ភ្នំពេញៈមូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសនៅថ្ងៃទី ១៤ ខែមីនាថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤១១ ៥៤៩ ៨០០ រៀល និង ១៥៥ ៨៤៦ ដុល្លារអាមេរិកពីសប្បុរសជនចំនួន ២០ ២៤៩ រូប។ មូលនិធិនេះបានថ្លែងអំណរគុណដល់អ្នកជួយ និងបន្តអំពាវនាវឱ្យសប្បុរសជនចូលរួមបន្តបរិច្ចាគដើម្បីទ្រទ្រង់ការជួយសង្គ្រោះដល់កុមារកម្ពុជា។
មូលនិធិគន្ធបុប្ផាបានចាត់ទុកអំណោយថវិកាថា ជាការផ្តល់ឱ្យគ្រួសារកុមារនូវក្តីសង្ឃឹម និងភាពរីករាយ ព្រោះកុមារនឹងត្រូវបានជួយសង្គ្រោះឱ្យជាសះស្បើយល្អប្រសើរឡើងវិញ។ សប្បុរសជនអាចធ្វើការបរិច្ចាគតាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូ។ ក្នុងនោះ មានដូចជា ធនាគារ Canadia ធនាគារ ACLEDA ធនាគារ ABA ធនាគារ Chip Mong ធនាគារ Wing ធនាគារ Sathapana ធនាគារ J Trust Royal និងភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគ ដោយផ្ទាល់នៅលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជាដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរស័ព្ទ ០៦១ ៧០ ១១១១។
មូលនិធិគន្ធបុប្ផា ថា៖ «សប្បុរសជនទាំងក្នុង និងក្រៅប្រទេសក៏អាចបន្តចូលរួមបរិច្ចាគ ជាសមាជិកដែលរួមមាន សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ លានរៀល (៥ ០០០ ដុល្លារ) ក្នុង ១ ឆ្នាំ ឬសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ រៀល ក្នុង ១ ខែ ឬ ៦០ ០០០ រៀល ក្នុង ១ ឆ្នាំដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតីខ្មែរជួយខ្មែរ»។
មូលនិធិនេះឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផាមានកុមារឈឺចំនួន ៤៣ ១៣០ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (43,130 Outpatients) កុមារមានជំងឺធ្ងន់ៗ ៥ ៩០៨ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (5,908 admitted patients) កុមារមានជំងឺគ្រុនឈាម ចំនួន ៨៤ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (84Dengue Fever cases) និងកុមារចំនួន ១ ៥៩៨ នាក់ ត្រូវបានទទួលការវះកាត់ (1,598 surgical operations) វះកាត់បេះដូង និងកួតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផា ភ្នំពេញ និងសៀមរាបមាន ចំនួន ៨៩ នាក់ (89 open-heart operations and catheterizations)។
មូលនិធិគន្ធបុប្ផាកម្ពុជាបញ្ជាក់ទៀតថា នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) មានស្ត្រីមានផ្ទៃពោះចំនួន ៥ ៩៥១ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃ មន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៣៤៩ នាក់ (5,951 pregnant women were examined and treated in the outpatient, and 1,349 deliveries)។
លោក សុង កុសល ប្រធានអង្គការស្ម័គ្រចិត្ត ដើម្បីមនុស្សធម៌ ថ្លែងនៅថ្ងៃទី ១៥ ខែមីនាថា ការជួយឧបត្ថមគាំទ្រដល់មូលនិធិគន្ធបុប្ផាប្រៀបដូចជាជួយដល់ខ្លួនឯង ព្រោះមន្ទីរពេទ្យគន្ធបុប្ផាទទួលធ្វើការព្យាបាលដោយមិនរើសអើងឡើយ។
លោកបន្តថា អង្គការស្ម័គ្រចិត្ត ដើម្បីមនុស្សធម៌ ក៏មានគម្រោងធ្វើសកម្មភាពមួយចំនួន ដើម្បីស្វែងរកថវិកាជួយដល់មូលនិធិគន្ធបុប្ផាផងដែរ ប៉ុន្តែដោយសារវិបត្តិកូវីដ ១៩ មិនទាន់អំណោយផលទើបមិនអាចធ្វើសកម្មភាពជួបជុំគ្នាច្រើនបាន។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ទូទាំងប្រទេសជាពិសេសអំពាវនាវដល់អតិថិជនយើងរួមគ្នាមិនថាតិច ឬច្រើនទេ ត្រឹមតែម្នាក់ ១ ដុល្លារឬក៏ ២ ០០០ រៀលក៏យើងអាចជួយបានច្រើនដែរ»។
បើតាមមូលនិធិគន្ធបុប្ផាតម្លៃនៃការបរិច្ចាគជាប្រចាំរបស់សប្បុរសជនពិតជាបានជួយដល់កុមារកម្ពុជាជាច្រើនក្នុងនោះថ្មីៗនេះ មានកុមារាអាយុ ១៣ ឆ្នាំម្នាក់បានរស់រានមានជីវិតឡើងវិញ បន្ទាប់ពីទទួលបានការខិតខំប្រឹងប្រែងព្យាបាលយ៉ាងយកចិត្តទុកដាក់រយៈពេល ៤០ ថ្ងៃពីសំណាក់ក្រុមគ្រូពេទ្យគន្ធបុប្ផា។
កុមារម្នាក់នេះរបួសមុតជើងអំឡុងលេងកីឡាបាល់ទាត់ និង ៧ ថ្ងៃបន្ទាប់ក៏ពិនិត្យឃើញថា មានជំងឺតេតាណូសធ្ងន់ធ្ងរ និងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយម៉ាស៊ីនជំនួយដង្ហើម និងថ្នាំសណ្ដំបំបាត់ការកន្ត្រាក់សាច់ដុំអស់រយៈពេល ៣៥ ថ្ងៃ និងថែទាំព្យាបាលពេល ៤០ ថ្ងៃនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
ការជួយសង្គ្រោះកុមាររូបនេះឱ្យទទួលបានស្នាមញញឹម និងមានជីវិតឡើងវិញ គឺជាកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យឯកទេសកម្ពុជា។ រាល់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺឥតគិតថ្លៃ និង មិនមានការរើសអើងនោះទេ។ ដូចនេះ រាល់ការបរិច្ចាគរបស់សប្បុរសជន គឺពិតជាមានតម្លៃខ្លាំងណាស់ក្នុងការជួយជីវិតកុមារកម្ពុជា។
មូលនិធិនេះបញ្ជាក់ថា៖ «ការមុតរបួសដោយវត្ថុមិនស្អាត ដែលមានមេរោគតេតាណូសគឺអាចបណ្តាលឱ្យកើតជំងឺតេតាណូសធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត។ ដើម្បីការពារជំងឺនេះត្រូវចាក់ថ្នាំបង្ការឱ្យបានទៀងទាត់»៕