។
លោកថ្លែងថា៖ «ក្នុងសហគមន៍យើងនៅមានការខ្វះខាតច្រើន ប៉ុន្តែយើងធ្វើម៉េចបើខ្វះខាត យើងធ្វើតាមខ្វះអ៊ីចឹងទៅ ឥឡូវហ្នឹងយើងខ្វះប្រព័ន្ធការពារជុំវិញព្រៃ ហើយការចុះល្បាតយាមកាមក៏យើងអត់មានថវិកា ឬការទ្រទ្រង់ពេញលេញមកពីអង្គការណាមួយដែរ»។
លោកប្រធានសហគមន៍អំពាវនាវដល់មហាជនទូទៅដែលស្រឡាញ់ព្រៃឈើ ចូលរួមឧបត្ថម្ភគាំទ្រដល់សហគមន៍ព្រៃអូរទឹកចេញ ដើម្បីមានថវិកាគ្រប់គ្រាន់ក្នុងការធ្វើព្រំការពារ ដើម្បីកុំឱ្យមានការរុករានទន្ទ្រានកាន់កាប់ពីសំណាក់អ្នកនៅជុំវិញនោះ។
លោក ឃុត ចូច បញ្ជាក់ថា សហគមន៍ព្រៃអូរទឹកចេញនេះបានបង្កើតឡើងតាំងពីឆ្នាំ ២០០១ មកម្ល៉េះ នៅលើផ្ទៃដីទំហំ ១ ០៨០ ហិតា មានប្រជាពលរដ្ឋ ជិត៥០០ គ្រួសារ ស្ថិតនៅភូមិពង្រ និងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។ ដំបូងឡើយសហគមន៍នេះមានការលំបាកក្នុងការគ្រប់គ្រង ដោយសារមានបងប្អូនមួយចំនួនបំពានចង់បានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែឥឡូវបញ្ហាទាំងនោះលែងមានហើយ ដោយសារអាជ្ញាធរ និងមន្ត្រីជំនាញចូលរួមអប់រំណែនាំ និងធ្វើការបង្ក្រាបបានល្អ។
លោកបន្ត បច្ចុប្បន្ន ប្រជាពលរដ្ឋយល់ដឹងច្រើនពីគុណសម្បត្តិព្រៃឈើដែលជាធនធានធម្មជាតិមិនអាចខ្វះបាន។
ក្នុងព្រៃសហគមន៍សម្បូរទៅដោយភោគផលផ្សិត ក្រឡាញ់ ឫស្សី វល្លិ និងរំពាក់ ដែលប្រជាពលរដ្ឋអាចអាស្រ័យផល និងយកទៅធ្វើឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារ ឬធ្វើសិប្បកម្មរកចំណូលបាន។
លោក ដោ ភារ៉ុត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្រីស្នំបានថ្លែងនៅថ្ងៃទី ៩ ខែមីនាថា កម្លាំងសហគមន៍ និងអាជ្ញាធរមូលដ្ឋានបានសហការគ្នាបានល្អក្នុងការក្សាការពារ ហេតុនេះបទល្មើសព្រៃឈើផ្សេងៗមិនសូវកើតមានទេ។
លោកថ្លែងថា៖ «កន្លែងហ្នឹងគេសហការគ្នាថែរក្សាបានល្អណាស់ អ៊ីចឹងយើងមិនសូវបានចុះទៅល្បាតជាមួយប៉ុន្មានទេ យើងចុះតែកន្លែងណាដែលមានបញ្ហាច្រើន ដើម្បីជួយប្រធានសហគមន៍ និងបងប្អូនប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយច្បាប់ព្រៃឈើ និងធ្វើការបង្ក្រាបតាមជាក់ស្តែង»។
លោក ឡាត ស៊ើប មេឃុំស្រីស្នំ ថ្លែងនៅថ្ងៃទី ៩ ខែមីនាថា អាជ្ញាធរឃុំបានសហការគ្នាល្អជាមួយកម្លាំងសហគមន៍ក្នុងការការពារ អភិរក្សព្រៃសហគមន៍អូរទឹកចេញនេះជាក់ស្តែងបច្ចុប្បន្នគ្មានបញ្ហាប្រឈមអ្វីគួរឱ្យកត់សម្គាល់ទេ។ ដោយឡែកចំពោះពិធីបំបួសដើមឈើនេះ អាជ្ញាធរឃុំបានចូលរួមបំផុសឱ្យប្រជាពលរដ្ឋមានការចូលរួម ដើម្បីឱ្យមានភាពអធិកអធម និងចូលរួមជួយជាថវិកាដើម្បីថែរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស។
លោកថ្លែងថា៖ «យើងកៀរគរថវិកានេះ ដើម្បីជីកប្រព័ន្ធ [កាយប្រឡាយព្រំ] ជុំវិញ កំណត់ព្រំប្រទល់ជាក់លាក់ ហើយយើងនឹងធ្វើផ្លូវ ធ្វើអីសម្រាប់កងកម្លាំងសហគមន៍យើងល្បាត+ជុំវិញហ្នឹង។ បើសិនមិនទាន់មានថវិកាគ្រប់គ្រាន់ទេ យើងចង់ថា ៥០ ម៉ែត្រ យើងមានបង្គោលព្រំ ១ យើងលាបថ្នាំខៀវក្រហម អ៊ីចឹងទៅដើម្បីកំណត់ឱ្យពលរដ្ឋស្គាល់ព្រំប្រទល់ព្រៃសហគមន៍»៕