ភ្នំពេញៈ ជប៉ុនចុះហត្ថលេខាផ្តល់ជំនួយជាង ៨១ ម៉ឺនដុល្លារអាមេរិកដល់អង្គការ Nature Center Risen និងអង្គការ Save the Children Japan ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា។
កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានាថ្ងៃទី១១ ខែមីនា ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការទាំង២ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១១ ខែមីនា បានឱ្យដឹងថា ក្នុងថវិកាជំនួយជាង ១២ ម៉ឺនដុល្លារអាមេរិក អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាននៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់សម្ភារ និងឧបករណ៍អប់រំ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ និងការអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង។
អង្គការនេះនឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់ការអប់រំអំពីបរិស្ថាន ដោយសហការជាមួយវត្តអារាម មណ្ឌលសុខភាព ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងមន្ទីរបរិស្ថានខេត្ត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ នឹងអាចដើរតួនាទីស្នូលក្នុងការលើកកម្ពស់ និងអប់រំការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ហាបរិស្ថាន។ យើងរំពឹងថា គម្រោងនេះនឹងជួយកែលម្អបរិស្ថានរស់នៅទូទាំងប្រទេសកម្ពុជា»។
សម្រាប់ថវិកាចំនួនជាង ៦៩ម៉ឺនដុល្លារអាមេរិក អង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងមន្ត្រីសាលារៀន បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិសម្រាប់ការការពារកុមារនៅតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន។
ប្រភពដដែលបញ្ជាក់ថា តាមរយៈគម្រោងនេះ សិស្សប្រហែល ១២ ០០០នាក់ និងគ្រូបង្រៀនចំនួន ៤៤០ នាក់នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤៩ លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៤៧ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕