ភ្នំពេញៈ គម្រោង USAID ព្រៃឡង់បៃតងបានផ្តល់ជំនួយដល់អង្គការ NTFP-EP Cambodia ក្នុងការផ្តល់វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ដល់សហគ្រាសសហគមន៍ទឹកឃ្មុំព្រៃចំនួន ៣ នៅខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដែលធ្វើឡើងដើម្បីធានាបាននូវការប្រមូលផលប្រកបដោយនិរន្តរភាព អនាម័យ និងការរក្សាទុក ព្រមទាំងការវេចខ្ចប់ប្រកបដោយគុណភាព។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់គម្រោង USAID ព្រៃឡង់បៃតងចេញផ្សាយក្នុងខែមីនា។
ព្រឹត្តិបត្រព័ត៌មានដដែលបានឱ្យដឹងថា រង្វាន់ត្រូវបានផ្តល់ជូនសហគ្រាសសហគមន៍ទឹកឃ្មុំព្រៃនេះបានបង្ហាញថា ពួកគាត់បានពង្រឹងការអនុលោមតាមគោលការណ៍ណែនាំបច្ចេកទេសក្នុងអំឡុងពេលប្រមូលផលទឹកឃ្មុំ ការកែច្នៃ និងការវេចខ្ចប់ ការវាយតម្លៃ ត្រូវបានធ្វើឡើងតាមរយៈនីតិវិធីវាយតម្លៃដែលហៅថាស្ដង់ដាដែលធានាបាននូវការចូលរួម (PGS)។
វិធីសាស្ត្រនៃសវនកម្មស្តង់ដាដែលធានានូវការចូលរួមនេះ រួមមានសវនកម្មដែលធ្វើការវាយតម្លៃជាក្រុម ការវាយតម្លៃដោយខ្លួនឯង ការសង្កេតនៅទីវាល និងការសម្ភាស ក៏ដូចជាការធ្វើតេស្តសរីរាង្គ (តាមញាណ) និងតាមមន្ទីរពិសោធន៍។ សហគ្រាសសហគមន៍ដែលទទួលបានពិន្ទុខ្ពស់បំផុត ទទួលបានវិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តចំនួន ៥០០ ដុល្លារអាមេរិក ហើយអ្នកជាប់ចំណាត់ថ្នាក់ទី ២ ទទួលបានវិញ្ញាបនបត្រ និងទឹកប្រាក់ចំនួន ៣០០ ដុល្លារអាមេរិក និងអ្នកទី ៣ ទទួលបានវិញ្ញាបនបត្រ និងទឹកប្រាក់ ចំនួន ២០០ ដុល្លារអាមេរិកផងដែរ។ ព្រឹត្តិបត្រនេះថា៖ «នៅពេលដែលអត្ថប្រយោជន៍នៃជីវភាពផ្តល់ដោយអនុផលព្រៃឈើមានការកើនឡើង សហគមន៍នឹងមិនចូលរួមប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាកាប់ឈើ ប្រមាញ់សត្វ និងឈូសឆាយដីព្រៃទេ ហើយពួកគាត់នឹងងាកមកចូលរួមក្នុងការការពារព្រៃឈើដើម្បីធានាបាននូវអត្ថប្រយោជន៍យូរអង្វែង»។
វិញ្ញាបនបត្រ និងរង្វាន់ត្រូវបានផ្តល់ទៅឱ្យសហគ្រាសសហគមន៍ទឹកឃ្មុំព្រៃ ដើម្បីលើកទឹកចិត្តក្នុងការអនុលោម តាមគោលការណ៍ណែនាំស្ដង់ដា។ លើសពីនេះទៅទៀត ស្ដង់ដានៃគុណភាព និរន្តរភាព និងការតាមដានត្រូវបានធានាតាមរយៈ សវនកម្មស្តង់ដាដែលធានានូវការចូលរួម។ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យគុណភាព និងផលិតកម្មនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើការលក់ ហើយជួយដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាននៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។
លោក ម៉ែន សុខហេង មន្ត្រីអង្គការ NTFP-EP Cambodia ថ្លែងនៅថ្ងៃទី ១៣ ខែមីនាថា ជំហានបន្ទាប់ខាងអង្គការមានគោលដៅពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមប្រមូលឃ្មុំបច្ចេកទេសប្រមូល ការវេចខ្ចប់ ការរក្សាទុក និងជាពិសេសទីផ្សារសម្រាប់ការលក់ចេញផងដែរ។ លោកថ្លែងថា៖ «នៅពេលដែលគាត់ធ្វើគោរពទៅតាមគោលការណ៍បច្ចេកទេសហើយ មានន័យថា នៅពេលដែលគេជឿទុកចិត្តហើយ គឺទីផ្សារគាត់ទូលំទូលាយ គាត់អាចរកម៉ូយរកអតិថិជនទិញទឹកឃ្មុំបានកាន់តែច្រើន អ៊ីចឹងយើងត្រូវជួយរកទីផ្សារ និងភ្ជាប់ទីផ្សារជូនពួកគាត់»។
លោក ម៉ែន សុខហេង បញ្ជាក់ថា ប្រតិបត្តិការក្រុមប្រជាពលរដ្ឋសហគមន៍ប្រមូលឃ្មុំព្រៃជាផ្នែកមួយជួយដល់ការថែរក្សាព្រៃឈើ និងធនធានធម្មជាតិជីវចម្រុះឱ្យគង់នៅបានយូរអង្វែង។
លោកបន្តថា ជាការកត់សម្គាល់ ការបរបាញ់ ការដាក់អន្ទាក់ មិនសូវកើតមានប៉ុន្មានទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់ប្រជាសហគមន៍គឺនៅមានជនខិលខូចមួយចំនួន បន្តរុករានកាប់ទន្ទ្រានព្រៃ។ លោកថា៖ «ឥឡូវការដាក់អន្ទាក់ដាក់អីវាអត់សូវមានទេ ប៉ុន្តែបទល្មើសដែលសហគមន៍គាត់ពិបាកទប់ទល់នោះគឺទាក់ទងការលួចកាប់រានព្រៃយកដី ព្រោះរាល់ថ្ងៃបញ្ហាហ្នឹងកើតមានស្ទើរតែគ្រប់សហគមន៍ទៅហើយ»៕