ភ្នំពេញៈ រថយន្តដឹកវ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ១០ គ្រឿង ដែលជាជំនួយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវ ដែលជំនួយនេះ នឹងជួយបង្កើនការចាក់វ៉ាក់សាំងក្នុងប្រទេសឡាវ ឱ្យមានប្រសិទ្ធភាព និងបង្កើនចំណងមិត្តភាពទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំង ២។
ក្នុងពិធីប្រគល់រថយន្តទាំងនេះ ត្រូវបានធ្វើឡើងនៅច្រកអន្ដរជាតិកម្ពុជា-ឡាវ នាច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុង-ណុកខៀន នៅព្រឹកថ្ងៃទី ១២ ខែមីនា។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថា រថយន្តនេះសម្រាប់បម្រើឱ្យការឆ្លើយតប ការរាតត្បាតនៃជំងឺកូវីដ ១៩ ជាពិសេសសម្រាប់ជួយពង្រឹងដល់ការងារចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសឡាវ។
លោកស្រីបន្តថា កម្ពុជា និងឡាវ មានចំណងមិត្តភាពប្រពៃណីដ៏យូរអង្វែង ហើយបច្ចុប្បន្នប្រទេសទាំង ២ ក៏មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងអាស៊ាន ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពដែលជាផលប្រយោជន៍នៃប្រជាជាតិទាំង ២ ក៏ដូចជាសម្រាប់ក្នុងតំបន់។
លោកស្រីថា៖ «ការផ្តល់ជំនួយលើកទី៤ នាពេលនេះ គឺជាការបង្ហាញនូវការគិតគូរអំពីសុខទុក្ខប្រកបដោយមនោសញ្ចេតនា ជាបងប្អូនដែលរស់នៅជាប់ភូមិផងរបងជាមួយ និងបង្ហាញពីសាមគ្គីភាពយ៉ាងជ្រាលជ្រៅ ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបវិបត្តិជំងឺកូវីដ ១៩ ដែលពុំធ្លាប់មានពីមុនមក ថែមទាំងបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះប្រជាជនឡាវ ហើយជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដក្នុងន័យប្រទេសកម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ»។
លោកស្រីជឿជាក់ថា ការផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ នឹងបង្កើនបន្ថែមទៀតនូវចំណងមិត្តភាពដ៏ល្អប្រសើរដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង ២ ឱ្យកាន់តែរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជូនដល់ប្រជាជននៃប្រទេសទាំង ២។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ លោក Bounfeng Phoummalaysith ដែលចូលរួមជាគណៈអធិបតីទទួលអំណោយនោះ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នាក៏ដូចជា កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង ២ ដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយការគិតគូរខ្ពស់រួមគ្នាដោះស្រាយវិបត្តិនៃបញ្ហាជំងឺកូវីដ ១៩ ក្នុងប្រទេស និងក្នុងតំបន់។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ផនខាំ វីជាវ៉ាន់ ក៏បានផ្ញើលិខិតថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២។ ក្នុងលិខិតថ្លែងអំណរគុណបានឱ្យដឹងថា៖ «ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្តល់ជំនួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទាំង ២ កំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ហើយកម្ពុជាខ្លួនឯងនៅតែមានទឹកចិត្តដោយបានផ្តល់ជំនួយដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាផ្នែកមួយនៃការចូលរួមជួយឱ្យយើងខ្ញុំអាចឈានទៅសម្រេចគោលដៅ នៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋឡាវ តាមការគ្រោងទុក»។
លោកនាយករដ្ឋមន្ត្រីឡាវ បានចាត់ទុកថា ជំនួយដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញឱ្យឃើញនូវសេចក្តីព្រួយបារម្ភ ការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាសបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាពជាប្រពៃណីដែលមានជាយូរលង់មកហើយ និងកិច្ចសហការក្នុងនាមប្រទេសភូមិផងរបងជាមួយ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមាំរវាងប្រទេសយើងទាំង ២ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កាជានិរន្តរ៍។
សូមជម្រាបថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ធ្លាប់បានផ្តល់ជំនួយសប្បុរសធម៌ជូនរដ្ឋាភិបាល និងប្រជាជនឡាវចំនួន ៣ លើក រួចមកហើយ។ លើកទី១ នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានប្រគល់ជំនួយជាម៉ាស់ និងបរិក្ខារពេទ្យចំនួន ១២ មុខ។ លើកទី២ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រគល់ជំនួយជាវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០០ ០០០ ដូស។ លើកទី៣ នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រគល់ជំនួយជាវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០០ ០០០ ដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣ គ្រឿង៕