
សិក្ខាសាលាពីការបញ្ជ្រាបយេនឌ័រនៅខេត្តសៀមរាបកាលពីថ្ងៃទី ៩ មីនា។ រូបថត គ.ជ.គ.ម.
សៀមរាបៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផ្សព្វផ្សាយពី “គោលការណ៍ណែនាំការបញ្ជ្រាបយេនឌ័រក្នុងការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយបរិយាប័ន្ន” ជូនមន្ត្រីបង្គោលលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយចំនួន ១៣ ខេត្ត ពីថ្ងៃទី ៩ ខែមីនា នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
លោក សៀក វិចិត្រ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ថ្លែងនៅថ្ងៃទី ៩ ខែមីនាថា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោកសហការជាមួយរដ្ឋបាលខេត្តសៀមរាបបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលការណ៍ណែនាំការបញ្ជ្រាបយេនឌ័រក្នុងការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយបរិយាប័ន្ន” ជូនដល់មន្ត្រីបង្គោលលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយចំនួន ១៣ ខេត្តរួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
លោកបន្តថា សិក្ខាសាលានេះធ្វើឡើងដើម្បីណែនាំដល់មន្ត្រីលេខាធិការដ្ឋានគ្រោះមហន្តរាយ ឱ្យបានដឹង និងស្គាល់អំពីគោលការណ៍ណែនាំ និងសារៈសំខាន់ដែលត្រូវធ្វើការបញ្ជ្រាបយេនឌ័រក្នុងការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយបរិយាប័ន្ន និងជាពិសេសបង្កលទ្ធភាពក្នុងការពិភាក្សាលើដំណើរការ និងវិធីសាស្ត្រនានា ដើម្បីជំរុញឱ្យការបញ្ជ្រាបយេនឌ័រទៅក្នុងវដ្ដនៃការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
លោកបន្តទៀតថា វគ្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមវត្តមានលោកស្រី ខូវ សាង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសមាសភាពចូលរួមចំនួន ៤៥ រូប (ស្រី ១០) ។
លោក សៀក វិចិត្រ បញ្ជាក់ថា ស្ត្រីជាអ្នកងាយរងគ្រោះជាងអ្នករងគ្រោះផ្សេងៗទៀត ហេតុនេះ ទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្យាយាមបញ្ជ្រាបយេនឌ័រដល់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីឱ្យបានយល់ជ្រាប ហើយនៅពេលមានបញ្ហាកើតឡើង ស្ត្រីអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង។ ការបញ្ជ្រាបយេនឌ័រក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនេះមានន័យថា ធ្វើយ៉ាងណាឱ្យស្ត្រីបានយល់ដឹង និងចេះការពារខ្លួន ព្រមទាំងចេះការពារក្រុមគ្រួសាររបស់ពួកគេនៅពេលមានគ្រោះមហន្តរាយកើតឡើងផងដែរ។
លោកថា៖ «យើងរកវិធីបែបម៉េចដើម្បីឱ្យគាត់ចេះការពារខ្លួនគាត់ផង ចេះការពារទៅដល់ក្រុមគ្រួសារគាត់ផង ក៏ដូចជាសត្វពាហនៈដែលគាត់មាននៅក្នុងក្រុមគ្រួសារគាត់ដូចគ្នា។ ឧទាហរណ៍ថា នៅរដូវគ្រោះមហន្តរាយគាត់គួរតែមានអ្វីខ្លះដើម្បីគាត់ត្រៀម ហើយប្រសិនបើក្នុងផ្ទះគាត់កំពុងប្រឈមលើគ្រោះមហន្តរាយថា តើគាត់ត្រូវធ្វើយ៉ាងម៉េច និងគួរតែត្រៀមអ្វីខ្លះ?» ។
អ្នកស្រី ចាន់ លីណា ប្រធានសមាគមគាំពារស្ត្រីងាយរងគ្រោះបានថ្លែងពីថ្ងៃទី ៩ ខែមីនា ថា អ្នកស្រីគាំទ្រចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានរៀបចំវគ្គសិក្ខាសាលានេះ ដោយបានចាត់ទុកថា ជាវិធីល្អមួយដែលអាចជួយស្ត្រីឱ្យចេះមានវិធីសាស្ត្រដោះស្រាយ និងជួយគ្នាបានទៅវិញទៅមក នៅពេលមានបញ្ហាកើតឡើង។
អ្នកស្រីថ្លែងថា៖ «ពេលដែលមានបញ្ហាកើតឡើងមានគ្រោះមហន្តរាយយើងត្រូវចេះជួយនៅក្នុងក្រុមគ្រួសារ យើងមើលថា តើនៅក្នុងក្រុមគ្រួសាររបស់យើងហ្នឹងអ្នកណាដែលអត់ចេះហែលទឹកដើរមិនរួចអ៊ីចឹងទៅបើមានគ្រោះទឹកជំនន់យើងត្រូវសង្គ្រោះអ្នកហ្នឹងមុនសិនហើយបានយើងត្រឡប់មកជួយក្រុមគ្រួសារផ្សេងទៀតរួចចាំជួយដល់អ្នកដទៃផ្សេងទៀត» ។
អ្នកស្រីបន្តថា គ្រោះមហន្តរាយមិនមែនមានតែទឹកជំនន់នោះទេគឺមានទាំងគ្រោះរាំងស្ងួត និងគ្រោះអគ្គិភ័យជាដើម ហេតុនេះ នៅពេលឃើញមានគ្រោះមហន្តរាយទាំងនោះស្ត្រីត្រូវឆ្លាតវៃក្នុងការចេះមានវិធីជួយសង្គ្រោះទាំងខ្លួនឯង អ្នកពាក់ព័ន្ធ ជាពិសេសត្រូវចេះប្រយ័ត្នចំពោះការបាត់បង់សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណផ្សេងៗព្រោះជាឯកសារសំខាន់ក្នុងការរស់នៅ៕