ភ្នំពេញៈ ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណ ១១៣ លានដុល្លារ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ខណៈថវិកាទាំងនោះសំដៅសំខាន់សម្រាប់ក្រុមដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានាដែលអាចកើតមាន។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយពីក្រុងវ៉ាស៊ីនតោនចុះថ្ងៃទី ១០ ខែមីនា បានឱ្យដឹងថា ហិរញ្ញប្បទាននេះ គឺជាដំណាក់កាលទី២ នៃគម្រោងការលើកកម្ពស់សមធម៌ និងគុណភាពនៃការថែទាំសុខភាព (H-EQIP-2) ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស ខណៈដំណាក់កាលទី១ នៃគម្រោងនេះ មានរយៈកាលពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២២។
ធនាគារពិភពលោកបានលើកឡើងក្នុងសេចក្តីប្រកាសថា៖ «កម្ពុជាកំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០៣០»។
ធនាគារនេះបានបន្តថា៖ «កញ្ចប់ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល សម្រាប់រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវាតាមរយៈការលើកកម្ពស់ការយល់ដឹង, កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។ គម្រោងនេះនឹង ជួយដល់កម្មវិធីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និងផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារ។ គម្រោងនេះមានគោលដៅផងដែរឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្ស នៅទូទាំងប្រទេស»។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) តំណាងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំ សុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ។
លោកស្រីបន្ថែមទៀតថា៖ «គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើ តាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព»។
ហិរញ្ញប្បទានថ្មីនេះសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់ ៥៥ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨ លានដុល្លារ មកពីប្រទេសអូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រទេសកូរ៉េខាងត្បូង និងសេវាហិរញ្ញប្បទានសកល។
ប្រទេសកម្ពុជា នឹងរួមចំណែកទឹកប្រាក់ចំនួន ១៨៦ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានបដិភាគ ក្នុងគម្រោងនេះ។ នេះបើតាមការអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ មីនាថា លោកមិនទាន់ច្បាស់ពីគម្រោងអនុម័តថវិការបស់ធនាគារពិភពលោកនេះនៅឡើយ។ ប៉ុន្តែលោកបានលើកឡើងថា តាមរយៈសកម្មភាពកន្លងមកធនាគារពិភពលោក គឺតែងតែមានកិច្ចសហការល្អជាមួយក្រសួងសង្គមកិច្ចជាច្រើនលើកិច្ចការងារសេវាថែទាំសុខភាព និងរដ្ឋាភិបាលតាមរយៈការទម្លាក់កញ្ចប់ថវិកាទៅកាន់ក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើការបែងចែងថវិកាទាំងនោះមកក្រុមគោលដៅ។
លោក សំហេង បុរស បានរៀបរាប់ថា៖ «យើងមិនដឹងថាការកំណត់ថវិកាថ្មីរបស់ធនាគារនេះមានលំហូររបៀបម៉េចទេ? គ្រាន់ជារួមក្នុងកិច្ចគាំទ្រដល់សេវាថែទាំសុខភាពនេះ រដ្ឋាភិបាលយើងក៏មានថវិកាផ្ទាល់ក្នុងការប្រើប្រាស់នេះដែរ។ យ៉ាងណាដៃគូពិភពលោកនេះ ក៏បានជួយការងារយើងច្រើនដែរនាពេលកន្លងមក ដោយជួយដល់ផ្ទាល់ជាមួយពលរដ្ឋ និងតាមរយៈរដ្ឋាភិបាលយើង»។
ជាមួយនឹងការអះអាងបែបនេះ លោក សំហេង បុរស ក៏បានប្រកាសស្វាគមន៍រាល់អំណោយ និងការជួយនានា ដើម្បីធ្វើយ៉ាងណារួមគ្នាលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពឱ្យមានគុណភាពនៅប្រទេសឱ្យស្របតាមការអនុវត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីផ្តល់ផលដល់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស៕