ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីក្រោមឱវាទឱ្យធ្វើការកំណត់លក្ខណសម្បត្តិរបស់មន្ត្រីនគរបាលជាតិឱ្យបានត្រឹមត្រូវក្នុងការតែងតាំងមុខតំណែង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងសេចក្តីណែនាំនាថ្ងៃទី ១១ ខែមីនា លោកបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តកម្មវិធីកំណែទម្រង់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ឱ្យបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទៅតាមដំណាក់កាលនីមួយៗ។
លោក ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃបានធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងកែសម្រួលតួនាទី ភារកិច្ចព្រមទាំងកំណត់នូវលក្ខណសម្បត្តិ និងណែនាំនូវនីតិវិធីសម្រាប់ការងារតែងតាំង មុខតំណែងមន្ត្រីនគរបាលជាតិជាបន្តបន្ទាប់។
លោកបានបញ្ជាក់ក្នុងសេចក្តីណែនាំនេះថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះដើម្បីពង្រឹងការងារតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ធ្វើការណែនាំ អំពីការកំណត់លក្ខណសម្បតិ្ត និងនីតិវិធីក្នុងការត្រួតពិនិត្យវាយតម្លៃ សម្រាប់ការស្នើសុំ តែងតាំងមុខតំណែងជូនដល់មន្ត្រីនគរបាលជាតិ»។
លោកថា មន្ត្រីនគរបាលជាតិត្រូវមានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ។ មន្ត្រីនគរបាលជាតិត្រូវមានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធល្អ ព្រមទាំងមានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឱ្យមានការប៉ះពាល់ដល់កិត្យានុភាពអង្គភាព និងកិត្តិយសរបស់ជាតិ។
មន្ត្រីនគរបាលជាតិត្រូវមានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ត្រីរួមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះកៀរគរកម្លាំងសាធារណៈ ចូលរួមសហការបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អ។
បន្ថែមពីនេះ មន្ត្រីនគរបាលជាតិគឺជាសេវាបម្រើជាអ្នកការពារដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ។ មន្ត្រីនគរបាលជាតិត្រូវមានសមត្ថភាពគ្រប់គ្រងបញ្ជាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគាំទ្រ គោរពស្រឡាញ់ជឿជាក់ទុកចិត្តពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋមានសុខភាពល្អ និងកាយសម្បទាមាំមួន និងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញ នគរបាលជាតិយ៉ាងតិច ២ ខែ។ សេចក្តីណែនាំថា «រាល់ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរបៀបរបបការងារ គោលការណ៍ លក្ខណសម្បត្តិនៃការតែងតាំង និងត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវផងដែរ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៣ ខែមីនា ថា ទាំងការតែងតាំង និងការជ្រើសមន្ត្រីនគរបាលជាតិត្រូវតែឈរលើតម្លាភាព និងការប្រកួតប្រជែងដោយស្មោះត្រង់ដោយធ្វើយ៉ាងណាកុំឱ្យមានបក្ខពួកនិយម និងអំពើពុករលួយ។ ក្រសួងត្រូវធ្វើការត្រួតពិនិត្យថា តើការតែងតាំងមន្ត្រីនគរបាលបានបំពេញនូវលក្ខខណ្ឌ ដែលក្រសួងបានកំណត់បានកម្រិតណា?
លោកថ្លែងថា៖ «ដើម្បីវាស់វែងបាន ដើម្បីដឹងបាន លុះត្រាតែក្រសួងពង្រឹងការធ្វើអធិការកិច្ចរបស់ខ្លួន ពង្រឹងការធ្វើការតាមដាន ត្រួតពិនិត្យឱ្យបានដិតដល់បាទ»៕