ភ្នំពេញៈ មកទល់ពេលនេះការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២២ សម្រេចបានចំនួន ៦៣៧ ១៦៥ ហិកតាស្មើនឹង ១៣៧,៨៣% នៃផែនការចំនួន ៤៦២ ២៨០ ហិកតា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី ១០ ខែមីនា ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានពីថ្ងៃទី ១៤ មីនា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់នៅក្នុងរបាយការណ៍នោះថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២២ ការប្រមូលផលស្រូវប្រាំងសម្រេចបានចំនួន ២៥៦ ៧៣១ ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១ ១៤៨ ០៧៥ តោន ជាមួយទិន្នផលគិតជាមធ្យមប្រមាណ ៤,៥ តោន ក្នុង ១ ហិកតា។
ជាមួយគ្នានេះ លោកបានជំរុញដល់អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្តទាំងអស់ចាត់វិធានការតាមគ្រប់រូបភាពដើម្បីជំរុញការងារបង្កបង្កើនផលស្រូវ និងដំណាំកសិកម្មផ្សេងទៀតតាមរយៈការអនុវត្តបច្ចេកទេសកសិកម្មសមស្របឱ្យបានទាំងបរិមាណ និងគុណភាពតាមផែនការកំណត់ ជាពិសេសនៅតំបន់ភូមិសាស្ត្រដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ និងការរក្សាទឹកទុកទៅតាមស្ថានភាពជាក់ស្តែង។
លោកបានបញ្ជាក់ថា៖ «គ្រប់អង្គភាព ជំនាញទាំងអស់ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់គិតគូរទៅលើការចុះអន្តរាគមន៍ទាន់ពេលវេលាក្នុងការស្តារការប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ការរាតត្បាតដោយសមាសភាពចង្រៃ ការកើតជំងឺផ្សេងៗលើដំណាំកសិកម្ម ជំងឺឆ្លងសត្វ និងការត្រៀមលក្ខណៈនៅពេលកសិករទទួលរងនូវផលប៉ះពាល់ផ្សេងៗជាយថាហេតុ»។
ដើម្បីឱ្យការឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះប្រកបដោយប្រសិទ្ធភាព លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជំរុញឱ្យគ្រប់អង្គភាពជំនាញដែលចំណុះឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវត្រៀមទុកជាមុននូវស្រូវពូជ ពូជបន្លែមធ្យោបាយ និងសម្ភារសម្រាប់អន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយជាយថាហេតុ ការទប់ទល់នឹងជំងឺ ឬសត្វល្អិតចង្រៃបំផ្លាញដំណាំផ្សេងៗ ព្រមទាំងបន្តរៀបចំពង្រឹងសហគមន៍កសិកម្មការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាឆ្ពោះទៅរកការធ្វើកសិពាណិជ្ជកម្ម និងការផ្សព្វផ្សាយបច្ចេកទេសនៅតាមបណ្តាខេត្តដែលមានសក្តានុពល។
តាមរយៈរបាយការណ៍ដដែលនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចំណូលពីព្រៃឈើចំនួន ៤៦៣ ៤៨៨ ៤០១ រៀល និងជាង ១៤៩ ២៧២ ដុល្លារ និងចំណូលពីជលផលចំនួន ១២៤ ៧៦៧ ៨៧៥ រៀលស្មើ ៤៤,៧៣ ភាគរយនៃផែនការចំនួន ៣៥៩ ២០០ ០០០ រៀល ប៉ុន្តែបើធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ មានការកើនឡើង ចំនួន ៩៣ ២៣៤ ២៥០ រៀល។
ពាក់ព័ន្ធវិស័យព្រៃឈើ ក្រសួងក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធខិតខំបន្តត្រួតពិនិត្យតាមដាន និងពង្រឹងការគ្រប់គ្រងសកម្មភាពឧស្សាហកម្មឈើ រោងចក្រសិប្បកម្មកែច្នៃ និងអាជីវកម្មឈើឱ្យបានហ្មត់ចត់ព្រមទាំងចាត់វិ-ធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតដើម្បីលុបបំបាត់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមជាមួយគ្នានេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជំរុញដល់អង្គភាពជំនាញ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តបន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ បទប្បញ្ញត្តិ បទបញ្ជា លិខិតបទដ្ឋានគតិយុត្ត ជាពិសេសសេចក្តីជូនដំណឹងលេខ ១៣៤៨ សជណ.ក ចុះថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានជ្រួតជ្រាបទូទាំងប្រទេសព្រមទាំងមានចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ និងបន្តជំរុញការដាំដុះស្តារព្រៃឈើឡើងវិញ ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទនៅតាមស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមថា៖ «យើងត្រូវបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ ដើម្បីឱ្យពួកគាត់ចូលរួមគ្រប់គ្រងថែរក្សាព្រៃឈើ និងតាមដានត្រួតពិនិត្យការអនុវត្ត ផែនការគ្រប់គ្រងព្រៃសហគមន៍ឱ្យបានល្អ ព្រមទាំងបណ្តុះផ្នត់គំនិតបង្កើតមុខរបរថ្មីៗបន្ថែមទៀតដល់ពួកគាត់ ដើម្បីឱ្យពួកគាត់អាចបង្កើនប្រាក់ចំណូលតាមរយៈការធ្វើប្រព័ន្ធកសិរុក្ខកម្ម ការចិញ្ចឹមសត្វ សំដៅកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ជាពិសេសខិតខំ ជំរុញការផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលបំពាក់បំប៉នដល់សហគមន៍មូលដ្ឋានយល់ដឹងពីផលប្រយោជន៍ព្រៃឈើ»។
ស្រដៀងគ្នានេះដែរ លោក រដ្ឋមន្ត្រី ក៏បានជំរុញដល់គ្រប់អង្គភាពជំនាញពិសេសមន្ទីរកសិកម្ម រាជធានីខេត្ត បន្តពង្រឹងកិច្ចសហការជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដោយយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់នូវសេចក្ដីសម្រេច លេខ ១២៨ សសរ ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ បន្តពង្រឹងសមត្ថភាពសហគមន៍នេសាទដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់លើការគ្រប់គ្រងធនធានជលផលក្នុងកន្លែងនេសាទរបស់ខ្លួនដោយអនុវត្តយន្តការ «សហគមន៍នេសាទគ្មានបទល្មើសជលផល»៕