ព្រះសីហនុៈ សមត្ថកិច្ចខេត្ដព្រះសីហនុកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ១០ នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនករណីដឹកនាំក្រុមអនាធិបតេយ្យជិត ៣០០ នាក់ ធ្វើសកម្មភាពទន្ទ្រានដីរដ្ឋក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ១៤ មីនាថា ពាក់ព័ន្ធករណីទន្ទ្រានដីរដ្ឋពីក្រុមអនាធិបតេយ្យប្រមាណ ២៩៥ នាក់ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនៅចំណុចគីឡូលេខ ១៥ ដល់គីឡូលេខ ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលាគឺបានផ្អាកសកម្មភាពទាំងស្រុងហើយ ចំណែកក្រុមអនាធិបតេយ្យបានចាកចេញពីទីតាំងនោះអស់ហើយ ក្រោយសមត្ថកិច្ចចុះបង្ក្រាបចាប់ខ្លួនមេខ្យល់បាន ១០ នាក់។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចបរិស្ថានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ១០ នាក់នេះទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់»។
បើតាមមន្ទីរបរិស្ថានខេត្តព្រះសីហនុដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលាបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ចបរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យប្រមាណជា ២៩៥ នាក់ក្នុងនោះស្រី ១១៣ នាក់ ឱ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចខាងលើនេះ។
មន្ទីរបរិស្ថានបញ្ជាក់ថា នៅវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលាបានដឹកនាំកម្លាំងធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះដែលកំពុងតែធ្វើសកម្មភាពកាប់ឆ្ការនេះគឺជាដីរបស់រដ្ឋ សូមបងប្អូនបញ្ឈប់សកម្មភាពរុករានកាន់កាប់ដោយខុសច្បាប់ជាបន្ទាន់។
ក៏ប៉ុន្តែ ទោះបីមានការណែនាំក្ដី ក៏ពួកគាត់ពុំបានស្ដាប់ឡើយ ជាហេតុធ្វើឱ្យក្រុមការងារត្រូវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមេខ្លោងបានចំនួន ១០ នាក់ និងបានដកហូតវត្ថុតាង មានចបកាប់ចំនួន ១ ចបជីកចំនួន ៥ ដើម ញញួរចំនួន ៣ ដើម ពូថៅចំនួន ១៨ ដើម ដែកគាស់ចំនួន ២ ដែកគោលចំនួន ៥ គីឡូ កាំបិតផ្គាក់ ចំនួន ២៣ ដើម កាំបិតតូចចំនួន ៣ តង់ចំនួន ៤ រថយន្តចំនួន ៤គ្រឿង និងម៉ូតូចំនួន ២ គ្រឿង និងកំពុងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ព្រះសីហនុ ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
បើតាមមន្ទីរបរិស្ថានខេត្ដព្រះសីហនុកន្លងមកសកម្មភាពបទល្មើស រុករាន កាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធ កាន់កាប់ជាកម្មសិទ្ធិ ដោយខុសច្បាប់ក្នុងតំបន់នេះត្រូវបានសមត្ថកិច្ចចុះអនុវត្តវិធានការទប់ស្កាត់ ជាបន្តបន្ទាប់ផងដែរ។
មន្ទីរបរិស្ថានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិត្រង់មាត្រា ៥៦ និងមាត្រា ៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ១៥ លានរៀលទៅ ១៥០ លានរៀលចំពោះបុគ្គលប្រព្រឹត្តជានីតិបុគ្គលនឹងត្រូវពិន័យជាប្រាក់ពី ១៥០ លានរៀល ទៅ ២៥០ លានរៀល។
វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង៕