
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ចូនបានបើកសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០២២ -២០២៤ និងការបណ្ដុះបណ្ដាលដល់មន្ត្រីបង្គោលដើម្បីរៀបចំធាតុចូលនៃការងារកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស.) ៣ ឆ្នាំរំកិល ២០២៣-២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១០ខែ មីនា ឆ្នាំ ២០២២ នេះ។
សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីម៉ម រមនារដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួងផែនការ វិស័យឯកជន និងសិក្ខាកាមដែលមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តប្រមាណ ៦០ រូបផងដែរ។
លោកស្រីរដ្ឋលេខាធិការបានថ្លែងថា ដំណើរនៃការរៀបចំកម្មវិធីវិនិយោគ សាធារណៈ(ក.វ.ស) ៣ ឆ្នាំរំកិល ២០២២-២០២៤ និងការបណ្ដុះបណ្ដាលកម្មវិធីវិនិយោគសាធារណៈ(ក.វ.ស)៣ឆ្នាំរំកិល២០២៣-២០២៥ នេះ គឺជាការបន្តអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការរៀបចំសុខដុមនីយកម្មការងារផែនការចំណាយវិនិយោគសាធារណៈ និងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលដឹកនាំដោយស្ថាប័នកណ្ដាលចំនួន ៤។ ក្នុងនោះរួមមាន ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «ការងារនេះ គឺជាគោលដៅសំខាន់នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកស្រីក៏បានស្នើឱ្យតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ពិនិត្យគម្រោងរបស់ខ្លួនឱ្យបានច្បាស់លាស់។ ក្នុងករណីមានភាពមិនច្បាស់លាស់ ឬក្នុងករណី មានការកែប្រែ សូមស្នើឱ្យមន្ដ្រីបច្ចេកទេស (មន្ត្រីជាជនបង្គោល) ទំនាក់ទំនងជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ ក្រោយពីការបញ្ចប់សិក្ខាសាលា នេះ ដើម្បីនាយកដ្ឋានផែនការមានលទ្ធភាពបញ្ចប់ការងារ ក.វ.ស.៣ឆ្នាំរំកិល ២០២៣-២០២៥ និងផ្ញើជូនទៅក្រសួងផែនការ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២នេះ៕