ភ្នំពេញៈ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់បើប្រៀបធៀបនឹងឆ្នាំ ២០២០ នោះ ថា គឺមានចេតនាបំភាន់ការពិតដល់សាធារណៈមតិជាតិ និងអន្តរជាតិ អំពីការប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការបំពេញតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន។
លោក មាស សុភ័ណ្ឌ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នាថ្ងៃទី ១៣ មីនាថា របាយការណ៍នោះ គឺមិនបានធ្វើការវាយតម្លៃក៏ដូចជាការសិក្សាស្រាវជ្រាវ និងឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ អំពីទិដ្ឋភាព និងបរិយាកាសជាក់ស្ដែងនៃការអនុវត្ដតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានោះឡើយ។ «ការបំពេញតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់ស្ដីពីរបបសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
CCIM និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) កាលពីថ្ងៃទី ១០ ខែមីនាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ ស្តីពីការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យ (SURVEY REPORT 2021: CHALLENGES FOR INDEPENDENT MEDIA IN CAMBODIA)។
របាយការណ៍ថា៖ «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ ២០២១ យើងរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែអាក្រក់បើប្រៀបធៀបនឹងឆ្នាំ ២០២០»។ របាយការណ៍ក៏បានបង្ហាញការកត់ត្រារបស់ខេមបូចាអំពីការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានចំនួន ៥១ ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន ៩៣ នាក់ (៥ នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន ៣២ នាក់ត្រូវបានចាប់ឃាត់ខ្លួនហើយ ២៤ នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង ១៨ នាក់ទៀតអះអាងថា ទទួលរងការគំរាមកំហែង និងការធ្វើទុកបុកម្នេញ។
CCIM ក៏សង្កេតឃើញការលេចឡើងនូវតួនាទីកាន់តែសំខាន់របស់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពីសហគមន៍ហើយពួកគេក៏ជួបនូវការប្រឈមបញ្ហាស្រដៀងគ្នានឹងអ្នកសារព័ត៌មានអាជីពផងដែរ។ តាមការសិក្សាស្រាវជ្រាវនេះ អ្នកជំនាញផ្នែកព័ត៌មាន និងអ្នកពាក់ព័ន្ធមិនរំពឹងថា ស្ថានភាពសារព័ត៌មាននៅឆ្នាំ ២០២២ អាចនឹងល្អឡើងវិញនោះទេ ដោយសារការបន្ដរឹតត្បិតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗ ដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។
ប៉ុន្តែ លោក មាស សុភ័ណ្ឌ បញ្ជាក់ថា វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងបែបទំនើប មានការរីកចម្រើនទាំងវិសាលភាព និងមធ្យោបាយនៅក្នុងការផ្តល់ព័ត៌មានជូនទៅប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឱ្យបានទទួលព័ត៌មាននឹងហេតុការណ៍ ព្រឹត្តិការណ៍ក៏ដូចជាព័ត៌មានផ្សេងៗដែលកើតឡើងនៅកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកទាំងមូល។
ទោះយ៉ាងណាលោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ CCIM លើកឡើងថា ការរកឃើញថា ស្ថានភាពសេរីភាពអ្នកសារព័ត៌មានមានការធ្លាក់ចុះនេះ គឺបណ្ដាលមកពីកត្តាមួយចំនួនទាក់ទងទៅនឹងអ្នកសារព័ត៌មានមួយចំនួន ដែលមានបទពិសោធរងការគំរាមកំហែងទៅលើផ្លូវកាយ និងផ្លូវចិត្ដគឺមានការកើនឡើង។ លោកថាបើយោងទៅតាមករណីគំរាមកំហែង យាយីទៅលើអ្នកសារព័ត៌មានពេលកំពុងបំពេញមុខងារក៏មានការកើនឡើងដែរ បើធៀបទៅនឹងឆ្នាំ ២០២០ ដែលបង្ហាញថា អ្នកសារព័ត៌មានរងការគំរាមកំហែង រឹតត្បិតកាន់តែខ្លាំង។
លោកថ្លែងថា៖ «អ្នកសារព័ត៌មានគួរតែមានសេរីភាពពេញលេញដើម្បីធ្វើការងាររបស់ខ្លួន ប៉ុន្ដែនៅពេលដែលគាត់រាយការណ៍លើបញ្ហារសើប គឺពួកគាត់នៅតែមានការព្រួយបារម្ភពិសេសទាក់ទងនឹងការរាយការណ៍អំពីអំពើពុករលួយ និងបញ្ហាផ្សេងៗដែលធ្វើឱ្យសេរីភាពអ្នកសារព័ត៌មាននៅតែបន្តមានការធ្លាក់ចុះ»។
លោក ណុប វី នាយកប្រតិបត្តិ ខេមបូចា លើកឡើងថា របាយការណ៍បានបង្ហាញពីការងាររបស់អ្នកសារព័ត៌មានដែលបានជួបប្រទះនូវបញ្ហាប្រឈមដែលជាការកត់សម្គាល់លើទិដ្ឋភាពផ្លូវច្បាប់បច្ចុប្បន្ន ក៏មានច្បាប់មួយចំនួនបន្តគំរាមកំហែងដល់ការងាររបស់អ្នកសារព័ត៌មានដែរ។ «ដូចជា ក្រមព្រហ្មទណ្ឌ ដែលនៅតែត្រូវបានប្រើប្រាស់យកទៅចោទប្រកាន់អ្នកសារព័ត៌មាន និងការបង្កើតច្បាប់ និងអនុក្រឹត្យ ថ្មីៗមួយចំនួនទៀត ដូចជាអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិជាដើម ក៏ជាផ្នែកមួយដែលមានទំនោរធ្វើឱ្យមានការព្រួយបារម្ភរឿងការរឹតត្បិតទៅដល់សេរីភាពរបស់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានដែរ»។
លោកសង្កេតឃើញថា ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ កាលពីឆ្នាំ ២០២១ ក៏នាំឱ្យមានការរឹតត្បិតដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានចំពោះការចុះយកព័ត៌មាន រហូតទៅដល់មានការចាប់ខ្លួនអ្នកសារព័ត៌មាន និងការដកអាជ្ញាប័ណ្ណជាដើម ក្រោយពីពួកគេបានរាយការណ៍ពីបញ្ហាជំងឺកូវីដ១៩។ លោកបន្តថា៖ «ទាំងនេះគឺជាបញ្ហាប្រឈមមួយចំនួនដែលយើងទាំងអស់គ្នាទាមទារឱ្យមានការយកចិត្ដទុកដាក់បន្ថែមទៀត ដើម្បីឆ្លើយតប និងដោះស្រាយធ្វើឱ្យស្ថានភាពសេរីភាពសារព័ត៌មានកាន់តែមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ»។
យ៉ាងណាក្តីលោក មាស សុភ័ណ្ឌ លើកឡើងថា បើពិនិត្យទៅលើចំនួននៃអង្គភាពផ្សព្វផ្សាយព័ត៌មាននៅពេលបច្ចុប្បន្ននេះ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងប្រព័ន្ធផ្សព្វផ្សាយតាមបែបទំនើបផ្សព្វផ្សាយតាមអ៊ីនធឺណិត មានគេហទំព័រ និងទូរទស្សន៍អនឡាញ បើគិតត្រឹមដំណាច់ឆ្នាំ ២០២១ មានការកើនឡើងរហូតទៅដល់ ៧៨៧ អង្គភាព ហើយចំនួននេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ គឺកើនឡើងដល់ទៅ ១១៨ អង្គភាព។
ក្រៅពីនេះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមានទាំងវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី ជាច្រើនផងដែរក៏កំពុងតែបម្រើការផ្សព្វផ្សាយព័ត៌មានយ៉ាងសម្បូរបែបទៅដល់ប្រជាជនហើយចំនួនអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាក៏មានការកើនឡើងផងដែរ។ ក្នុងឆ្នាំ ២០២១ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៦ ពាន់នាក់បានបំពេញតួនាទីក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានជូនទៅដល់ពលរដ្ឋ៕