ភ្នំពេញៈ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» ជាប្រធានបទដែលត្រូវបានលើកឡើងដោយមានគោលបំណងរំលេចឱ្យឃើញអំពីតួនាទីរបស់អំណាន និងភាពពាក់ព័ន្ធរបស់អំណាន ជាមួយនឹងគុណភាពជីវិតលើគ្រប់ទិដ្ឋភាពក្នុងដំណាក់កាលនៃការវិវឌ្ឍឈានឆ្ពោះទៅរកសង្គមឌីជីថល។
នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ក្នុងទិវាជាតិអំណាននៅថ្ងៃទី ១១ មីនា ២០២២ ដែលត្រូវបានក្រសួងអប់រំ ប្រារព្ធឡើងក្នុងគោលបំណងរំឭកដល់វីរភាព និងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្ត្រខ្មែរ។ ការប្រារព្ធនេះក៏ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ។
លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក «ការលើកកម្ពស់សមត្ថភាពអានរបស់សិស្សជាពិសេសនៅកម្រិតថ្នាក់ដំបូង» ជាការងារអាទិភាព។
នាឱកាសនោះដែរ ក្រសួងក៏បានប្រកាសដាក់ឱ្យអនុវត្ត «កញ្ចប់សម្ភារអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស ព្រមទាំងបានដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យទាំងតាមប្រព័ន្ធ ១២+២ និង១២+៤។
ដើម្បីជំរុញ និងពន្លឿនការពង្រីកការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូងនៅទូទាំងប្រទេសនេះដែរ លោក ហង់ជួន ណារ៉ុន បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដល់មន្ទីរអប់រំរាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធផងដែរ។
លោកបានលើកឡើងថា គ្រប់មន្ទីរអប់រំ រាជធានី-ខេត្ត ការិយាល័យអប់រំ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ កម្រងសាលារៀន និងគ្រឹះស្ថានបឋមសិក្សាទូទាំងប្រទេស ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ «ការអនុវត្តនេះ តាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់ ការបំប៉នតាមបែបចម្រុះ និងតាមប្រព័ន្ធអនឡាញ ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សាគរុកោសល្យ។ រៀបចំបង្កើតបណ្ណាល័យនៅតាមសាលារៀនដែលមិនទាន់មាន និងពង្រឹងដំណើរការ បណ្ណាល័យចំពោះសាលារៀនដែលមានបណ្ណាល័យរួចហើយស្របតាមសេចក្តីណែនាំប្រតិបត្តិស្តីពី ស្តង់ដាបណ្ណាល័យបឋមសិក្សា»។ ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្តកញ្ចប់សម្ភារ អំណានថ្នាក់ដំបូងៗ តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង មន្ទីរអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ អង្គការដៃគូពាក់ព័ន្ធ និងធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារ និងវិធីសាស្ត្របង្រៀនអំណានថ្នាក់ដំបូង។
លោកបន្តថា៖ «ការចូលរួមបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសមត្ថភាពជាប្រចាំ និងសហការជាមួយទីប្រឹក្សាគរុកោសល្យ ដើម្បីកែលម្អ សកម្មភាពបង្រៀន និងរៀន និងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ មាតាបិតា អ្នកអាណាព្យាបាលសូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូននៅក្នុងគ្រួសារ សាលារៀន និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះផងដែរ»។
បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញកញ្ចប់សម្ភារអំណានឱ្យកូនបានហ្វឹកហាត់ នៅសាលារៀន និងនៅផ្ទះ ចូលរួមគាំទ្រជាសម្ភារ ថវិកា ដល់ដំណើរការបណ្ណាល័យ នៅតាមសាលារៀន ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់គ្រូបង្រៀន។
ដូចឆ្នាំកន្លងមកដែរ ក្នុងការប្រារព្ធទិវាជាតិអំណាន ក្រសួងបានរៀបចំការប្រកួតប្រជែង អានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំការប្រកួតប្រជែងបកស្រាយប្រធានបទអក្សរសិល្ប៍ ដែលនៅឆ្នាំនេះបានជ្រើសរើសយកប្រធានបទ «តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ»។
លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ទិវាអំណានឆ្នាំនេះ ទោះបីជាស្ថិតក្នុងដំណាក់កាលដែលការប្រឈម និងរីករាលដាលនៃមេរោគអូមីក្រុងក៏ដោយ ក៏នៅតែបើកទិវាអំណាននេះដោយប្រារព្ធធ្វើឡើងដោយផ្ទាល់ផង និងតាមអនឡាញផងដែរ៕