ភ្នំពេញៈ ប្រទេសហុងគ្រីបានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ជាង ៥២ ម៉ឺនដូសដល់ព្រះរាជាណាចក្រកម្ពុជា ហើយនឹងត្រូវប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៨ ខែមីនា នៅវិមានសន្តិភាព បន្ទាប់ពីវ៉ាក់សាំងនេះបានដឹកមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២។
លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រទេសហុងគ្រីបានផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៥២៣ ១០០ ដូសទៀត ដែលត្រូវដឹកមកដល់ពេលយប់ ដែលពិធីប្រគល់ និងទទួលវ៉ាក់សាំងផ្លូវការត្រូវធ្វើនៅព្រឹកថ្ងៃទី ១៨ ខែមីនា ខាងមុខនេះ។
គួរបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ១៩ ទាំង ជាជំនួយ និងពីការបញ្ជាទិញសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបមានចំនួនជាង ៤៣ លានដូសហើយ ហើយគិតត្រឹមថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានជិត ១៥ លាននាក់ ឬ ៩២,២៣% ធៀបនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នា ទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជារឿយៗថា ប្រទេសកម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋឡើយ នៅពេលដែលបញ្ហាជំងឺកូវីដ ១៩ មិនទាន់ចប់នៅឡើយ។
លោកបានថ្លែងកាលពីចុងខែមករា កន្លងមកថា៖ «ការចាក់វ៉ាក់សាំងគឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ ១៩ និងបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព»។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ លោក ម៉ម ប៊ុនហេង បានណែនាំទៅដល់គ្រប់រាជធានី-ខេត្តទាំងអស់ត្រូវបន្តអនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋក្រោមប្រធានបទ «កូវីដ ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុន អាចបណ្តាលឱ្យមានហានិភ័យដល់អ្នក និងគ្រួសារ»។
លោក ម៉ម ប៊ុនហេង បានលើកឡើងកាលពីថ្ងៃទី ១៤ ខែមីនា ថា រហូតមកដល់ពេលនេះ វីរុសកូវីដ ១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ដែលនៅតែរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ហើយក្នុងនោះក៏មានករណីឈឺធ្ងន់សម្រាកពេទ្យ និងករណីស្លាប់មួយចំនួនដែរក្នុងចំណោម ក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩។
លោកបានឱ្យដឹងថា៖ «យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ ១៩ បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លងមក និងបានទទួលជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ចម្លងកូវីដ ១៩ នៅសហគមន៍ក្នុងពេលកន្លងមកប្រកបដោយប្រសិទ្ធភាពប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនហាក់ធ្វេសប្រហែសភ្លេចខ្លួនក្នុងការអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវ និងហ្មត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសនេះធ្វើចរាចរយ៉ាងសកម្មបង្កឱ្យមានការចម្លងឡើងវិញសាជាថ្មី»។
លោកថា៖ «យុទ្ធនាការអប់រំផ្សព្វផ្សាយជាបន្តនាពេលនេះ នៅតែមានសារៈសំខាន់បំផុតដើម្បីឈានទៅសម្រេចបានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាពរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ ១៩»។
លោក ម៉ម ប៊ុនហេង បានលើកឡើងទៀតថា ក្នុងន័យនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ ១៩ ប្រភេទបំប្លែងថ្មីនេះឱ្យបានឆាប់បំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់គណៈអភិបាលរាជធានី-ខេត្ត យន្តការដែលមានការពាក់ព័ន្ធទាំងអស់ បន្តអប់រំផ្សព្វផ្សាយដល់ប្រជាជនអំពីហានិភ័យនៃជំងឺកូវីដ ១៩ និងជំរុញការអនុវត្តវិធានការ «៣ ការពារ និង ៣ កុំ និងចាក់វ៉ាក់សាំង»។
អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានរៀបចំបន្តធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នក និងគ្រួសារ»។
ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ ១៩ បំប្លែងថ្មីឱ្យមាននិរន្តរភាពនៃការរស់នៅជាមួយនឹងវីរុសកូវីដតាមគន្លងប្រក្រតីភាពថ្មីផងដែរ។
ក្រសួងសុខាភិបាលនឹងចាប់ផ្តើមប្រកាសដាក់យុទ្ធនាការនេះជាផ្លូវការនាថ្ងៃទី ២២ មីនា នៅខេត្តកំពង់ស្ពឺដោយអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេសតែម្តង។ ក្រសួងក៏បានណែនាំដល់បណ្តារាជធានី-ខេត្តទាំងអស់ចាត់ចែងរៀបចំ និងចូលរួមជំរុញយុទ្ធនាការនេះដោយរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយ ដូចជាការបិទតាំងបដា រូបភាពផ្ទាំងធំតាមទីតាំងសំខាន់ៗ ក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការនេះ៕