​ភ្នំពេញៈ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា គិត​ត្រឹម​ដើមឆ្នាំ​ ២០២២​ នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី និង​បណ្ដុំ​ផ្ទះល្វែង​ចំនួន ៣១០ កន្លែង និង អគារ​ខ្ពស់ៗ​ចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារ​កម្ពស់​ចាប់ពី ២០​ ជាន់​ឡើងទៅ មាន​ចំនួន ២២៥ អគារ​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​ក្នុង​ឆ្នាំ ២០២១ កន្លងទៅ រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​សាងសង់​ថ្មីៗ​ពី​វិស័យ​ឯកជន ចំនួន ១ ០៥០ គម្រោង លើ​ផ្ទៃក្រឡា​សំណង់ សរុប​ជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជាង ២,២៦ ពាន់​លាន​ដុល្លារ​អាមេរិក ធ្វើឱ្យ​រាជធានី​ភ្នំពេញ​កាន់​តែមាន​ភាពស្រស់​បំព្រង មិន​ចាញ់​បណ្តា​ទីក្រុង​នៃ​ប្រទេស​ក្បែរ​ខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​បើក​លក់​ជា​ផ្លូវការ​លំនៅឋាន​-​ដីឡូត៍ របស់​គម្រោង តា​មោក​ស៊ី​ធី​លែ​ន ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ស្ថិតក្នុង​ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្តទៀតថា​៖«​គម្រោង តា​មោក​ស៊ី​ធី​លែ​ន​លើ​ការបណ្តាក់ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត នៃ​ការអនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​»​។

​លោក​បន្តថា រាជរដ្ឋាភិបាល បាន​ខិតខំ​ទាក់ទាញ​ការវិនិយោគ ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​គឺ​ការខិតខំ​បង្កើន​ជំនឿ​ជឿជាក់ ជូន​ដល់​ពាណិជ្ជករ វិនិយោគិន និង​ធុរជន ដើម្បី​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា សំដៅ​រួមចំណែក​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។

​បើទោះបី​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ កន្លងទៅ វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ការគំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងណាក្តី ប៉ុន្ដែ លោក​អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​៖«​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ ប៉ិនប្រសប់ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​លើ​បញ្ហា​ទាំងនេះ និង​បាន​ដាក់ចេញ​នូវ​វិធានការ​គាំពារ សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​វិស័យសេដ្ឋកិច្ច​-​សង្គមកិច្ច រក្សា​លំនឹង​ផលិតកម្ម​-​អាជីវកម្ម និង​បង្កើន​ភាព​ធន់​ដល់​វិស័យ​ឯកជន​»​។

​លើសពី​នះ រាជរដ្ឋាភិបាល តែងតែ​ចាត់ទុកថា វិស័យ​ឯកជន គឺ ជា​កម្លាំងចលករ​នៃ​ការអភិវឌ្ឍ និង​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​ការសម្រេចបាន​នូវ​អត្រា​ការចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក ដែល​សម្រេចបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាជន ក្នុង​កម្រិត​ខ្ពស់​ជាងគេ និង​កំពុង​បង្កើតបាន​ភាពស៊ាំ​សហគមន៍​ពិតប្រាកដ សម្រាប់​ជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន ខឿន​សុខុមាលភាព​សាធារណៈ និង​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​។

​លោក​អភិបាល​រាជធានី​បញ្ជាក់ទៀតថា ទន្ទឹមគ្នា​នឹង​វឌ្ឍនភាព ក៏ដូចជា​និន្នាការ​ជា​វិជ្ជមាន​ទាំងនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា នឹង​បន្ត​ងើបឡើង​វិញ នា​បណ្ដា​ឆ្នាំ​ខាងមុខ​យ៉ាង​ឆាប់រហ័ស ស្របតាម​ការកើនឡើង​នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត របស់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស ដែលជា​សក្តានុពល​ដ៏​ធំ​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជកម្ម

​លោក​ឃួ​ង ស្រេង លើកឡើងថា​៖«​គម្រោង​លំនៅឋាន​-​ដី​ឡូ​តិ៍​តា​មោក​ស៊ី​ធី​លែ​ន ដែល​បាន បើក​ដំណើរការ នាពេលនេះ គឺជា​មនុញ្ញផល

​នៃ​សន្តិភាព តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវ​រួបរួមគ្នា ដើម្បី​ការពារ​សន្តិភាព ព្រោះថា សន្តិភាព មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ហើយ​ដរាបណា​យើង​មាន​សន្តិភាព នោះ​ទើប​ជាតិ​មាតុភូមិ យើង​មានការ​អភិវឌ្ឍ​រីកចម្រើន ទៅមុខ​បន្ថែមទៀត​»​។

​ជាមួយគ្នានេះ លោក​អភិបាល​រាជធានី ក៏បាន​អំពាវនាវ​ឱ្យ​បុគ្គលិក កម្មករ​-​និយោជិត ក្រុម សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង ប្រជាពលរដ្ឋ​គ្រប់ មជ្ឈដ្ឋាន ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​វិធានការ “៣ ការពារ និង ៣​ កុំ​” របស់ លោកនាយក​រដ្ឋមន្ត្រី ព្រមទាំង​ត្រូវ​រួសរាន់​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ឬនាំយក​បុត្រ​ធីតា​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ឱ្យបាន​គ្រប់គ្នា ព្រោះថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង និង​ប្រភេទ​ផ្សេងៗ​ទៀត យ៉ាង​មាន​ប្រសិទ្ធភាព​៕

វីដេអូ៖