សៀមរាបៈ ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាលបានប្រមូលសំណាកចេញពីតំបន់ដែលកុមារឆ្លងជំងឺផ្តាសាយបក្សី A/H9 (Influenza A/H9) ទៅធ្វើពិសោធន៍បន្ត ខណៈណែនាំដល់បុគ្គលទូទៅដែលមិនមានភាពចាំបាច់កុំទៅប៉ះពាល់ជាមួយសត្វបក្សីដូចជា មាន់ ទា។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងថា ជំងឺផ្តាសាយបក្សីប្រភេទ A/H9 ដែលត្រូវបានរកឃើញលើកុមារនាពេលថ្មីៗនេះជាពួកវីរុសចេញពីសត្វបក្សីដែលងាយឆ្លងពីសត្វទៅមនុស្ស។ លោកស្រីថា៖ «ឥឡូវនេះមិនមានជាប្រភេទ H5N1 ទៀតទេ វាមានប្រភេទមួយទៀត A/H9 (Influenza A/H9)។ អ៊ីចឹងជំងឺនេះមានសភាពប្រហាក់ប្រហែលគ្នាទៅនឹងជំងឺផ្តាសាយបក្សី H5N1 ដែលយើងធ្លាប់ស្គាល់ហើយ វាជាពូជអម្បូរនៃផ្តាសាយបក្សី គ្រាន់តែឈ្មោះខុសគ្នា វាមិនខុសពីវីរុសកូវីដទេ វាមានប្រភពដើម បន្ទាប់មកមានកូន មានចៅ ចៅទួត ហើយឥឡូវជំងឺផ្តាសាយបក្សីថ្មីនេះ»។
លោកស្រីបន្តថា ចំពោះករណីដែលរកឃើញជំងឺផ្តាសាយបក្សីនៅលើកុមារនោះ គឺក្រុមការងារស្រាវជ្រាវរបស់មន្ទីរសុខាភិបាលខេត្តសៀមរាបបានចុះទៅដល់ភ្លាមៗស្រាវជ្រាវរកហេតុការណ៍នៅទីនោះ ប៉ុន្តែជារួមមិនទាន់រកឃើញថា ករណីនេះជាករណីឆ្លងច្រើន ឬក៏ផ្ទុះធំនៅតំបន់នោះនៅឡើយ ពោលគឺកើតឡើងលើកុមារម្នាក់ប៉ុណ្ណោះ ។
លោកស្រីគូសបញ្ជាក់ថា ក្រុមជំនាញក៏បានប្រមូលសំណាកចេញពីតំបន់ដែលកុមារនោះរស់នៅ ហើយកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍។ អ្វីដែលជាការសំខាន់ គឺការការពារមិនត្រូវធ្វេសប្រហែសនោះទេ ហើយរោគសញ្ញានៃជំងឺផ្តាសាយបក្សីថ្មីនេះកើតឡើងប្រហាក់ប្រហែលទៅនឹងផ្តាសាយបក្សី H5N1 និងជំងឺកូវីដ ១៩ ដែរព្រោះរោគសញ្ញា មានដូចជាក្តៅខ្លួន ក្អក ឈឺបំពង់កជាពិសេស ហត់ពិបាកដកដង្ហើម ដែលជាសញ្ញាមួយដូចជាផ្តាសាយ។
លោកស្រីថា៖ «អ៊ីចឹងបើលោកអ្នកដែលមានកូនចៅ សូមកុំប្រហែស សូមកុំប៉ះពាល់ជាមួយសត្វមាន់សត្វទា ហើយអ្នកគាត់ប្រកបរបររកស៊ីជាមួយសត្វបក្សីត្រូវចេះអនាម័យខ្លួនមានន័យថា ប្រសិនបើយើងធ្វើមាន់ ប៉ុន្តែមិនមានលទ្ធភាពទិញស្រោមដៃ ពេលធ្វើមាន់ហើយភ្លាម ត្រូវតែឆាប់លាងដៃជាមួយសាប៊ូ ហើយក្នុងរយៈពេលដែលយើងធ្វើគឺត្រូវធ្វើឱ្យលឿន ហើយចៀសវាងយកដៃដែលបោចរោមមាន់ ទា ទៅប៉ះច្រមុះ និងមុខមាត់»។
លោកស្រីអំពាវនាវយ៉ាងដូច្នេះថា៖ «ប៉ុន្តែសម្រាប់បុគ្គលជាទូទៅ ដែលមិនមានភារកិច្ចអី សូមកុំទៅកាន់កន្លែងដែលមានបក្សីច្រើន ដូចជាកសិដ្ឋានដែលមានមាន់ ទាច្រើន កុំឱ្យកូនចៅទៅលេង ព្រោះក្មេងៗគាត់ចូលចិត្តណាស់ ឃើញមាន់ គាត់ចូលដេញលេង ចាប់លេង»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែមីនាថា ក្រោយការរកឃើញនេះ មន្ទីរកសិកម្ម បានចុះទៅចាត់វិធានការសុវត្ថិភាពអនាម័យសត្វដោយបាញ់ថ្នាំនៅផ្ទះអ្នកជិតខាងនោះប្រមាណ ៦ ខ្នងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
លោកឱ្យដឹងថា៖ «នៅទីនោះមានមាន់ឈឺហើយងាប់ច្រើន ហើយយើងចាត់វិធានការបាញ់ថ្នាំសុវត្ថិភាពនៅតំបន់នោះ បន្ទាប់មក យើងយកវត្ថុវិភាគ (មាន់) កន្លែងដែលក្មេងកើតជំងឺនោះទៅអគ្គនាយកពេទ្យសត្វឃើញថា មាន់កើតជំងឺផ្តាសាយ ហើយយើងបានយកសំណាក (មាន់) ទៅពិនិត្យឡាបូនៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ពិតជាឃើញឆ្លងពីមាន់មែន»។
យ៉ាងណាក៏ដោយលោកថា មន្ត្រីជំនាញកំពុងបន្តតាមដានលើករណីនេះដោយយកចិត្តទុកដាក់ ហើយបើសិនជាមានផ្ទុះជំងឺនេះទៀត នឹងចាត់វិធានការភ្លាមៗ ខណៈកុមារដែលឆ្លងជំងឺនោះបានព្យាបាលជាសះស្បើយហើយ ហើយក៏បានវិលត្រឡប់ទៅផ្ទះវិញរួចហើយផងដែរ។ លោកឱ្យដឹងទៀតថា ជំងឺផ្តាសាយបក្សីដែលឆ្លងពីសត្វមាន់ទៅទារកនោះ ឆ្លងចេញពីមាន់ដែលចិញ្ចឹមនៅតាមផ្ទះមិនមែនជាមាន់ចិញ្ចឹមរបស់កសិដ្ឋាននោះទេ។
សូមជម្រាបថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) តាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួតលើទារិកាអាយុ ជាង ១ ឆ្នាំ ដែលនៅភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប៕
វីដេអូ៖