ភ្នំពេញៈ មន្ត្រីពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍ចំនួន ៨ នាក់ក្នុងចំណោម ១១ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការបង្គាប់របស់សាលាដំបូងរាជធានី-ភ្នំពេញ កាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។
ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះធ្វើឡើង បន្ទាប់ពីអ្នកជាប់ឃុំទាំង ៨ នាក់បានដាក់លិខិតទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមឱ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគេបាននៅក្រៅឃុំ ដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិកក្នុងការចរចាដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងសន្យាមិនឱ្យមានការប្រមូលផ្តុំទៀតឡើយ។
ក្នុងលិខិតស្នើសុំអន្តរាគមន៍ដាក់ទៅក្រសួងការងារតាមរយៈប្រធានមណ្ឌលកែប្រែ ២ លោក ខ្លូត តារា ចុះថ្ងៃទី ១២ ខែមីនា ដោយមានស្នាមមេដៃអតីតបុគ្គលិកទាំង ៨ រូបមានខ្លឹមសារថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ពួកគេបានអំពាវនាវដល់បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ដែលកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញសូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
សកម្មជនសហជីពលោកស្រី ស៊ុន ស្រីពេជ្រ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែមីនាថា ក្រុមសកម្មជនសហជីពកំពុងរកវិធីជួបប្រជុំជាមួយកូដករផ្សេងទៀត ដើម្បីពិភាក្សា និងប្រមូលមតិរួមក្នុងការដោះស្រាយវិវាទការងារ។
លោកស្រីថា៖ «ព្រោះខ្ញុំទើបតែបានចេញនៅក្រៅឃុំ អ៊ីចឹងអត់ទាន់បានជួបសមាជិកផ្សេងនៅឡើយទេថា អាចនឹងផ្លាស់ប្តូរលក្ខខណ្ឌអ្វីខ្លះ ព្រោះឥឡូវចង់ដឹងពីស្ថានភាព និងមតិរបស់សមាជិកផ្សេងទៀតដែលធ្វើកូដកម្មនៅខាងក្រៅសិន»។
លោកស្រីបន្តថា ពួកគេនឹងរកទីតាំងសមស្របមួយ ដើម្បីជួបជុំ ឬប្រជុំតាមអនឡាញដើម្បីប្រមូលមតិរួម បន្ទាប់មកនឹងស្នើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ លោកស្រី ស៊ុន ស្រីពេជ្រ ប្រាប់ថា ជាបណ្តោះអាសន្ន ក្រុមសកម្មជន និងមេដឹកនាំសហជីពដែលត្រូវបានដោះលែងស្នើឱ្យសមាជិកដែលធ្វើកូដកម្មនៅខាងក្រៅផ្អាកការតវ៉ាសិន ហើយអ្នកដែលនៅមានឈ្មោះមិនទាន់បណ្តេញចេញពីក្រុមហ៊ុនឱ្យគាត់ចូលធ្វើការធម្មតាវិញសិន ដើម្បីទុកពេលឱ្យក្រុមពួកគាត់រកពេលវេលាជជែកគ្នា។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព បានបង្ហោះសារនៅបណ្តាញសង្គមរបស់ខ្លួនបានសម្តែងការស្វាគមន៍ចំពោះថ្នាក់ដឹកនាំសហជីពដែលត្រូវដោះលែង និងមានសេរីភាពជួបជុំក្រុមគ្រួសារ និងសមាជិកឡើងវិញ។
លោកស្រីបន្តថា៖ «នៅមានសមាជិក ៣ រូបទៀត ដែលត្រូវបានចាប់ និងឃុំខ្លួនក្រោយបំផុតពាក់ព័ន្ធនឹងវិធានច្បាប់កូវីដនៅមិនទាន់ដោះលែងនៅឡើយខ្ញុំសង្ឃឹមថា ពួកគេនឹងមានសេរីភាពទាំងអស់គ្នា និងភាគីពាក់ព័ន្ធអាចជជែករកដំណោះស្រាយលើវិវាទការងារដែលភាគីទាំងអស់អាចទទួលយក និងមានយុត្តិធម៌»។
ពាក់ព័ន្ធការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះដែរនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសទទួលស្គាល់អង្គការវិជ្ជាជីវៈ សហជីពសិទ្ធិ និងប្រយោជន៍រួមនៃបុគ្គលិកណាហ្គាវើលដ៍ កាលពីថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២២។
សូមជម្រាបថា ក្រុមកូដករណាហ្គាវើលដ៍បានចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកជាង ៣៦០ នាក់ឱ្យចូលធ្វើការវិញ។ ប៉ុន្តែរហូតមកទល់ពេលនេះមានថ្នាក់ដឹកនាំសហជីព និង សមាជិកសហជីពសរុបចំនួន ៨ នាក់ក្នុងចំណោម ១១ នាក់ត្រូវបានតុលាការក្រុងភ្នំពេញដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ រីឯ ៣ នាក់ទៀតទើបបានធ្វើលិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឱ្យបាននៅក្រៅឃុំផងដែរ កាលពីរសៀលថ្ងៃទី ១៥ មីនា៕