ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចែកស្បៀងបម្រុងជាអង្ករសង្គ្រោះបន្ទាន់ សរុបចំនួន ៣ ពាន់តោនជួយដល់ប្រជាពលរដ្ឋ ជាង ៧ ពាន់គ្រួសារ នៅតាមខេត្តមួយចំនួន ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ ១៩។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទបានថ្លែងថា ពលរដ្ឋទាំងនោះនៅក្នុងខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
លោកបានឱ្យដឹងទៀតថា ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង គឺជាខេត្តចុងក្រោយ ក្នុង ចំណោមខេត្តគោលដៅទាំង ៧ នៃដំណើរបេសកកម្មនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០ តោនរបស់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េ) ក្នុងកម្មវិធីការផ្តល់ស្បៀងបម្រុងជាអង្ករសង្គ្រោះបន្ទាន់ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ ១៩ សរុបចំនួន ៧ ៥០០ គ្រួសារ ក្នុងខេត្តគោលដៅទាំង ៧ នោះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អង្ករចំនួន ៣០០ តោននេះត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៧ ៥០០ គ្រួសារ ក្នុងនោះខេត្តស្វាយរៀងចំនួន ១ ០០០ គ្រួសារ ត្បូងឃ្មុំចំនួន ១ ០០០ គ្រួសារ បាត់ដំបងចំនួន ១ ០០០ គ្រួសារ បន្ទាយមានជ័យចំនួន ១ ៥០០ គ្រួសារ ឧត្តរមានជ័យចំនួន ១ ០០០ គ្រួសារ សៀមរាបចំនួន ១ ០០០ គ្រួសារ និងខេត្តកំពង់ចាមចំនួន ១ ០០០ គ្រួសារ (៤០ គីឡូក្រាម ក្នុង ១ គ្រួសារ)»។
តាមរយៈហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងការចុះចែកអង្ករសង្គ្រោះបន្ទាន់នេះលោកបានណែនាំឱ្យពលរដ្ឋត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ ១៩ ដោយត្រូវចេះសម្របខ្លួនឱ្យទាន់ស្ថានភាពនៃជំងឺឆ្លងនេះ និងត្រូវអនុវត្តវិធានការ ៣ កុំ ៣ ការពារ និងត្រូវទៅចាក់វ៉ាក់សាំងការពារ និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
លោករដ្ឋមន្ត្រីក៏បានរំឭកឱ្យពលរដ្ឋត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងពង្រឹងការធ្វើអនាម័យខ្លួនប្រាណ លំនៅឋាន និងទីសាធារណៈ ដើម្បីបង្ការជំងឺ ឆ្លងផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់ស្តារជីវភាពគ្រួសារឡើងវិញ តាមរយ:ខិតខំបង្កបង្កើនផល ពិសេសដំណាំ ជាស្បៀងប្រចាំថ្ងៃមានបន្លែ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ធ្វើយ៉ាងណាអាចដោះស្រាយជីវភាពក្នុងគ្រួសារ ដោយមិនចាំបាច់ទៅចំណាយប្រាក់។ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបញ្ជូនកូនចៅទៅសាលារៀនឱ្យបានទៀងទាត់តាមកម្មវិធីសាលា ចៀសវាងយកឱកាសនេះ ពួកគាត់ដើរលេងដែលអាចប្រឈមការឆ្លងជំងឺ និងប្រព្រឹត្តអំពើខុសច្បាប់ ព្រមទាំងត្រូវចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ដែលកម្ពុជាទទួលបានយ៉ាងលំបាក។
លោកថ្លែងថា៖ «បងប្អូនក៏ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ដែលរកបានមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកាលពីពេលថ្មីៗនេះថា សន្តិភាពគឺជានយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា មានសន្តិភាព មានអ្វីៗទាំងអស់»។
លោករដ្ឋមន្ត្រីក៏បានប្រាប់ទៅលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែម ដើម្បីយកមកជួយប្រជាកសិករឱ្យបានទាន់ពេលវេលា។
លោក សុខ សុទ្ធាវុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង ថ្លែងនៅថ្ងៃទី ១៤ ខែមីនា ថា សម្រាប់ខេត្តស្វាយរៀងទទួលបានអង្ករ ៤០ តោន សម្រាប់ចែកជូនមានប្រជាពលរដ្ឋ ១០០០ គ្រួសារ ដែលក្នុង ១ គ្រួសារ ៤០ គីឡូក្រាម។ លោកបន្តថា កន្លងមកមន្ទីរបានយកចិត្តទុកដាក់ក្នុងការផ្តល់ជូនគ្រាប់ពូជបន្លែ ត្រី មាន់ជាដើមសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលតាមកម្មវិធី ASPIRE។ លោកថា មន្ត្រីកសិកម្មនឹងពិនិត្យមើលចំពោះកិច្ចខិតខំរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តការដាំដុះ និងចិញ្ចឹមសត្វ បើមានការខ្វះខាតនឹងធ្វើការបំពេញបន្ថែមទៀតតាមជាក់ស្តែង។ លោកថ្លែងថា៖ «គ្រប់កសិករទាំងអស់គាត់បានទទួលពីរដ្ឋាភិបាលទាំងអស់គ្រប់គ្នា ទោះមានការចន្លោះតិចតួចគឺតាមកម្មវិធី បើកម្មវិធីដាក់ចំ កន្លែងណា យើងធ្វើការជ្រើសរើសគាត់ជាក្រុមកសិករដាំបន្លែដាំអីហ្នឹង អ៊ីចឹងបើគាត់មានការខ្វះខាតអីគាត់អាចទំនាក់ទំនងតាមបណ្តាញក្រុមអ៊ីចឹងទៅ ហើយបើខ្វះខាតយ៉ាងណាទៀតយើងបំពេញបន្ថែម» ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានថ្លែងនៅថ្ងៃទី ១៤ ខែមីនាថា ខេត្តត្បូងឃ្មុំបានទទួលអង្ករ ៤០ តោន សម្រាប់ចែកជូនប្រជាពលដ្ឋនៅស្រុកចំនួន ៣ គឺស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកអូររាំងឪ។
លោកបន្តថា ក្នុងឆ្នាំថ្មីនេះដើម្បីលើកកម្ពស់ស្ថិរភាពស្បៀងមន្ទីរមានគម្រោងណែនាំបច្ចេកទេស និងធ្វើការតម្រង់ទិសពលរដ្ឋរួមទាំងមានការចែកពូជដំណាំបន្លែ និងសត្វចិញ្ចឹមជូនដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងនឹងពិនិត្យជាទូទៅតែម្តង ជាពិសេសគឺផ្តោតទៅលើការតាមមើលថែគាត់ យើងផ្តល់បច្ចេកទេស តម្រង់ទិសគាត់ ជារឿងសំខាន់ ចំណែកការចែកគ្រាប់ពូជនោះគឺយើងមានមិនច្រើនដែរ អ៊ីចឹងយើងមិនអាចយកជាមូលដ្ឋានធំបានទេ គឺយើងចែកតាមរបៀបចូលរួមចំណែកជួយសម្រាប់អ្នកណាដែលទាល់ខ្លាំងទេ»។ លោក ហេង ពិសិដ្ឋ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តទៅតាមបច្ចេកទេស ដោយព្យាយាមយកកាកសំណល់កសិកម្មធ្វើជីកំប៉ុស ដើម្បីជំនួសជីដែលពលរដ្ឋធ្លាប់ប្រើដោយទិញពីផ្សារ ព្រោះបច្ចេកទេសនេះ ជាជំនួយសំខាន់មួយក្នុងការសន្សំសំចៃធនធានបានច្រើន៕