កណ្តាលៈ ប្រជាពលរដ្ឋចំនួន ២៨២ គ្រួសារ បានយល់ព្រមទទួលយកសំណងតាមគោលការណ៍ និងនីតិវិធីដើម្បីជួយសម្រួលការអនុវត្តគម្រោងស្តារប្រឡាយទាំង ៤ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ឱ្យរួចរាល់តាមផែនការ ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅក្នុងរដូវវស្សាចេញពីទីក្រុងតាខ្មៅ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន ២៨២ គ្រួសារ មានប្រជាពលរដ្ឋចំនួន ១១០ គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ទាំងស្រុងពីគម្រោងស្តារប្រឡាយ ៤ ខ្សែ នៅក្រុងតាខ្មៅ បានឯកភាពផ្លាស់ប្តូរលំនៅឋានទៅកាន់ទីតាំងថ្មីហើយ។
លោក គង់ សោភ័ណ្ឌ ថ្លែងដូច្នេះក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ២៨២ គ្រួសារ ដែលទទួលបានពីការដោះស្រាយផលប៉ះពាល់ស្តារប្រឡាយ ៤ ខ្សែ និងបើកការដ្ឋានសាងសង់ស្ថានីយបូមទឹកព្រែកដើមលាភ ប្រវែង ៧០០ ម៉ែត្រស្ថិតនៅភូមិព្រែកហូរកើត ១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ នាថ្ងៃទី ១១ ខែមីនា។
លោកបានថ្លែងថា នៅក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង ២៨២ គ្រួសារនេះ មានប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ទទួលរងផលប៉ះពាល់សំណង់មួយផ្នែក និងអាចបន្តរស់នៅទីតាំងចាស់ និងប្រជាពលរដ្ឋចំនួន ១១០ គ្រួសារ ទទួលរងផលប៉ះពាល់ទាំងស្រុងដោយអស់ដីសម្រាប់សាងសង់លំនៅឋានឡើងវិញ។
ចំណែកប្រជាពលរដ្ឋចំនួន ៧ គ្រួសារ បានស្នើសុំរស់នៅបន្តលើទីតាំងចាស់ ដែលមានដីនៅសល់ផ្នែកខាងក្រោយ ក្នុងដីចំណីប្រឡាយដដែល។
លោកអភិបាលខេត្ត ត្រូវបានស្រង់សម្ដីដោយហ្វេសប៊ុកសាលាខេត្តកណ្តាលថា៖ «ផ្អែកតាមគោលនយោបាយដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ ទាំងស្រុង និងបានឯកភាពផ្លាស់ប្តូរលំនៅឋាន ទៅទីតាំងថ្មីចំនួន ១០៣ គ្រួសារ ដោយបានចាប់ឆ្នោត យកដី ១ ឡូត៍ ទំហំ ៩០ ម៉ែត្រក្រឡា គឺ (៥ ម៉ែត្រ x ១៨ ម៉ែត្រ) ដើម្បីចេញពីទីតាំងចាស់ទៅរស់នៅក្នុងទីតាំងថ្មី ដែលបានរៀបចំរួចរាល់ដោយគណៈកម្មការអន្តរក្រសួងនៅលើផ្ទៃដីសរុបប្រមាណ ១,៣៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកហូរ»។
លោកបន្តថា គណៈកម្មការអន្តរក្រសួងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយចាក់ដីកិនបង្ហាប់ ធ្វើផ្លូវ ក្រាលក្រួសក្រហម ១ ខ្សែ ប្រវែង ៣៤២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ដាក់លូរំដោះទឹកភ្លៀង ប្រវែង ៥៤៧ ម៉ែត្រដាក់រ៉ឺហ្គាចំនួន ២៣ កន្លែង និងដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវ ទីតាំងថ្មីចំនួន ១០ បង្គោលដើម្បីឱ្យពលរដ្ឋរស់នៅសមរម្យ និងមានផាសុកភាពផងដែរ៕