កំពង់ឆ្នាំងៈ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិខ្លែងព័រ នៃឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននាំគ្នាលុកចូលក្នុងព្រៃ និងតាមជ្រលងដងភ្នំមួយចំនួននៅក្នុងខេត្តនេះ ដើម្បីរករុក្ខជាតិឱសថយកមកកាប់ចញ្ច្រាំ និងហាលសម្ងួតសម្រាប់លក់ឱ្យឈ្មួញលក់ឱសថបុរាណនៅភ្នំពេញ តាមរយៈឈ្មួញកណ្ដាលក្នុងសហគមន៍ពួកគាត់។
លោក កៅ មឿន មេភូមិខ្លែងព័រ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មុខរបរនេះ គឺជាមុខរបរបន្ទាប់បន្សំមួយ នៅក្នុងការជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បន្ទាប់ពីការធ្វើស្រែចម្ការ។ ដំបូងឡើយមានអ្នកភូមិរបស់លោកប្រមាណ ៦-៧ គ្រួសារប៉ុណ្ណោះ រួមទាំងគ្រួសារលោកផង ដែលបានប្រកបមុខរបរនេះ បន្ទាប់ពីធ្វើស្រែចម្ការ។ ប៉ុន្តែបច្ចុប្បន្ន អ្នកភូមិសឹងតែគ្រប់ផ្ទះ បាននាំគ្នាចាប់រកមុខរបរនេះ ជាពិសេសតាំងពីមានការឆ្លងរីករាលដាលនៃជំងឺ ១៩។
លោកថ្លែងថា៖ «ក្នុង ១ សប្ដាហ៍ម្ដង ខ្ញុំបានឡើងភ្នំ ដើម្បីកាប់ កាត់ និងជីកគាស់មើមរុក្ខជាតិឱសថ យកមកឱ្យប្រពន្ធខ្ញុំកាប់ចិញ្ច្រាំ និងហាលសម្ងួតទុកលក់ឱ្យឈ្មួញកណ្ដាលដែលគេយក
ទៅលក់បន្តឱ្យអ្នកលក់ឱសថបុរាណក្នុងរាជធានីភ្នំពេញ។ តាមរយៈមុខរបរបន្ទាប់បន្សំនេះ គ្រួសារខ្ញុំអាចរកប្រាក់ចំណូលបន្ថែមពី ៣០-៤៥ ម៉ឺនរៀល ក្នុង ១ ខែផងដែរ»។
បើតាមលោក មឿន គាត់បានចំណាយពេល ២-៣ ថ្ងៃ ដើម្បីចូលព្រៃ ឬឡើងភ្នំស្វែងរករុក្ខជាតិឱសថ ដូចជា មើមទំពាំងបាយជូរព្រៃ,មើមរពាក់, មើមវល្លិគុយ, ប៉ប្រក, ទេព្វិរូ, សម្បក-កណ្ដោល, ពពេលខែ, កណ្ដាប់ឈ្នាង, ដំរី ៥ ដក, កម្រើកគុម្ព, ឆ្កែស្រែង, ក្ដាំងងា, ល្វាព្រៃ និងដើមត្រចៀកជ្រូកជាដើម។
ចំណែកតម្លៃវិញ គឺអាស្រ័យទៅលើប្រភេទនៃរុក្ខជាតិឱសថនីមួយៗ និងអាស្រ័យទៅតាមរដូវកាល។
លោកបានបញ្ជាក់ថា៖ «នៅក្នុងរដូវប្រាំងតម្លៃមិនសូវជាបានថ្លៃនោះទេ គឺប្រមាណពី ៥០០ រៀលទៅ ៣ ០០០ រៀល ក្នុង ១ គីឡូក្រាម អាស្រ័យដោយប្រភេទរុក្ខជាតិនីមួយៗដែលគេពេញនិយម។ ម្យ៉ាងទៀតក្នុងរដូវប្រាំងអ្នកភូមិជាច្រើន បានរករុក្ខជាតិឱសថនេះ ដើម្បីកាប់ចិញ្ច្រាំ និងហាលលក់ ព្រោះវាមានថ្ងៃងាយហាលសម្ងួត»។
ស្រដៀងគ្នានេះដែរ លោក ឈឿង ឃា អាយុ ៥៦ ឆ្នាំ ជាជាងឈើនៅក្នុងភូមិខ្លែងព័រ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីមុនគាត់មិនដែលចូលព្រៃ ដើម្បីរករុក្ខជាតិឱសថទុកលក់នោះទេ។
ក្រៅពីការងារស្រែចម្ការគាត់តែងតែដើរម៉ៅការសាងសង់នៅក្នុងភូមិជាមួយគ្នា ឬនៅតាមភូមិស្រុកផ្សេងទៀត ប៉ុន្តែតាំងពីមានការបិទខ្ទប់ប្រទេសដោយសារការរាតត្បាតជំងឺកូវីដ ១៩ មកគាត់មិនអាចរកប្រាក់បន្ថែមតាមរយៈការម៉ៅការសំណង់ទៀតឡើយ។
លោកបានបញ្ជាក់ថា៖ «ធ្វើស្រែតែមួយមុខមិនអាចលើកស្ទួយជីវភាពគ្រួសារយើងបានទេ។ អ៊ីចឹងហើយបានជាខ្ញុំ និងប្រពន្ធខ្ញុំ រួមទាំងកូន ២ នាក់ទៀត បាននាំគ្នាចូលព្រៃរកវល្លិឫសឈើ សម្បកឈើ ផ្សិត និងមើមរុក្ខជាតិឱសថ ១ ចំនួនទៀត មកកាប់ចិញ្ច្រាំហាលថ្ងៃទុកលក់ ដើម្បីជួយទំនុកបម្រុងក្នុងជីវភាពគ្រួសារ»។
ថ្វីបើការងារបន្ទាប់បន្សំថ្មីនេះអាចជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារក្ដី ប៉ុន្តែលោក ឃា ហាក់មិនសូវរីករាយនោះទេ នៅពេលសួរថា តើក្នុង ១ ខែ គ្រួសារលោកទទួលបានប្រាក់ចំណូលពីការរុករករុក្ខជាតិឱសថប៉ុន្មាន?
លោក ឃា បានដកដង្ហើមធំហើយបាននិយាយថា៖ «បានតែ ២០-៣០ ម៉ឺនរៀលតែប៉ុណ្ណោះ។ ព្រោះពេលខ្លះឈ្មួញកណ្ដាលគេមិនទិញ ដោយអះអាងថា គ្មានការបញ្ជាទិញពីភ្នំពេញ»។
ទន្ទឹមនឹងនេះ លោក ឃា បាននិយាយថា គាត់ និងអ្នកភូមិខ្លែងព័រ ស្គាល់ឈ្មោះដើមរុក្ខជាតិឱសថ ប៉ុន្តែគ្មាននរណាម្នាក់ចេះផ្សំរុក្ខជាតិឱសថទាំងនោះសម្រាប់ព្យាបាលជំងឺឡើយ។ នេះជាមូលហេតុដែលនាំឱ្យពួកគាត់មិនអាចផ្សំរុក្ខជាតិឱសថទាំងនោះ ដើម្បីលក់ក្នុងតម្លៃខ្ពស់បាន។
បើតាមលោក ឃា ឥឡូវនេះអ្នកភូមិរបស់លោកប្រមាណ ៣០-៤០ គ្រួសារ ហើយបាននាំគ្នាប្រកបមុខរបរ បន្ទាប់បន្សំនេះ។ វាក៏ជានិន្ននាការមួយដែលធ្វើឱ្យតម្លៃនៃរុក្ខជាតិឱសថធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយអាចប្រឈមនឹងការបាត់បង់ពូជរុក្ខជាតិឱសថមួយចំនួនពីក្នុងព្រៃធម្មជាតិទៀតផង។
នៅកែងផ្សារអូរឫស្សីមានហាងលក់ឱសថបុរាណយ៉ាងច្រើន។ ហាងខ្នាតតូចជាច្រើនទាំងនោះ គឺជាការបញ្ជាក់ពីជំនួញឱសថបុរាណរបស់កម្ពុជាដែលកំពុងរីកលូតលាស់។ រុក្ខជាតិឱសថភាគច្រើនប្រមូលទិញពីឈ្មួញកណ្ដាល ដែលនាំមកពីបណ្ដាទីជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា ហើយខ្លះទៀតនាំចូលពីក្រៅប្រទេស។
អ្នកស្រី គង់ ខៀវឆេង អាយុ ៣៦ ឆ្នាំ ម្ចាស់ហាងឱសថបុរាណ សញ្ញាមើមប្រង់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជាទូទៅហាងរបស់អ្នកស្រីប្រមូលទិញរុក្ខជាតិឱសថពីតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ប៉ុន្តែភាគច្រើនមកពីខេត្តកំពង់ឆ្នាំង បាត់ដំបង និង ខេត្តព្រះសីហនុ។
អ្នកស្រីបានបញ្ជាក់ថា៖ «ហាងយើងខ្ញុំមិនប្រមូលទិញពីប្រជាពលរដ្ឋដោយផ្ទាល់ទេ ហើយក៏មិនគ្រប់ប្រភេទរុក្ខជាតិឱសថដែរ គឺយើងបញ្ជាទិញពីឈ្មួញកណ្ដាលនៅតាមខេត្ត តាមការបញ្ជាទិញពីគ្រូផ្សំថ្នាំឱសថបុរាណមួយចំនួនតែប៉ុណ្ណោះ»។
ថ្វីដ្បិតជាអ្នកប្រកបមុខរបរលក់រុក្ខជាតិឱសថបុរាណ ប៉ុន្តែអ្នកស្រី ខៀវឆេង មិនចេះផ្សំរុក្ខជាតិឱសថទាំងនោះសម្រាប់ព្យាបាលជំងឺឡើយ ក្រៅពីអាចយល់ដឹងខ្លះៗថា រុក្ខជាតិឱសថខ្លះអាចព្យាបាលជំងឺ ក្រពះ ពោះវៀន រ៉ាំរ៉ៃបាន ហើយរុក្ខជាតិឱសថខ្លះទៀត អាចព្យាបាលជំងឺសន្លាក់ និងសរសៃ និងជំងឺលើសឈាម ឬលើសជាតិស្ករបាន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអាចដឹងខ្លះៗពីប្រភេទរុក្ខជាតិឱសថ ដែលអាចព្យាបាលជំងឺ ដូចជា ក្រពះ ពោះវៀន សន្លាក់ សរសៃ លើសសម្ពាធឈាម ឬលើសជាតិស្ករ ប៉ុន្តែខ្ញុំមិនមែនជាគ្រូឱសថបុរាណទេ ដូច្នេះនៅពេលមានអតិថិជនមករកទិញហើយសុំឱ្យខ្ញុំជួយផ្សំថ្នាំឱសថបុរាណនោះ គឺខ្ញុំតែងតែបដិសេធ»។
ជុំវិញការជាវរុក្ខជាតិឱសថមកផ្សំដើម្បីព្យាបាលជំងឺខ្លួនឯងដោយមិនបានពិគ្រោះពីគ្រូពេទ្យជំនាញផ្នែកឱសថបុរាណ និងដោយគ្មានការថ្លឹងឱ្យបានត្រឹមត្រូវតាមកម្រិតដូសនៃសារធាតុគីមីដែលមាននៅក្នុងរុក្ខជាតិឱសថនោះ អាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កឱ្យមានជំងឺក្រិនថ្លើម ឬបង្កឱ្យពុលស្លាប់ភ្លាម។ នេះបើតាម លោក ចាន់ ស៊ីណេត គ្រូពេទ្យឯកទេសផ្នែកឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំនៃមន្ទីរពេទ្យបង្អែកកម្ពុជា-ចិន សែនសុខ។
លោកបានបញ្ជាក់ថា៖ «ការផ្សំឬ លាយបញ្ចូលគ្នា នៃមើម ដើម ឫស និងសម្បករុក្ខជាតិឱសថ ដោយមិនបានថ្លឹងឱ្យបានត្រឹមត្រូវទៅតាមកម្រិតដូស ហើយយកមកដាំទឹក ឬត្រាំស្រាសម្រាប់ព្យាបាលជំងឺនោះ អាចបង្កផលប៉ះពាល់ដល់កោសិកាថ្លើម ធ្វើឱ្យក្រិនថ្លើម និងអាចបង្កឱ្យពុលស្លាប់ភ្លាមៗបាន នៅពេលដែលអ្នកជំងឺប្រើលើសចំណុះ»៕