ក្នុងខែមីនានេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បណ្តុះបណ្តាល ៣ កម្រិតផ្សេងគ្នា ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានតាមប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ការអប់រំកូនបែបវិជ្ជមានតាមរយៈការបង្កើនចំណេះដឹង និងជំនាញ និងការស្វែងរកការគាំទ្រសមស្រប និងទាន់ពេលវេលា។
សេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងកិច្ចការនារី អង្គការឆាលហ្វាន (ChildFund) អង្គការយូនីសេហ្វ (UNICEF) និងអង្គការ សង្រ្គោះកុមារ (Save the Children) ដែលភ្នំពេញប៉ុស្ដិ៍ទទួលបាននាថ្ងៃទី១០ ខែមីនា បញ្ជាក់ថា ឧបករណ៍បណ្តុះបណ្តាលដែលបង្កើតឡើងដោយក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបញ្ចប់ទណ្ឌកម្មលើរាងកាយ ការកេងប្រវ័ញ្ច និងការមិនយកចិត្តទុកដាក់លើកុមារនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរួមនេះបានដកស្រង់ការស្ទង់មតិដែលធ្វើឡើងដោយក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធ ដែលបានរកឃើញថា កុមារកម្ពុជាជាង ៥០ភាគរយ បានរងនូវអំពើហិង្សាផ្លូវចិត្ត ២៥ភាគរយបានរងនូវអំពើហិង្សាផ្លូវអារម្មណ៍ និង ៥ភាគរយត្រូវបានរំលោភបំពានផ្លូវភេទពីសមាជិកគ្រួសាររបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា៖ «កត្តាទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះជីវិត និងក្តីសង្ឃឹមសម្រាប់អនាគតកុមារ ក៏ដូចជាគ្រួសារ សហគមន៍ និងសង្គមទាំងមូល។ យើងដឹងថា ជំងឺកូវីដ១៩ បានបន្ថែមសម្ពាធលើស្ថានការណ៍នេះបន្ថែមទៀត ដោយសារហានិភ័យនៃអំពើហិង្សាលើកុមារបានកើនឡើង ដោយសារការបាត់បង់ប្រាក់ចំណូល និងជីវភាពរស់នៅ»។
ឆ្លើយតបទៅនឹងលទ្ធផលស្រាវជ្រាវនេះ អង្គការយូនីសេហ្វ អង្គការឆាលហ្វាន និងអង្គការ សង្រ្គោះកុមារ បានសហការជាមួយក្រសួងកិច្ចការនារី ដោយបានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានឆ្នាំ ២០១៧-២០២១។ ផែនការនេះក៏បានណែនាំឱ្យបង្កើតឡើងនូវឧបករណ៍បណ្តុះបណ្តាលទាំងបី និងពង្រីកការអនុវត្តផងដែរ។
ឧបករណ៍បណ្តុះបណ្តាលដែលបែងចែកជា ៣កម្រិត មានបំណងលើកកម្ពស់ការអប់រំកូនបែបវិជ្ជមាន តាមរយៈការបង្កើនចំណេះដឹង និងជំនាញ និងការស្វែងរកការគាំទ្រសមស្រប និងទាន់ពេលវេលា។
សេចក្តីណែនាំ និងធនធានដែលផ្តល់ដោយឧបករណ៍ទាំងនេះ មានបំណងបង្កើតឡើងនូវបរិយាកាសគ្រួសារមួយដែលមានសុវត្ថិភាព អហិង្សា និងមានសមភាពយេនឌ័រ ដែលកុមារអាចមានទំនាក់ទំនងល្អជាមួយឪពុកម្តាយ ឬអាណាព្យាបាល និងដែលអាចលូតលាស់ដោយអារម្មណ៍សុវត្ថិភាព និងក្លាយជាសមាជិកសង្គមដ៏ជោគជ័យម្នាក់។
អង្គការយូនីសេហ្វ អង្គការឆាលហ្វាន និងអង្គការសង្គ្រោះកុមារ បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្សព្វផ្សាយឧបករណ៍បណ្តុះបណ្តាលទាំងនេះ។
តាមរយៈការផ្សព្វផ្សាយឧបករណ៍ទី ១ និងទី ២ កន្លងមក ឪពុកម្តាយ និងអាណាព្យាបាលច្រើនជាង ៩ម៉ឺននាក់ ត្រូវបានបណ្តុះបណ្តាល។ ការផ្សព្វផ្សាយឧបករណ៍ទី ៣ ក្នុងខែនេះ នឹងបន្តផ្តល់ការគាំទ្រដល់កុមារងាយរងគ្រោះ និងគ្រួសាររបស់ពួកគេ ច្រើននាក់បន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរួមនេះបានស្រង់សំដីលោកស្រី អ៊ឹង កន្ថាផាវី ថា ក្រសួងកិច្ចការនារី បេ្តជ្ញាចិត្តបន្តអនុវត្ត និងពង្រីកកម្មវិធីអប់រំកូនបែបវិជ្ជមាននេះ ដើម្បីធានាថាកុមាររស់នៅដោយសុវត្ថិភាព ធំលូតលាស់បានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងក្លាយជាធនធានដ៏មានសក្តានុពលនៅពេលពេញវ័យ។
លោកស្រីត្រូវបានស្រង់សំដីថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងពាក់ព័ន្ធ អង្គការ និងដៃគូពាក់ព័ន្ធទាំងអស់ បន្តវិនិយោគលើកុមារ និងកម្មវិធីអប់រំកូនបែបវិជ្ជមាននេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
ឧបករណ៍បណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីកសាងចំណេះដឹង និងជំនាញដល់ឪពុកម្តាយ អាណាព្យាបាល ពីការទទួលខុសត្រូវរបស់ពួកគេ ចំពោះកុមារ រួមមានដូចជា ការអភិវឌ្ឍរបស់កុមារ ការដាក់ពិន័យបែបវិជ្ជមាន សិទ្ធិកុមារ និងកិច្ចការពារកុមារ ជីវភាពរស់នៅរបស់ឪពុកម្តាយ និងទំនាក់ទំនងក្នុងគ្រួសារ ព្រមទាំងបណ្តុះបណ្តាលកុមារឱ្យចេះឆ្លុះបញ្ចាំងពីខ្លួនឯង ពីល្បិចកលរបស់មនុស្សពេញវ័យ និងរបៀបក្នុងការស្វែងរកជំនួយ៕