​ភ្នំពេញៈ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​(CDC) ​បានប្រកាស​រកឃើញ ករណី​ជំងឺ​ផ្តាសាយ​​បក្សី​ប្រភេទ A/H9 (Influenza A/H9) ​តាមរយ​:​ប្រព័ន្ធ​តាមដាន​ជំងឺ​រលាក​សួត លើ​ទារិកា​អាយុ​​ជាង ​១ ​ឆ្នាំ ដោយមាន​រោគសញ្ញា​គ្រុនក្តៅ និង​ពិបាក​ដក​​ដង្ហើម ខណៈ​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងបានឱ្យដឹងថា ទារិកា​នោះ​រស់នៅក្នុងភូមិ​ត្រពាំងរុន ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប និង​បានទទួល​ការ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។​

CDC បាន​រកឃើញថា ទីតាំង​ទារិកា​ដែល​រស់នៅ​ក្នុងភូមិ​នោះ មាន​មាន់​ងាប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ខែកុម្ភ​: ឆ្នាំ​ ២០២២ មក ហើយ​តាមរយៈ​លទ្ធផល​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍ ថ្នាក់ជាតិ​នៅ​ថ្ងៃទី​ ១០ ខែ មីនា ឆ្នាំ ២០២២ បញ្ជាក់ថា វិជ្ជមាន Influenza A/H9​។​

​ក្រោយ​រកឃើញ​នេះ ក្រសួងសុខាភិបាល បាន​បញ្ជូន​មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង សហការ​ជាមួយ​មន្ត្រី​ក្រុម​ឆ្លើយតប​បន្ទាន់​ខេត្ត ចុះ​អង្កេត​ស្រាវជ្រាវ បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត និង​អប់រំ​សុខភាព​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។​

​ក្នុងករណី​មានការ​សង្ស័យថា មាន​ជំងឺផ្តាសាយបក្សី សូម​ផ្តល់ព័ត៌មាន​ដល់​ពេទ្យសត្វ និង​សហការគ្នា​ឆ្លើយ​​តប​នៅ​មូលដ្ឋាន ឬ​អាចទាក់ទង​ព័​ត៌​មាន​បន្ថែម​លេខ​ ១១៥​។​

​ក្រោយ​ការរកឃើញ​នេះ រដ្ឋលេខា​​ធិ​ការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​ចំពោះ​ជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) ខណៈ​មេរោគ​នេះ​បានកើត​ទៅលើ​ទារិកា​អាយុ​ ១ ​ឆ្នាំ ១ ​ខែ ដោយមាន​រោគសញ្ញា​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម​។​

​លោកស្រី​បន្តថា ក្រសួង​សុខា​ភិ​​បាល​បាន​កំពុង​ស្រាវជ្រាវ​យ៉ាង​យក​​ចិត្ត​ទុកដាក់​បំផុត​ចំពោះ​ជំងឺ​ផ្តាសាយ​​បក្សី ប្រភេទ A/H9 (Influenza A/H9)​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រូ​ស សារ៉ាត់ ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​យ៉ាងខ្លី​ថា អាជ្ញា​ធរមាន​សមត្ថ​​កិច្ច​កំពុងមាន​វិធានការ និង​តាមដាន​ដោយ​យកចិត្តទុកដាក់​លើករ​ណី​នេះ​។ ចំណែក​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​ថ្លែងថា ក្រោយ​ការរកឃើញ​នេះ ខាង​មន្ត្រី​ជំនាញ​កសិកម្ម​បាន​ចុះទៅពិនិត្យ និង​បាញ់សម្លាប់​មេរោគ​នៅ​ទីតាំង​កើតហេតុ និង​បរិវេណ​ក្បែរ​នោះ​។​

​លោក​ថា​៖ «​ឥឡូវនេះ​ខ្ញុំ​ទុកឱ្យ​ខាង​កសិកម្ម​លោក​ចុះទៅពិនិត្យ​ និង​បាញ់សម្លាប់​មេរោគ ដើម្បី​ស្រាវជ្រាវ​បន្តទៀត បើសិន​មាន​ករណី​ផ្សេង​នៅតាម​ស្រុក ហើយ​ខាង​កសិកម្ម​កំពុង​តាមដាន​ជាមួយ​កសិដ្ឋាន​ផ្សេងៗ​ក្រែង​មាន​ជាប់​ពាក់ព័ន្ធ​មេរោគ​នេះ​ទៀត​»​។​

​លោក​បន្តថា ក្រោយពី​ការរកឃើញជំងឺផ្តាសាយបក្សី​ប្រភេទ A/H9 លើ​ទារិកា​អាយុ​ជាង ​១ ​ឆ្នាំ រហូតមកដល់​ពេលនេះ ​ពុំទាន់​រកឃើញ​ជំងឺ​នេះ​លើ​អ្នកផ្សេង​នោះទេ​៕

វីដេអូ៖