ភ្នំពេញៈ មន្ត្រីជំនាញពីអន្តរក្រសួងកំពុងបន្តពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា ដែលជាវិធានសម្រាប់គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈឆបោក ឬបន្លំលើអ្នកប្រើប្រាស់។
កាលពីថ្ងៃទី ១៤ ខែមីនា លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវាតាមប្រព័ន្ធអនឡាញ (Zoom)។
កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងគណៈកម្មការភាសាខ្មែរផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.។
លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៤ មីនា ថា នីតិវិធីក្នុងការពិភាក្សា និងពិនិត្យជាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យនេះគឺបានបញ្ចប់ ខណៈនីតិវិធីបន្តគឺរង់ចាំទទួលធាតុចូលខ្លះៗបន្ថែមទៀតពីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ដើម្បីឈានទៅប្រកាសឱ្យប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលឆាប់ៗ។
ជាមួយនឹងការអះអាងបែបនេះលោក ផាន អូន បានឱ្យដឹងថា អនុក្រឹត្យនេះគឺមានខ្លឹមសារក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការដាក់ហាមបម្រាមការផ្សាយពាណិជ្ជកម្មមួយចំនួនដែលឯកសារផ្សេងៗបានកំណត់ ហើយនឹងមានការសុំជាអាជ្ញាប័ណ្ណ និងការផ្តល់អនុលោមភាពផ្សេងៗដល់អ្នកផ្សព្វផ្សាយឱ្យគោរពតាមបទដ្ឋានច្បាប់។
លោក ផាន អូន ក៏ឱ្យដឹងបន្តថាក្រោយអនុក្រឹត្យនេះចូលជាធរមាន មន្ត្រីមានសមត្ថកិច្ចអាចនឹងដាក់ទោស ឬពិន័យជាអន្តរការណ៍ចំពោះការផ្សព្វផ្សាយមួយចំនួនដែលមានលក្ខណៈឆបោក ឬបន្លំក្នុងការផ្សព្វផ្សាយការលក់ទំនិញដែលទាក់ទាញអ្នកទិញហើយមានលក្ខណៈមិនពិតផងដែរ។
លោកបានបញ្ជាក់ថា៖ «អនុក្រឹត្យនេះក៏គ្រប់គ្រងទៅលើការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈមិនពិតដែរដូចជាការផ្សាយពាណិជ្ជកម្មថាមានរង្វាន់គឺត្រូវតែមានរង្វាន់ហើយកម្រិតការផ្សព្វផ្សាយ»។
បើតាមលោក ផាន អូន បានអះអាងថាអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវានេះគឺជាសេចក្តីព្រាងច្បាប់សម្រាប់បំពេញបន្ថែមឱ្យច្បាប់ដែលមានស្រាប់ចំនួន ២ គឺច្បាប់ស្តីពីគ្រប់គ្រងផលិតទំនិញ និងសេវា និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ខណៈអនុក្រឹត្យចូលរួមបំពេញបន្ថែមរាល់ឯកសារគតិយុត្តដែលមានដើម្បីសម្រួលដល់ការអនុវត្តច្បាប់៕