ភ្នំពេញៈ អាស៊ាន និងសហរដ្ឋអាមេរិក សម្រេចលើកពេលកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួន ដែលគ្រោងធ្វើនៅចុងខែមីនានេះ ដែលការលើកពេលនេះត្រូវមន្ត្រីអះអាងថា គឺដោយសារការជាប់រវល់ច្រើនរបស់មេដឹកនាំប្រទេសអាស៊ាន។
សហរដ្ឋអាមេរិក ធ្លាប់បានប្រកាសកំណត់យកថ្ងៃទី ២៨-២៩ មីនា ដើម្បីរៀបចំកិច្ចប្រជុំនេះ ដែលបច្ចុប្បន្នមានប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងនាថ្ងៃ ១០ ខែមីនា ថា កិច្ចប្រជុំកំពូលពិសេសដែលគ្រោងធ្វើនេះបានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ បន្ទាប់ពីកាលបរិច្ឆេទត្រូវបានស្នើឡើង សម្រាប់កិច្ចប្រជុំកំពូលនេះ ឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «គួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាងអាស៊ាន និងសហរដ្ឋអាមេរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង»។
បើតាមលោក សុន្ទរី កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេសដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ «ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ»។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១០ ខែមីនា ថា ប្រតិបតិ្តការ និងការសម្រេចចិត្តរបស់អាស៊ាន ពឹងផ្អែកលើគោលការណ៍នៃការពិគ្រោះយោបល់ និងការព្រមព្រៀងគ្នា ឬហៅថា កុងសង់ស៊ីស។ ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់សមាជិកអាស៊ានទាំងអស់ក្នុងការគោរពគោលការណ៍ទាំងនេះ ដើម្បីពង្រឹងមាគ៌ា និងមជ្ឈភាពអាស៊ាន។ លោកថ្លែងថា៖ «ការពន្យារពេលនៃកិច្ចប្រជុំកំពូលពិសេសនេះអាចជារឿងល្អ ព្រោះវាផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អាស៊ាន ដើម្បីធ្វើការរួមគ្នាជាក្រុម ឆ្ពោះទៅកាន់ការធ្វើការសម្រេចចិត្តរួម ទាក់ទងនឹងបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមមុខក្នុងតំបន់ និងពិភពលោក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែមីនា បានស្នើសុំឱ្យលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្រោយពីការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំនេះមិនទាន់បានឯកភាពគ្នានៅឡើយរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកថ្លែងថា អាមេរិក បានកំណត់យកថ្ងៃទី ២៨-២៩ ខែមីនា សម្រាប់កិច្ចប្រជុំនេះ ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួល មិនទាន់បានសម្របសម្រួលអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំនេះនៅឡើយទេ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី ៧ មីនាលោក ហ៊ុន សែន ថ្លែងថា មេដឹកនាំអាស៊ានជាច្រើនទាមទារឱ្យមានការប្រជុំនៅថ្ងៃទី ២៦-២៧ ខែមីនា ប៉ុន្តែអាមេរិកមិនអាចទទួលយកកាលបរិច្ឆេទនេះបានទេ ចំណែកឯមេដឹកនាំអាស៊ាន ៣ ប្រទេសក៏មិនអាចចូលរួមកិច្ចប្រជុំនៅថ្ងៃទី ២៦-២៧ នោះបានដែរ។ ទោះយ៉ាងណាលោក ហ៊ុន សែន សង្ឃឹមថា អាស៊ាន និងអាមេរិកនឹងរកពេលវេលាសមស្របសម្រុះសម្រួលគ្នា ដោយលោកបញ្ជាក់ថាក្នុងនាមជាប្រធានអាស៊ានលោកអាចប្រជុំពេលណាក៏បានក្នុងខែមីនានេះ។
ក្នុងលិខិតចុះថ្ងៃទី ១៤ ខែមករា ផ្ញើមកកាន់លោក ហ៊ុន សែន លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថា រដ្ឋបាលរបស់លោកទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមនៅក្នុងតំបន់៕