ភ្នំពេញៈ មន្រ្តីពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២។
ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីអ្នកជាប់ឃុំទាំង ៨ នាក់ បានដាក់លិខិត ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់ ឱ្យពួកគេបាននៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិក ក្នុងការចរចាដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើល។
អ្នកទាំង ៨ នាក់ ដែលត្រូវបានដោះលែងនេះ រួមមាន ទី១- ឈឹម ស៊ីថរ ទី២- រី សុវណ្ណឌី ទី៣- ស៊ុន ស្រីពេជ្រ ទី៤- ហៃ សុភាព ទី៥- ឃ្លាំង សុបិន្ដ ទី៦- ទូច សិរីមាស ទី៧- សុខ ណារិទ្ធ និងទី៨- ឈឹម សុខន។
នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ដាក់ទៅក្រសួងការងារ តាមរយៈប្រធានមណ្ឌលកែប្រែ ២ លោក ខ្លូត តារា ចុះថ្ងៃទី ១២ ខែមីនា ដោយមានស្នាមមេដៃអតីតបុគ្គលិកទាំង ៨ រូប មានខ្លឹមសារថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ពួកគេបានអំពាវនាវដល់បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ ដែលកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
លិខិតបញ្ជាក់ថា ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាស«សម្រាប់យើងខ្ញុំចរចា ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន»។
លិខិតបន្តថា ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឱ្យក្រុមហ៊ុនកុំមានគំនុំគុំកួន ឬដាក់ទោសទណ្ឌ ឬបង្ខំឱ្យធ្វើកិច្ចសន្យាអ្វីផ្សេង។
លិខិតដដែលបានស្នើថា៖ «ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករ ដែលត្រូវក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីការងារយើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូមសន្យាថា មិនធ្វើការប្រមូលផ្តុំតវ៉ា ឬដឹកនាំការតវ៉ាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ សង្គមជាតិឡើយ»៕
វីដេអូ៖