គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបង្ហាញលទ្ធផលនៃការការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បន្ទាប់ពីបានចូលរួមពិនិត្យរបាយការណ៍ជាមួយភាគីពាក់ព័ន្ធអស់រយៈពេល ៣ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់ CHRC ចុះថ្ងៃទី១១ ខែមីនានេះ បានឱ្យដឹងថា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចំនួន ៩រូប ចូលរួមការពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ការពិនិត្យរបាយការណ៍ជាតិរបស់កម្ពុជា បានប្រព្រឹត្តទៅក្នុងទម្រង់ហាយប្រ៊ីដ (Hybrid) ដោយគណប្រតិភូអន្តរក្រសួង/ស្ថាប័ន ចូលរួមតាមប្រព័ន្ធវីដេអូ ហើយឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុង ហ្សឺណែវ ចូលរួមនៅក្នុងសាលប្រជុំដោយផ្ទាល់ជាមួយ សមាជិក សមាជិកា របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
CHRC បន្តថា ការពិនិត្យរបាយការណ៍ជាតិ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគី ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នា អំពីបញ្ហាសិទ្ធិមនុស្សនោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ចសន្ទនាបែបស្ថាបនា រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅ ចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅការងារទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្តនិងការគោរព តាមបទប្បញ្ញត្តិ ICCPR។ ក្រោយពីបញ្ចប់កិច្ចសន្ទនា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងចេញជាអនុសាសន៍ផ្សេងៗសម្រាប់ឱ្យរដ្ឋភាគី ពិនិត្យនិងពិចារណាក្នុងការអនុវត្តបន្តទៀត ដើម្បីបំពេញនូវចំណុចខ្វះខាត និងធ្វើឱ្យស្ថានភាពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
CHRC បន្តថា នៅក្នុងកិច្ចសន្ទនារយៈពេលបីថ្ងៃនេះ សមាជិក សមាជិកានៃគណៈកម្មាធិការបានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃ ICCPR ព្រមទាំងលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែម ពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលម្ហប្រជាធិបតេយ្យនិងសង្គមស៊ីវិល សិទ្ធិបោះឆ្នោតនិងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហាយុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច ជាដើម។
CHRC បានគូសបញ្ជាក់ថា ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហាដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្ត ជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ព្រមទាំងបានធ្វើការបង្ហាញពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលផងដែរក្នុងកិច្ចការលើកស្ទួយនិងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាង ថែរក្សាបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ។
CHRC បានធ្វើការសន្និដ្ឋានថា ដំណើរការនៃកិច្ចសន្ទនាបែបស្ថាបនានេះ បានផ្តល់ជាវេទិកាមួយសម្រាប់កម្ពុជា ដែលជារដ្ឋភាគីនៃ ICCPR ក្នុងការបង្ហាញនូវសមិទ្ធផលនានាដែលសម្រេចបាន ពន្យល់ បកស្រាយ ចំពោះការចោទប្រកាន់ផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាសក្នុងការទទួលបានអនុសាសន៍ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សផងដែរ៕