ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ស្នើឱ្យមានការចែករំលែកទិន្នន័យទឹកទន្លេ-មេគង្គឱ្យបានកាន់តែច្រើន ដើម្បីវាស់ឱ្យបានត្រឹមត្រូវនូវផលប៉ះពាល់នៃលំហូរទឹកទន្លេមេគង្គទៅលើសុខុមាលភាពសង្គម និងសេដ្ឋកិច្ចក្នុងតំបន់។
ការស្នើឡើងនេះធ្វើឡើងក្នុងជំនួបពីថ្ងៃទី ២ ខែមីនា រវាង លោក លឹម គានហោ ដែលជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាផងនោះ និងលោកអានុល័កខិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិថ្មីនៃលេខាធិការដ្ឋាន MRC ក្នុងអំឡុងលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងវៀតណាមនៅក្នុងខែនេះ ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់នានាពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ។
ទស្សនកិច្ចរបស់លោក Anoulak ធ្វើឡើងក៏ដើម្បីពង្រីកនូវកិច្ចខិតខំប្រឹងប្រែងតាមដាន និងវាស់ស្ទង់ពីរបៀបដែលការអភិវឌ្ឍសេដ្ឋកិច្ច គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងការប្រែប្រួលអាកាសធាតុរួមទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត កាន់តែច្រើនជះឥទ្ធិពលលើប្រជាជនរាប់លាននាក់ដែលរស់នៅតាមអាងទន្លេមេគង្គក្រោម។
យោងតាមសេចក្តីប្រកាសព័ត៌មាន MRC នៅថ្ងៃទី ១៤ ខែមីនាបានឱ្យដឹងថា «លោក លឹម គានហោ បានបង្ហាញពីតម្រូវការក្នុងការតាមដាន និងចែករំលែកទិន្នន័យជលសាស្ត្រកាន់តែច្រើន ដើម្បីវាស់ឱ្យបានត្រឹមត្រូវពីផលប៉ះពាល់នៃលំហូរទាប ឬខ្ពស់លើសុខុមាលភាពសង្គមសេដ្ឋកិច្ចក្នុងតំបន់។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ នៅឆ្នាំ ២០២២ ប្រទេសចិនបានចាប់ផ្តើមចែករំលែកទិន្នន័យរដូវប្រាំងបន្ថែមពីលើទិន្នន័យរដូវវស្សា ដើម្បីផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់។
សេចក្តីប្រកាសព័ត៌មាននេះបានដកស្រង់សម្ដីលោក លឹម គានហោ ថា៖ «ជាមួយនឹងទិន្នន័យកាន់តែច្រើននៅក្នុងរយៈពេលកាន់តែយូរយើងអាចបង្កើតបាននូវនិន្នាការច្បាស់លាស់ ព្យាករពីលំនាំនាពេលអនាគត និងអនុវត្តប្រព័ន្ធជូនដំណឹងជាមុនមួយដែលមានប្រសិទ្ធភាព។ ដោយមានការយល់ដឹងរួមគ្នាយើងអាចចាត់វិធានការដែលកាន់តែមានឥទ្ធិពលសម្រាប់រយៈពេលខ្លី និងមធ្យមបាន»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែមីនា ថា ទន្លេមេគង្គគឺជាចំណុចស្នូលនៃភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍នៃការប្រកួតប្រជែងរវាងចិន និងអាមេរិក។ ទន្លេមេគង្គបានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចធំៗដោយសារកត្តាសេដ្ឋកិច្ច និងកត្តាភូមិសាស្ត្រនយោបាយ។
លោកថា៖ «អ្វីដែលលេចធ្លោជាងគេនោះគឺសារៈសំខាន់នៃការរីកចម្រើនរបស់តំបន់ទន្លេមេគង្គក្នុងផ្លូវពាណិជ្ជកម្មពិភពលោកដែលជាទីតាំងភូមិសាស្ត្រនៅក្បែរចំណុចភូមិសាស្ត្រក្តៅ ដែលជាប់នឹងតំបន់សមុទ្រចិនខាងត្បូង និងច្រកម៉ាឡាកា»។
លោក រ៉ូ វណ្ណៈ បានបន្តថា៖ «សកម្មភាពនៅក្នុងតំបន់របស់ចិនដែលកំពុងតែកើនឡើងនេះគឺយើងដឹងហើយថា ទន្លេមេគង្គក្លាយជាចំណុចប្រសព្វនៃការប្រទាញប្រទង់រវាងលោកខាងលិចជាមួយនឹងប្រទេសចិន»។
MRC អះអាងថា ការដែលលោក Anoulak Kittikhoun ជួបជាមួយនឹងប្រទេសជាសមាជិក MRC នេះគឺដើម្បីការពារផ្លូវទឹកធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានកាន់តែប្រសើរ ជាពិសេសសំដៅកាត់បន្ថយការគំរាមកំហែងកំពុងកើនឡើងលើជីវិត និងជីវភាពរបស់ប្រជាជន។
លោកថ្លែងថា៖ «កិច្ចពិភាក្សាដោយបើកទូលាយនេះនឹងជួយខ្ញុំឱ្យអនុវត្តកម្មវិធីកិច្ចការកាន់តែមានឥទ្ធិពលបន្ថែមទៀតសម្រាប់អាងទន្លេដែលអនុលោមយ៉ាងជិតស្និទ្ធទៅនឹងអាទិភាពថ្នាក់ជាតិ និងតំបន់។
យើងត្រូវតែមានគំនិតបែបនវានុវត្តន៍ ព្រោះថា MRC បានក្លាយជាស្ថាប័នថ្នាក់តំបន់ដ៏រឹងមាំមួយបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ និងចំណេះដឹងទំនើបដែលអាចផ្តល់សេវាកម្មទាន់ពេលវេលាដល់ប្រទេសនានា និងពលរដ្ឋរបស់ខ្លួន»។
MRC រួមមាន ប្រទេសចំនួន ៤ ដែលទទួលបានប្រយោជន៍ផ្ទាល់ពីការអភិវឌ្ឍពាក់ព័ន្ធទន្លេមេគង្គនោះ គឺប្រទេសកម្ពុជា ឡាវ ថៃនិងវៀតណាមព្រមទាំងឋានៈពិសេសសម្រាប់ប្រទេសជិតខាងនៅភាគខាងជើង ២ គឺចិន និងមីយ៉ាន់ម៉ា៕