​ភ្នំពេញៈ ក្រុមការងារ​បច្ចេក​ទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា ​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​​ភណ្ឌ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​ទន្លេសាប​ ដើម្បី​ចងក្រង​ទុកជា​ឯកសារ​សម្រាប់​ជាការ​សិក្សា​ស្វែងយល់​នៃ​ឧបករណ៍​នេ​​សាទ ​ដែល​មាននៅ​កម្ពុជា​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​​អាជ្ញាធរ​ទន្លេសាប​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៣ មីនា​ថា ការចុះ​សិក្សា​នេះ គឺ​ក្នុង​គោល​​បំណង​សំខាន់ ​ដើម្បី​ស្រង់​យក​ព័ត៌មាន​ការ​ពិពណ៌នា​ស្វែង​​យល់​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​ទន្លេសាប​។​

​លោក​បាន​បញ្ជាក់ថា សកម្ម​ភាព​នេះ ​គឺជា​សកម្មភាព​ប្រចាំឆ្នាំ​ដែល​អាជ្ញាធរ​ទន្លេសាប​ត្រូវធ្វើឡើង​ជាប្រចាំ ​ដើម្បី​ស្រង់​យក​ព័ត៌មាន​ថ្មីៗ​នូវ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​ទន្លេសាប ដើម្បី​ចងក្រង​ទុកជា​ឯកសារ​ផ្លូវ​​ការ​សម្រាប់​បម្រើ​ផលប្រយោជន៍​​របស់​សាធារណជន​ផងដែរ​។​

​លោក​បាន​រៀបរាប់ថា​៖ «​នេះ​គឺ​ជា​សកម្មភាព​ដែល​មន្ត្រី​យើង​ចុះ​ធ្វើជា​ប្រចាំ​ហើយ​របាយ​ការ​​ណ៍​ក៏បាន​ដាក់បញ្ចូល​ក្នុង​សកម្ម​​ភាព​ប្រចាំ​ ដើម្បី​សិក្សា​ពី​ឧបករណ៍​នេសាទ​ទាំងនោះ​ ដើម្បី​យកមក​ស្រាវជ្រាវ​ចងក្រង​ជា​ឯកសារ​។ ​ឯកសារ​ដែល​យើង​បាន​ចងក្រង​នេះ​ ក៏​យើង​ទុក​វា​ជា​ឯកសារ​ស្រាវជ្រាវ​មួយ​សម្រាប់​ជា​ប្រ​យោ​ជន៍ជាតិ​យើង​ពី​ការរកឃើញ​នៅ​បឹង​ទន្លេសាប​នេះ​»​។​

​បើតាម​លោក ម៉ៅ ហាក់ ការ​​ចុះ​សិក្សា​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​ឧបករណ៍​នេ​​សាទ​នេះ​ គឺធ្វើឡើង​គ្រប់​ខេត្ត​ទាំង​ ៦​ ជុំវិញ​បឹង​ទន្លេសាប ខណៈ​បច្ចុប្បន្ន​បានធ្វើ​ខ្លះ​រួចមកហើយ​

​ដូចជា​ខេត្តកំពង់ឆ្នាំង​ជាដើម​។​

​កាលពី​ថ្ងៃទី ​៩ ដល់​ថ្ងៃទី ​១១ ​ខែ មីនា ឆ្នាំ ​២០២២ ក្រុម​ការ​​ងារ​នេះ​បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​ឧបករណ៍​​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង​។​

​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករប​ស់អា​​ជ្ញា​ធរ​នេះ​ពី​ថ្ងៃទី ​១១ មីនា​។​

​លោក ​ឱម សាវ៉ាត​ ​នាយក​​ប្រតិបត្តិ​សម្ព័ន្ធភាព ​ដើម្បី​អភិ​​រក្ស​ធនធាន​ជលផល ​(FACT)​ បាន​ថ្លែងថា ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​ឧបករណ៍​នេ​​សាទ ​ឬ​ការ​ស្រង់​ព័ត៌មាន​ ជុំវិញ​ឧបករណ៍​នេសាទ​ដែលមាន​ក្នុងប្រទេស​នេះ​ គឺ​រឿង​មួយ​ល្អ​។​

​លោក​បាន​បន្តថា ​ការធ្វើ​ដូចនេះ​នឹងធ្វើ​ឱ្យ​ទិន្នន័យ​ដែល​បាន​ផ្សព្វ​ផ្សាយ ​គឺ​កាន់​តែមាន​សុក្រឹត​​ភាព​ និង​ច្បាស់លាស់​ជាង​មុន​។​

លោក​ថា​៖ «​ការធ្វើ​បច្ចុប្បន្ននេះ​ គឺ​ល្អ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​ចែករំលែក​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល​ ឬ​ប្រជា​សហគមន៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ឱ្យ​លោក​មាន​ទិន្ន​ន័យ​កាន់តែ​ប្រសើរឡើង​។​ ខ្ញុំ​គិតថា ​នេះ​គឺជា​ផ្នែក​មួយ​ប្រសិន​បើ​អាជ្ញាធរ​បឹង​ទន្លេសាប​លោក​មាន​ការធ្វើ​បច្ចុប្បន្នភាព​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ឧបករណ៍​នេសាទ​នៅក្នុង​តំបន់​នេះ​»​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​ដឹង​ហើយ​ថា ក្នុង​ច្បាប់​យើង​ គឺ​មាន​ឧបករណ៍​នេសាទ​ថ្មីៗ​ទាក់​ទង​ជាមួយនឹង​អ្នក​ដែល​ច្នៃ​ឧ​ប​ករ​ណ៍​ថ្មី​ដែលមាន​ចែងថា ខុស​​ច្បាប់​ច្រើន​តទៅទៀត​ ដើម្បី​ប្រ​មូល​យក​ធនធាន​ជលផល​ខុសច្បាប់​»​។

​ជាមួយគ្នានេះ លោក​ ឱម សាវ៉ាត​ ​រំពឹងថា ការចុះ​ធ្វើ​ប​ច្ចុ​ប្បន្ន​ភាព​ឧបករណ៍​នេសាទ​នេះ ក៏​ជា​ផ្នែក​មួយ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​ឱ្យ​កាន់​តែមាន​​ប្រសិទ្ធភាព​ផងដែរ ខណៈ​បទ​​ល្មើស​នេះ​នៅតែ​បន្ត​មាន​៕