ព្រះសីហនុៈ ប៉មយាមចំនួន ១២ ទៀត សម្រាប់ឆ្មាំសមុទ្រប្រចាំការ ដើម្បីផ្ដល់ភាពងាយស្រួល និងរង់ចាំជួយសង្គ្រោះភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតំបន់ឆ្នេរ ឬក៏ចុះលេងទឹកសមុទ្រកម្សាន្តនាឆ្នេរអូរឈើទាល ២ ក្រុងព្រះសីហនុ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងក្នុងពិធីប្រគល់ទទួលប៉មយាមទាំង ១២ នេះថា ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍យាម ឬប៉មយាមសម្រាប់ឆ្មាំឆ្នេរសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល ដោយបានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់នូវថវិកាសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុនេះ។
លោកបានថ្លែងនាពិធីនោះថា៖ «សម្តេចតេជោ ហ៊ុន សែន បានចំណាយថវិកាយ៉ាងច្រើន ដើម្បីកែលម្អផ្លូវថ្នល់ ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុដោយយើងបានបើកឆ្នេរសមុទ្ររបស់យើងជាលម្ហសាធារណៈសម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយ»។
លោកលើកឡើងថា ពីមុនឆ្នេរនេះត្រូវបានប្រើប្រាស់របស់ឯកជន ពុំមានលម្ហសាធារណ:នោះទេ ប៉ុន្តែក្រោយពីមានកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលម្ហសាធារណៈមានជាង ១៦ គីឡូម៉ែត្រ និងពយជាង ៤ គីឡូម៉ែត្រ។ លោក គួច ចំរើន បានបន្តថា៖ «យើងបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាពពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ»។
បើតាមលោកអភិបាលខេត្ត ប៉មទាំង ១២ នេះជាអំណោយរបស់លោក ទ្រី ភាព សម្រាប់ជាចំណងដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមទាំងអស់គ្នា។
លោក គួច ចំរើន ស្នើដល់ឆ្មាំឆ្នេរសមុទ្រត្រូវប្រើប្រាស់ប៉មនេះឱ្យបានត្រឹមត្រូវ ដោយឆ្មាំត្រូវមានកញ្ចែ មេក្រូ និងសម្ភារមួយចំនួនទៀត ដើម្បីផ្តល់ព័ត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយកើតឡើង។
ការសាងសង់ប៉មយាមនេះឡើងដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលមកលេងកម្សាន្តនៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ហើយមកដល់ពេលនេះប៉មយាមបែបនេះ មានរហូតដល់ចំនួន ១៦ ប៉ម។
អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុលោក ឃាង ភារម្យ ធ្លាប់បានប្រាប់ឱ្យដឹងថា ប៉មនេះគឺជាទីតាំងសម្រាប់ឆ្មាំសមុទ្រប្រចាំការដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរ ឬក៏ចុះលេងទឹកសមុទ្រកម្សាន្ត ហើយក្នុងករណីដែលឃើញមានបញ្ហាណាមួយ ឆ្មាំសមុទ្រអាចនឹងចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានេះលោកក៏បានស្នើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ នៅពេលចុះលេងទឹកសមុទ្រ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
ឆ្លៀតឱកាសនោះដែរ លោកក៏បានណែនាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាតតាមតំបន់ឆ្នេរសមុទ្រ និងអំពាវនាវឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាមទីសាធារណៈដោយមានដាក់ធុងសំរាមដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
លោក គួច ចំរើន បានថ្លែងថា៖ «ក្រុមហ៊ុនដឹកជញ្ជូនសំរាម ក៏ត្រូវបង្កើនការប្រមូលសំរាមនៅថ្ងៃសៅរ៍ អាទិត្យ និងពិធីបុណ្យផ្សេងៗផងដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេររបស់យើងមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ»៕
វីដេអូ៖