ព្រះសីហនុៈ នាវាកងស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង URAGA និង HIRADO ដែលមានកងនាវិក ១៨០ នាក់បានសុំចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី ១៥-១៧ ខែមីនា ដើម្បីលើកកម្ពស់មិត្តភាព ពង្រឹងការយល់ដឹងពីគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា និងសម្រេចបាននូវ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ក្នុងពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចនាវាកងស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី ១៥ ខែមីនានៅខេត្តព្រះសីហនុលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថ្លែងថា ការចូលចតនាវា URAGA ដែលមាននាវិកចំនួន ១២៦ នាក់ និងនាវា HIRADO មាននាវិកចំនួន ៥៤ នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំង ២ កម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី ៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅកម្ពុជាជាលើកដំបូង។
លោក ទៀ បាញ់ ថ្លែងថា៖ «ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀតដូចជា ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំ ជាន់ខ្ពស់ បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល»។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិបានស្នើកងស្វ័យការពារជើងទឹកជប៉ុនបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែច្រើនដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។
លោកក៏ស្នើឱ្យភាគីជប៉ុនបន្តជួយផ្តល់ឧបករណ៍សម្ភារ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការប្រជាជាតិទទួលបានជោគជ័យថ្មីៗថែមទៀត។
ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២២ នេះ កងស្វ័យការពារជើងទឹកជប៉ុនបានចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ៩ លើក ដែលមាននាវាចំនួន ២៤ គ្រឿងទាំងលើកនេះ និងបានធ្វើការហ្វឹកហ្វឺនរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំង ២ កម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងក្នុងពិធីនេះថាខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំង ២ មានការរីកចម្រើនក្នុងរយៈពេលមួយយ៉ាងវែង លោកមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។
លោកបន្តថា ប្រទេសជប៉ុន និងកម្ពុជាបានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ដោយធានាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់។
លោក មិកាមិ ថ្លែងថា៖ «យើងខ្ញុំមានជំនឿថា ការចូលចតនៃនាវានាពេលនេះក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរដែលនឹងរួមចំណែកសម្រេចបាននូវ“ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ឆ្នាំ ២០២២ នេះ គឺជាខួបលើកទី ៣០ ដែលជប៉ុន បានបញ្ជូនកងរក្សាសន្តិភាពជាលើកដំបូងមកកាន់កម្ពុជាក្នុងឆ្នាំ ១៩៩២ ខណៈឆ្នាំក្រោយនេះគឺឆ្នាំ ២០២៣ គឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ជប៉ុន និងកម្ពុជា។
លោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី ១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ថ្លែងក្នុងពិធីនេះដោយសង្ឃឹមថា ការចូលចតបំពេញទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាព មិនត្រឹមតែរវាងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងកងទ័ពជើងទឹកកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែរវាងប្រទេសទាំងពីរជាទូទៅផងដែរ។
លោកថ្លែងថា៖ «ការចូលចតបំពេញទស្សនកិច្ចនេះនឹងរួមចំណែកដល់ការសម្រេចបាននូវ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ”។ សម្រាប់ហេតុផលនេះ យើងបានខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្រិតយោធាតាមរយៈការហ្វឹកហ្វឺនសុច្ឆន្ទៈ (goodwill training) ជាមួយកងទ័ពនៃប្រទេសនីមួយៗ នៅពេលចូលចតបំពេញទស្សនកិច្ច ហើយបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា។
នៅថ្ងៃទី ១៥ ខែមីនា កងនាវាកងស្វ័យការពារជើងទឹកជប៉ុនបានធ្វើការហ្វឹកហ្វឺន បោសសម្អាតមីនដែលជាលំហាត់សុច្ឆន្ទៈជាមួយកងទ័ពជើងទឹកកម្ពុជា ខណៈថ្ងៃទី ១៦ ខែមីនា កងនាវានេះ គ្រោងជួបជាមួយមេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម ដើម្បីពង្រឹងការយល់ដឹងពីគ្នា និងទំនាក់ទំនងទៅវិញទៅមក ផ្អែកលើទំនុកចិត្តជាមួយកងទ័ពជើងទឹកកម្ពុជា។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៥ ខែមីនាថា ការសុំចតនាវាកងស្វ័យការពារជើងទឹកជប៉ុននេះគឺជាទំព័រនៃសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ខណៈជប៉ុនគឺជាតួអង្គស្នូលមួយសំខាន់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
លោកថ្លែងថា៖ «កម្ពុជាក៏ចង់បង្ហាញទៅប្រទេសដទៃទៀតថា កម្ពុជាបើកលទ្ធភាពឱ្យមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងទៀតអាចចុះចតនៅកំពង់ផែរបស់ខ្លួនក្នុងនាមជាប្រទេសល្អជាមួយគ្នា។ អ៊ីចឹងហើយកម្ពុជាមិនមែនស្វាគមន៍តែចិននោះទេ។ អ៊ីចឹង ជប៉ុនជាប្រទេសសេរីមួយក៏ជាឧទាហរណ៍។ កម្ពុជាកំពុងតែធ្វើនយោបាយពិពិធកម្មខាងផ្នែកនយោបាយការបរទេស និងខាងផ្នែកការទូតបែបសេដ្ឋកិច្ច»៕