ភ្នំពេញៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា (Naturelife Cambodia) កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ បានផ្តល់មូលនិធិខ្នាតតូចដល់សហគមន៍ចំនួន ៤ ស្ថិតនៅដែនជម្រកសត្វព្រៃលំផាត់ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារដែនជម្រកសត្វព្រៃលំផាត់។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១៣ មីនាថា កាលពីចុងខែកុម្ភៈឆ្នាំ ២០២១ អង្គការជីវិតធម្មជាតិនៅកម្ពុជា (Naturelife Cambodia) បានចុះកិច្ចសន្យាផ្តល់មូលនិធិខ្នាតតូចដល់សហគមន៍តំបន់ការពារធម្មជាតិអូរគគីរ សហគមន៍តំបន់ការពារធម្មជាតិអូររ៉ៃ សហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ និងសហគមន៍អភិរក្សធនធានជីវចម្រុះស្រែជ្រៃ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារដែនជម្រកសត្វព្រៃលំផាត់។
លោកថ្លែងថា៖ «គម្រោងខ្នាតតូចនេះមានរយៈពេល ១ ឆ្នាំ និងផ្តោតលើសកម្មភាពសំខាន់ៗដូចជា ការល្បាតតាមដានជីវចម្រុះ និងបទល្មើសនៅក្នុងសហគមន៍នៃដែនជម្រកសត្វព្រៃលំផាត់ ការអប់រំផ្សព្វផ្សាយជាមួយសមាជិកក្នុងសហគមន៍ ការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដែនជម្រកសត្វព្រៃលំផាត់ជាដើម»។
លោកលើកឡើងថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកដែលមានសក្តានុពលក្នុងការអនុវត្តគម្រោងឥណទានកាបូននាពេលអនាគតដែលទាំងអស់គ្នាត្រូវចូលរួមការពារដែនជម្រកសត្វព្រៃលំផាត់នេះឱ្យបានគង់វង្ស។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់ក៏សម្បូរទៅដោយជីវចម្រុះ និងសត្វព្រៃកម្រជាច្រើនប្រភេទក្នុងនោះមានសត្វត្រយងយក្ស និងសត្វត្មាតភ្លើង ជាដើម។
លោកបន្តថា ច្រើនឆ្នាំកន្លងមកនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានជួយបង្កើតសហគមន៍តំបន់ការពារធម្មជាតិទាំង ៤ នេះ រហូតមានការទទួលស្គាល់ពីក្រសួងបរិស្ថាន។ សហគមន៍ទាំងនេះ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ ព្រៃឈើនៅក្នុងតំបន់របស់ខ្លួន ហើយអង្គការក៏បន្តជួយគាំទ្រផ្ដល់ជាមូលនិធិបន្ថែមទៀតដើម្បីឱ្យការអនុវត្ដគ្រប់គ្រងធនធានធម្មជាតិនេះ រឹតតែមានប្រសិទ្ធភាព។
លោក វរសក្ស បានឱ្យដឹងថា តាមរយៈការចុះកិច្ចសន្យាផ្តល់មូលនិធិខ្នាតតូចដល់សហគមន៍ទាំង ៤ នេះ សហគមន៍នីមួយៗនឹងទទួលបានថវិកាប្រមាណ ៥ ពាន់ដុល្លារ សម្រាប់អនុវត្ដសកម្មភាពរបស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំនេះ (២០២១-២០២២) ខណៈសហគមន៍ទាំង ៤ នេះមានភូមិសរុបចំនួន ១០ ភូមិ បានចូលរួម ក្នុងនោះ ភូមិចំនួន ៩ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្ដរតនគិរី និងភូមិ ១ ទៀតស្ថិតនៅដែនសម្រកសត្វព្រៃលំផាត់ ខេត្ដមណ្ឌលគិរី។
រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមករា ឆ្នាំ ២០១៧ បានចេញអនុក្រឹត្យស្ដីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរីនេះ ដោយបានកំណត់ និងបែងចែកតំបន់ក្នុងការគ្រប់គ្រងក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ដែលមានផ្ទៃដីសរុបទំហំ ២៥០ ០០០ ហិកតា ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកគ្រប់គ្រង ការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិ។
ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ដ្រខេត្ដមណ្ឌលគិរី និងខេត្ដរតនគិរីនេះត្រូវបានបែងចែកតំបន់គ្រប់គ្រងជា ៤ តំបន់ រួមមាន តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព៕